សណ្ដាប់ធ្នាប់​ចិញ្ចើម​ផ្លូវ​នៅមុខ​ផ្សា​ដេប៉ូ​មាន​ភាព​ល្អប្រសើរ បានតែ​មួយ​ពេល​ក្រោយ គណៈកម្មការ​ផ្សារ​ចុះ​រៀបចំ​

185

ភ្នំពេញ​៖ លោក សេង សារ៉ន ប្រធាន​គណៈកម្មការ​ផ្សារ​ដេប៉ូ អសមត្ថភាព ក្នុង​ការ​ដោះស្រាយ​បញ្ហា​សណ្ដាប់ធ្នាប់​លើ​ចិញ្ចើម​ផ្លូវ​មុខ​ផ្សារ​ដេប៉ូ​ចាប់ពី​កន្លែង​ភ្លើងស្តុប​ទៅដល់​កែង​ផ្លូវ​លេខ​១៥៦ តាម​បណ្ដោយ​មហាវិថី​ហ្សា​វ៉ា​ហារ​ឡា​ល​នេ​ហ៍​រុ (​ផ្លូវ​លេខ​២១៥) ដែល​អាជីវក បាន​ចត​រថយន្ត​និង​ផ្ញើ​ម៉ូតូ​លើ​ផ្លូវ​លើស​ពី​១​ភាគ​៣ នៃ​​ចិញ្ចើម​ផ្លូវ មាន​ភាពល្អប្រសើ បានតែ​១​សប្ដាហ៍​បន្ទាប់ពី​ប្រធាន​គណៈកម្មការ​ផ្សារ​បាន​ដឹកនាំ​កំលាំង​សន្តិសុខ​ចុះ​គូស​គំនូស​ទុក​១​ភាគ​៣​នៃ​ចិញ្ចើម​ផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង​និង​ជនពិការ​ធ្វើដំណើរ តែ​ពេលនេះ ក្រុម​អាជីវ​បាន​យក​ចិញ្ចើម​ផ្លូវ​ប្រកប​អាជីវកម្ម​ដូច​មុន​ដដែល ដូច​វែក​ចក​។​

សូម​បញ្ជក់​ផង​ដែរ នាពេល​បច្ចុប្បន្ន អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឱ្យ​អភិបាលខណ្ឌ​ទាំង​១២ ចុះ​ណែនាំ​ក្រុម​អាជីវក​លក់ដូរ​តាម​បណ្ដា​មហាវិថី​តូច​ធំ​​ និង​ផ្លូវ​តូចៗ​មួយចំនួនធំ​ក្នុង​មូលដ្ឋាន​ទាំង​១២​ខណ្ឌ មិនអោយ​រំលោភ​លើ​ចិញ្ចើម​ផ្លូវ​លើស​១​ភាគ​៣​ នៃ​ចិញ្ចើម​ផ្លូវ ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ និង​ទុក​ចិញ្ចើម​ផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង ជនពិការ​។

ជាក់ស្ដែង នៅ​តាម​បណ្ដោយ​មហាវិថី​ហ្សា​វ៉ា​ហារ​ឡា​ល​នេ​ហ៍​រុ (​ផ្លូវ​លេខ​២១៥) ចំណុច​មុខ​ផ្សារ​ដេប៉ូ ចន្លោះ​ពី​ស្តុ​ប​ផ្សារ​ដេប៉ូ ដល់​ចំណុច​កែង​ផ្លូវ​លេខ​១៥៦ នៅ​មូលដ្ឋាន​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បងប្អូន​អាជីវក​ដែល​យក​ចិញ្ចើម​ផ្លូវ​ដាក់​កន្លែង​ទទួល​ផ្ញើ​ម៉ូតូ នៅមុខ​ផ្សារ​មិនបាន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី រក្សា​ចិញ្ចើម​ផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង និង​ជនពិការ​ធ្វើដំណើរ ដែល​ហាម​ចត​រថយន្ត ម៉ូតូ​លើ​ផ្លូវ លើសពី​១​ភាគ​៣ ដែល​ផ្ទុយ​ពី​សេចក្ដីណែនាំ​របស់​សាលា​រាជធានី​អនុញ្ញាត ទុក​សម្រាប់​អ្នក​ថ្មើរ​ជើង ជនពិការ​។​

គួរ​បញ្ជាក់​ថា​ ស្ថានភាព​នៅ​ជុំវិញ​ផ្សារ​ដេប៉ូ ជាក់ស្ដែង យើង​សង្កេត​ឃើញថា​ នៅតាម​បណ្ដាល​ផ្លូវ លេខ​២១៥ ផ្ទះ​ប្រជាពលរដ្ឋ​បាន​យក​ចិញ្ចើម​ផ្លូវ ប្រកប​អាជីវកម្ម​ដាក់តាំង​លក់​លើ​ចិញ្ចើម​លើស​ពី​១​ភាគ​៣ នៃ​ចិញ្ចើម​ផ្លូវ សម្រាប់​អ្នក​ថ្មើរជើង និង​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​ផងដែរ​។​

គួរ​រំលឹក​ផងដែរ កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៩​នេះ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តី​ណែនាំ ស្ដីពី ការរៀបចំ​សណ្ដាប់ធ្នាប់​តាម​ដង​ផ្លូវ​និង​ការប្រើប្រាស់​ចិញ្ចើម​ផ្លូវ​សាធារណៈ​ទាំងអស់ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​អោយ​មាន​ប្រសិទ្ធភាព​។

ក្នុង​កិច្ចប្រជុំ ឯកឧត្តម ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា ក្រោយពី​ដាក់​ចេញ​នូវ​សេចក្តីណែនាំ​លេខ 007/17 ស​ណន​ចុះ​ថ្ងៃទី​៨ ខែ​សីហា​ឆ្នាំ​២០១៧ ស្ដីពី ការ​ដោះស្រាយ​ចរាចរ និង​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ដង​ផ្លូវ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ ​ក្នុងនោះ ​ផ្លូវ​សំខាន់​ចំនួន ១១​ខ្សែ ដើម្បី​ធ្វើជា​គំរូ​សម្រាប់​អនុវត្ត​វិធាន​ការរួម​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​កត់សម្គាល់​ឃើញ​ថា មាន​ប្រជាពលរដ្ឋ អ្នកប្រើប្រាស់​ផ្លូវថ្នល់ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បាន​យល់ដឹង​អំពី​ព្រំដែន​នៃ​កម្មសិទ្ធិ​និង​ជា​ប្រយោជន៍​សាធារណៈ​ដោយបាន​កែប្រែ​ទម្លាប់​និង​ឥរិយាបថ​នៃ​ការប្រើប្រាស់​ចិញ្ចើម​ផ្លូវ​សាធារណៈ​ហើយ​បាន​ចូលរួម​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុងការ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ គឺ​បានទទួល​ការគាំទ្រ​ពី​មហាជន​ដ៏​ច្រើន​លើសលប់​៕​