អាជ្ញាធរ​ហ្វីលីពីន​ស្វែង​រក​អ្នក​នៅ​មាន​ជីវិត​ និង​ទាញ​សាក​សព​ជា​ច្រើន​ចេញ​ពី​បំណាក់​ដី​ ក្រោយ​ព្យុះ​ទី​ហ្វុ​ង​ម៉ាង​ឃុ​ត​សម្លាប់​មនុស្ស ​៦៤​នាក់

317

​ហ្វីលីពីន៖ ក្ដី​សង្ឃឹម​នៃ​ការ​រក​ឃើញ​អ្នក​នៅ​មាន​ជីវិត​ នៅ​តាម​កម្ទេចកំទីនៃ​បំណាក់​ដី​ដ៏​ធំ​ ក្នុង​ប្រទេស​ហ្វីលីពីន​កាន់តែ​រសាត់​ឆ្ងាយ​ទៅ ខណៈ​ក្រុម​អ្នក​សង្គ្រោះ​នៅ​ក្នុង​តំបន់​ភ្នំ​ដាច់ស្រយាល​ បាន​រក​ឃើញសាកសព​ចំនួន ​១២​នាក់កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ ២​ថ្ងៃ បន្ទាប់ពី​ព្យុះ​ទី​ហ្វុ​ង​ដ៏​មាន​ឥទ្ធិពល​ម៉ាង​ឃុ​ត ​បាន​វាយប្រហារ​ទៅលើ​ប្រទេស​នេះ។

​ក្រុម​អាជ្ញាធរ​បាន​កំពុង​ប្រឹងប្រែង​ទៅ​ឲ្យ​ដល់​កន្លែង ​ដែល​មនុស្ស​ ៥៥​នាក់​ដែល​បាន​ជាប់​ និង​ត្រូវ​គេ​បារម្ភ​ថា​បាន​បាត់បង់​ជីវិត​ក្នុង​ភូមិយ៉ូ​ខាប (Ucab) ក្នុង​ទីក្រុង​អ៊ី​តូ​ហ្គ​ន។ មាន​មនុស្ស​តែ​ ៣​នាក់ប៉ុណ្ណោះត្រូវ​បាន​សង្គ្រោះ ទាំង​នៅ​មាន​ជីវិត​ពី​កម្ទេចកំទី​ផ្សេងៗ​។ ក្រុម​អ្នក​សង្គ្រោះភាគច្រើន​ បាន​បំពាក់​ឧបករណ៍​ប្រើ​ដោយ​ដៃ និង​ប្រើ​ដៃទទេ​ក៏​មាន ដើម្បី​ជីក​កកាយគំនរ​សំណល់​នៃ​លំនៅឋាន, បំណែក​បេតុង និង​កំណាត់​ឈើនៅ​ក្នុង​ប្រតិបត្តិ​ការស្វែង​រក​នោះ។​ យោង​តាម​ក្រសួង​រ៉ែនៃ​ប្រទេស​ហ្វីលីពីន ភាគច្រើន​នៃ​អ្នក​បាត់​ខ្លួន ​ឬបាត់បង់​ជីវិតគឺ​នៅ​ក្នុងផ្ទះសំណាក់ ​ដែល​គេ​បោះ​បង់​ចោលនៅ​ក្បែរ​ព្រះវិហារ​មួយ ដែល​ត្រូវ​បាន​គ្រប​សង្កត់​ដោយ​បំណាក់​ដី។ ផ្ទះសំណាក់​ដែល​គេ​បោះ​បង់​ចោល​នោះ នៅ​ជិត​ទីតាំង​អណ្ដូងរ៉ែមួយ​ដែល​ដំណើរការ​ អាជីវកម្ម​ដោយ​ខុសច្បាប់​។

​ភូមិ​យ៉ូ​ខាបត្រូវ​បាន​វាយប្រហារ​ ដោយ​បំណាក់​ដី​មួយ​ក្នុងចំណោម​បំណាក់​ដី​ ៥០​កន្លែងបណ្ដាលមកពី​ភ្លៀង​ធ្លាក់​ខ្លាំង នាំមក​ដោយ​ព្យុះ​ទី​ហ្វុ​ងម៉ាង​ឃុ​ត ដែល​បាន​បង្ក​ការខូចខាត​ពេញ​តំបន់​ជ្រោយ ​នៃ​ប្រទេស​ហ្វីលីពីន​ភាគ​ខាងជើងកាលពី​ព្រឹក​ថ្ងៃ​សៅរ៍ និង​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ​៦៤​នាក់​។ ចំណែក​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ផាម​ផាន​កា កំពុង​តែលតោល​ក្រោយ​ការវាយប្រហារ​ដោយ​ព្យុះ​ទី​ហ្វុ​ង​ម៉ាង​ឃុ​ត ដែល​ជា​ព្យុះ​ទី​ហ្វុ​ង​មាន​កម្លាំង​ខ្លាំងក្លា​បំផុត​នៅ​ឆ្នាំនេះ​ ជាមួយ​នឹង​កម្លាំង​ខ្យល់​ជាង 200 kph ដែល​បាន​បោកបក់​ទៅដល់​ដីគោក នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ភាគ​ខាងជើង​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍។ រីឯ​លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បាន​បញ្ជាក់​ពី​ការ​អំពាវនាវ​ជាថ្មីរបស់​លោកកាលពី​ថ្ងៃ​ច័ន្ទ​ ឲ្យ​បិទ​គ្រប់​ទីតាំង​ជីក​រ៉ែ​ទាំងអស់​ទូទាំង​ប្រទេស ក្រោយ​បំណាក់​ដីដ៏អាក្រក់ប៉ុន្មាន​ម៉ោង បន្ទាប់ពីរដ្ឋមន្ត្រី​របស់​លោកបាន​ផ្អាក​ទីតាំង​ជីក​រ៉ែ ខ្នាត​តូច​ទាំងអស់​នៅ​ក្នុង​តំបន់​ភ្នំដែល​សំបូរ​ដោយ​រ៉ែ​មាស៕
អត្ថបទ៖ សុខ​មាន