កាំកុងត្រូល​អំពាវនាវ​សាធារណជន​ចូលរួម​លើកកម្ពស់​សុវត្ថិភាព​ចំណី​ម្ហូបអាហារ​

95

ភ្នំពេញ៖ ដើម្បី​ធានា​ឲ្យ​ចំណី​ម្ហូបអាហារ​មិន​បង្ក​ឲ្យ​មានការ​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់ មន្ត្រី​ជាន់ខ្ពស់​កាំកុងត្រូល​និង​អាជីវករ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ចូលរួម​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការលក់ដូរ​ប្រចាំថ្ងៃ ក៏ដូចជា​ទប់ស្កាត់​គ្រោះ​ផ្នែក​សុខភាព​សុវត្ថិភាព និង​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​អ្នកប្រើប្រាស់ និង​ហូបចុក​កាន់តែ​ល្អ​ប្រសើរ​។​

​​នៅ​ក្រោយ​បញ្ចប់​កម្មវិធី​ផ្សព្វផ្សាយ ស្តីពី​សុវត្ថិភាព​អាហារ​និង​ការពារ​អ្នកប្រើប្រាស់ កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៩ ឯកឧត្តម គឹម មាស​សុខ​សីហា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម បាន​មាន​ប្រសាសន៍ប្រាប់​ក្រុម​អ្នក​សារ​ព័ត​មាន​ថា បញ្ហា​សុវត្ថិភាព​ម្ហូបអាហារ​និង​បញ្ហា​ផលិតផល​សុទ្ធតែ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ស្ថានភាព​នៃ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ជាន់ថ្នាក់​ទាំងអស់ ពោល​មិនមែន​តែ​សមត្ថកិច្ច​ទេ ដែល​ជា​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ឬក៏​អ្នករកស៊ី​លក់ដូរ​របស់​អាជីវក​រ អ្នកវិនិយោគ​កម្ពុជា ពលរដ្ឋ​ទូទៅ​ទាំងអស់​គឺ​សុទ្ធ​តែមាន​ជាប់​ពាក់ព័ន្ធ​ជា​មួយនឹង​បញ្ហា​ម្ហូប​អាហារ ក៏ដូចជា​ផលិតផល​ប្រើប្រាស់​ផ្សេងៗ​ក្រៅពី​ម្ហូបអាហារ​ផងដែរ​។​

​​ស្របគ្នា​នេះ អាជីវ​ករ​លក់​គ្រឿងទេស​ក្នុង​ផ្សា​របឹង​កេងកង ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ លោក សេង គឹម​សុខ បាន​ស្នើ​អ្នកលក់ដូរ​ដូចគ្នា​ទាំងអស់ ត្រូវ​សហការ​និង​ចូលរួម​ឲ្យ​បាន​ម៉ត់ចត់​លើ​ការងារ​នេះ​ដើម្បី​ជំរុញ​ឲ្យ​ចំណី​ម្ហូបអាហារ​កាន់តែ​មាន​សុវត្ថិភាព​និង​មាន​ទំនុក​ចិត្ត​ពេល​បរិភោគ​។​

​​ពាក់ព័ន្ធ​នឹង​វគ្គ​ផ្សព្វផ្សាយ​ខាងលើ​នា​ថ្ងៃនេះ អាជីវក វង សា​ទុំ បាន​សម្ដែង​ការ​គាំទ្រ និង​ស្នើ​ដល់​មន្ត្រី​រដ្ឋាភិបាល ជាពិសេស​កាំកុងត្រូល​ថា សុំ​ឲ្យ​មាន​រៀបចំ​កម្មវិធី​ដូចនេះ​ត​ទៅ​មុខ​ទៀត​ដើម្បី​ឲ្យ​អាជីវករ​ដទៃ​ផ្សេងទៀត​មានការ​យល់ដឹង​កាន់តែ​ទូលំទូលាយ​។​

​​ដោយឡែក ឯកឧត្តម នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ បាន​បង្ហាញ​ពី​កង្វល់​ថា បញ្ហា​សុវត្ថិភាព​ម្ហូបអាហារ​នេះ មិនមែន​មានតែ​ប្រទេស​កម្ពុជា​ទេ សូម្បីតែ​ប្រទេស​ជឿនលឿន​ដែលមាន​បច្ចេកវិទ្យា​ខ្ពស់ និង​មន្ទីរ​ពិសោធន៍​រីកចម្រើន​ខ្លាំង ក៏​នៅ​តែមាន​ជួប​បញ្ហា​ប្រឈម​ដូចគ្នា​ផងដែរ​។​

គិត​ក្នុង​ឆ្នាំ​២០១៨​កន្លងទៅ អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម​ធ្វើការ​បង្ក្រាប​ម្ហូបអាហារ​មិន​សមស្រប សរុប​ចំនួន​ជាង ៩​ម៉ឺន ៤​ពាន់​គីឡូក្រាម​៕​