អនាគត​មិន​ច្បាស់​លាស់​ចំពោះ​ការ​ចរចា​របស់​កូរ៉េខាងជើង​

99

កូរ៉េខាងជើង៖ យោង​តាម​មន្ត្រី​នៅ​ទីក្រុង​ព្យុងយ៉ាង​ មេដឹកនាំ​កូរ៉េខាងជើង​លោក ​គីម​ ជុង​អ៊ុន ​អាច​នឹង​បាត់​បង់​ចំណាប់​អារម្មណ៍​ នៅ​ក្នុង​វិស័យ​ការទូត​ជាមួយ​សហរដ្ឋអាមេរិក​ ដែល​បង្កើត​ឲ្យ​មាន​ភាព​មិន​ច្បាស់​លាស់ ​ជុំវិញ​អនាគត​នៃ​ការ​ចរចា​រវាង​អាមេរិក ​និង​កូរ៉េខាងជើង​។

ប្រសិន​បើ​ភាគី​ទាំង២ ​បន្ត​ធ្វើ​កិច្ច​ចរចា​ជា​ថ្មី​ទៀត ​អ្នក​ការទូត​ទាំង​២ នឹង​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ​គ្នា​ ដែល​បាន​រួម​ចំណែក​ដល់​ការ​បញ្ចប់​កិច្ចចរចា​លើក​ទី​២​ ដោយ​ពុំ​ទទួល​បាន​ជោគជ័យ​រវាង​លោក គីម ជុង​អ៊ុន និង​លោក​​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ នៅ​ក្នុង​ទីក្រុង​ហាណូយ​កាលពី​ថ្ងៃ​ទី​២៨​ ខែ​កុម្ភៈ​។​ លោក ត្រាំ និង​លោក​ គីម បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ក្នុង​ការ​បន្ត​ផ្នែក​ការទូត​ បន្ទាប់ពី​កិច្ចប្រជុំ​នៅ​ហាណូយ​ ប៉ុន្តែ​លោកស្រី​ ចូ ស៊ុន​ហេ អនុរដ្ឋមន្ត្រី​ការបរទេស​របស់​កូរ៉េខាងជើង​ បាន​និយាយ​កាលពី​ថ្ងៃ​ទី​១៥ ខែ​មីនា​ថា​ ទីក្រុង​ព្យុងយ៉ាង​អាច​បញ្ឈប់​ការ​ចរចា​ ដោយ​សារ​តែ​លោក ​គីម​ អាច​នឹង​បាត់បង់​ឆន្ទៈ​បន្ត​ការ​ចរចា​នោះ​។

លោក​ស្រី​ក៏​បាន​លើក​ឡើង​ផង​ដែរ​ពី​លទ្ធភាព ​នៃ​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​អន្តរទ្វីប ​(ICBM) របស់​កូរ៉េខាង​ជើង​ ដែល​ត្រូវ​បាន​ហាមឃាត់​ដោយ​សេចក្ដី​សម្រេច​ របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ ប្រសិន​បើ​ក្រុង​វ៉ាស៊ីនតោន​មិន​បាន​ផ្ដល់​ការ​តបស្នងដល់​កូរ៉េខាងជើង​វិញ​ នៃ​ការ​ផ្អាក​បាញ់​សាក​ល្បង​នា​ពេល​បច្ចុប្បន្ន ដោយ​មាន​ជំហាន​ទៅ​វិញ​ទៅ​មក​ ដែល​ដោះ​ស្រាយ​កង្វល់​របស់​កូរ៉េខាងជើង​៕

អត្ថបទ៖ សុខ​មាន