ប្រមុខ​ក្រសួងមហាផ្ទៃ​ នឹង​បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េ​នាពេល​ខាងមុខនេះ​ ដើម្បី​ស្វែងយល់​បន្ថែមទៀត ​លើ​ការគ្រប់គ្រង​ថ្នាក់ក្រោម​ជាតិ

123

ភ្នំពេញ ៖ ​ប្រសិនបើ​គ្មាន​ការប្រែប្រួល​ទេ​ សម្ដេច​ក្រឡាហោម ស ខេង ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ នឹង​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ ​នៅ​សាធារណៈរដ្ឋ​កូរ៉េ ​នាពេល​ខាងមុខនេះ​ ដើម្បី ស្វែងយល់​បន្ថែមទៀត​ អំពី​ការគ្រប់គ្រង​ថ្នាក់ក្រោម​ជាតិ​ និង​ការគ្រប់គ្រង​សន្តិសុខ​ពី​ប្រទេស​កូរ៉េ​។

ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយពី​កិច្ច​ជំនួប​រវាង​សម្តេច​ក្រឡាហោម ស ខេង​ឧបនាយក​រដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ជាមួយ​លោក​ អូ ណាក់​យ៉ុង​ ( Oh Nay-young )​ ឯក អគ្គ រដ្ឋ ទូត នៃ​សាធារណរដ្ឋ​កូរ៉េ​ ប្រចាំ​កម្ពុជា​ នា​ព្រឹក​ថ្ងៃទី​២​ ខែមេសា ឆ្នាំ​២០១៩​នេះ ​នៅ​ទី​ស្តី​ ការ​ក្រសួងមហាផ្ទៃ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ផាត សុ​ផានិត​ ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ ​នៃ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា ​សម្តេច​ក្រឡាហោម ប្រមុខ​ក្រសួងមហាផ្ទៃ​នឹង​ទៅ បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កូរ៉េ នាពេលខាងមុខ​នេះ​តប​តាម​ការ​អញ្ជើញ​របស់រដ្ឋាភិ​បាល​ នៃ​សាធារណៈរដ្ឋ​កូរ៉េ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ បាន​បន្ថែមទៀតថា ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ក្រឡា ​ហោម​នេះ​គឺ​ដើម្បី​រឹតចំណង​មិត្តភាពរ​វា​ង​កម្ពុជា ​និង​ប្រទេស​កូរ៉េខាងត្បូង​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​ផ្នែក​ការ​គ្រប់គ្រង​សន្តិសុខ​ទូទៅ ជាពិសេស​ប្រឆាំង​ភេរវកម្ម​ និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ជាដើម​។​

លោក​ ផាត សុ​ផានិត ​បានបញ្ជាក់​បន្ថែម​ថា​«​ក្នុង​គោលបំណង​របស់​សម្តេច​ក្រឡាហោម​ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េ​នេះ ​គឺ​សម្តេច​ចង់​ស្វែងយល់​បន្ថែមទៀត​ ក្នុងការ​គ្រប់គ្រង​កំណែ​ទម្រ ង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ពី​កូរ៉េ​ធ្វើ​យ៉ាងណា ​បំរើ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព​ថែមទៀត​ និង​ម្យ៉ាងទៀត​ចង់​សិក្សា​ស្វែងយល់​ អំពី​ការងារ​គ្រប់គ្រង​សន្តិសុខ​និង​សណ្តាប់ធ្នាប់​នៅ​ប្រទេស​កូរ៉េ​ជាពិសេស​លើ​ការ​ប្រយុទ្ធប្រឆាំង​ អំពើ​ភេរវកម្ម​. ឧក្រិដ្ឋកម្ម​ឆ្លងដែន​.​ការគ្រប់គ្រង​គ្រោះថ្នាក់​ចរាចរណ៍​. ការប្រយុទ្ធ​ប្រឆាំង​ គ្រឿងញៀន ​និង​ការស្តា​នីតិសម្បទា​គ្រឿងញៀន​ជាដើម​»​

ថ្លែង​នៅក្នុង​កិច្ច​ជំនួប​នោះដែរ​លោក អូ ណាក់​យ៉ុង ( Oh Nay-young )​បាន​លើក​ឡើងថា ​ប្រទេស​កូរ៉េ​រីករាយ​ជានិច្ច​ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​ និង​ការ​ជួយ​ដល់​ប្រទេស​កម្ពុជា​លើ​ការ​ គ្រប់​គ្រង់​ផ្នែក​សន្តិសុខ​ទូទៅ​ និង​ការជួយ​អ្វី​ផ្សេងៗ​ទៀត​។

ជាមួយគ្នា​នោះដែរ​លោក​ឯកអគ្គរដ្ឋទូត ​ក៏បាន​ថ្លែង​អំណរ​អគុណ​ចំពោះ​សម្តេច​ក្រឡាហោម​ ស ខេង​ក៏ដូចជា​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ដែល​បាន​រៀបចំ​សន្តិសុខ​ដ៏​ល្អ​ជូន​ដល់​ប្រធានាធិបតី​កូរ៉េ​ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​កម្ពុជា​កាលពី​ពាក់​កណ្តាល​ខែ​កន្លង​ទៅ​នេះ​ផងដែរ​៕