កម្មករ​សំណង់​សព្វថ្ងៃ​ទាមទារ​បណ្ដុះបណ្ដាល​ជំនាញ​ច្បាស់លាស់​ស្រប​ពេល​វិស័យ​សំណង់​រីកចម្រើន​ខ្លាំង

183

ភ្នំពេញ៖ ស្រប​ពេល​វិស័យ​សំណង់​កម្ពុជា​កំពុង​មាន​កា​រីកចម្រើន​ជា​ខ្លាំង​ក្នុងពេល​បច្ចុប្បន្ន វា​ទាមទារ​ជា​ចាំបាច់​នូវ​ការ​ពង្រឹង​ធនធានមនុស្ស​គ្រប់​កម្រិត​ដែល​ធ្វើការ​ក្នុង​វិស័យ​សំណង់ ចាប់​រាប់​ពី​កម្មករ​សំណង់​ដែល​ត្រូវ​ឆ្លងកាត់​ការ​បណ្ដុះបណ្ដាល​ជំនាញ​ច្បាស់លាស់​។​

ក្នុង​ឱកាស​ចុះ​អនុស្សរណៈ​យោគយល់​គ្នា រវាង​វិទ្យាស្ថាន ជាតិ​បណ្ដុះបណ្ដាល​បច្ចេកទេស (NTTI) និង​ក្រុមហ៊ុន SCG ក្នុង​ការ​បណ្ដុះបណ្ដាល​ជាង​សំណង់ ឯកឧត្តម យ៉ុ​ក សុធី នាយក​វិទ្យាស្ថាន​ជាតិ​បណ្ដុះបណ្ដាល​បច្ចេកទេស បាន​បញ្ជាក់​ប្រាប់​ថា វិស័យ​សំណង់​កម្ពុ​ជា​មាន​ការរីក​ចំរើន​ជាខ្លាំង​ក្នុង​ពេល​បច្ចុប្បន្ន​ដែល​ទាមទារ នូវ​ធនធានមនុស្ស​គ្រប់​កម្រិត​ក្នុង​វិស័យ​សំណង់ ចាប់​រាប់​ពី​កម្មករ​សំណង់​ឡើងទៅ​។ ឯកឧត្ដម បន្តថា​ ការ​បើក​វគ្គ​បណ្ដុះបណ្ដាល​នា​ពេលនេះ គឺជា​ឱកាស​ប្រសើរ​បំផុត​បង្កើត​ជំនាញ​ច្បាស់លាស់​ដល់​កម្មករ​សំណង់ ដោយ​ផ្ដល់​ប្រយោជន៍​ផ្ទាល់​ក្នុងការ​បង្កើន​លទ្ធភាព​ការងារ និង​ទទួល​បាន​ប្រាក់​កំរ៉ៃ​កាន់តែ​ប្រសើរ​។​

ក្នុង​ឱកាស​ចុះ​អនុស្សរណៈ​នេះ គឺ​បើក​វគ្គ​បណ្ដុះបណ្ដាល​សម្រាប់ កម្មករ​សំណង់​ទូទៅ​អាច​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ដោយ​មិន​គិតថ្លៃ លើ​មុខជំនាញ​ចំនួន ៤​រួមមាន ការ​បូក​ស៊ីម៉ងត៍ ការ​ប្រក់​ដំបូល ការដំឡើង​ជញ្ជាំង និង​ការ​តំឡើង​ពិ​ដាន ក្នុង​រយៈពេល​៤​ខែ​។ នេះ​ជា​ការ​លើកឡើង​របស់​លោក គិត គឹម​អូន អ្នកគ្រប់គ្រង​ផ្នែក​លក់​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន SCG ប្រចាំ​កម្ពុជា​។​

កាលពី​ថ្មីៗ​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន​ បាន​ប្រកាស​ដែរ​ថា វិស័យ​សំណង់​កម្ពុជា​ក្នុង​រយៈពេល ២​ខែ​ដំបូង​ឆ្នាំ ២០១៩​នេះ មានការ​កើនឡើង​ជាង ៧០០ %​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០១៧​។​

យោង​តាម​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ ២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ២០១៩ នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​កន្លងទៅ បញ្ជាក់ថា​ ការវិនិយោគ​លើ​វិស័យ​សំណង់​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០១៨ មាន​ចំនួន ២៨៦៧ គម្រោង លើ​ផ្ទៃក្រឡា​ដី​ជាង ១១ លាន​ម៉ែត្រការ៉េ ដោ​យក​សរុបទៅ​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ៥​ពាន់​២​រយ​លាន​ដុល្លារ​អាមេរិក​៕​