​គ​.​ជ​.​ប គ្រោង​ចុះឈ្មោះ​អ្នកបោះឆ្នោត​ថ្មី​ឆ្នាំ ២០១៨ ជិត​៥​សែន​នាក់​នៅ​ទូទាំងប្រទេស​

86

ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប នឹង​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ ២០១៨ ចាប់ពី​ថ្ងៃទី ១ ដល់​ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៨ នៅតាម​សាលាឃុំ​សង្កាត់ និង​នៅតាម​ភូមិ​មួយចំនួន​ក្នុង​ឃុំ សង្កាត់​នៅ​ទូទាំងប្រទេស ដោយ​ក្នុង​គ​.​ជ​.​ប គ្រោង​នឹង​ចុះឈ្មោះ​អ្នកបោះឆ្នោត​ថ្មី ចំនួន​ជិត ៥ សែន​នាក់​នៅ​ទូទាំងប្រទេស​។​

ក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ស្តីពី ការពិនិត្យ និងរ​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ ២០១៨ នៅ​ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៨ នេះ ឯកឧត្តម សោម សូ​រី​ដា អគ្គលេខាធិការរង គ​.​ជ​.​ប បាន​ថ្លែងថា ការពិនិត្យ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ ២០១៨ នេះ មាន​គោលដៅ​ធានា​អោយប្រើ​ប្រាស់​បញ្ជី​បោះឆ្នោត​មាន​ភាព​ពេញលេញ ភាពត្រឹមត្រូវ និង​មាន​បច្ចុប្បន្នភាព ប្រកបដោយ​សុវត្ថិភាព តាមរយៈ ការ​ស្រង និង លុបឈ្មោះ​អ្នកបោះឆ្នោត​អនុលោម​តាមច្បាប់​ស្តីពី​ការបោះឆ្នោត​។​

ឯកឧត្តម បញ្ជាក់ទៀតថា គ​.​ជ​.​ប គ្រោង​នឹង​ចុះឈ្មោះ​អ្នកបោះឆ្នោត​ថ្មី ចំនួន​ជិត ៥ សែន​នាក់​នៅ​ទូទាំងប្រទេស គឺ​ក្នុងនោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​សិទ្ធិ​បោះឆ្នោត ហើយ​មិនទាន់បាន​ចុះឈ្មោះ​បោះឆ្នោត ពីមុនមក ក្នុងនោះ​ប្រជាពលរដ្ឋ​ដែល​ទើប​គ្រប់​អាយុ ១៨ ឆ្នាំ និង ប្រជាពលរដ្ឋ​ដែល​បាន​ផ្លាស់​លំនៅឋាន ឬ​ទី​សំណាក់​ចូលក្នុង​ឃុំ សង្កាត់​ថ្មី​ជាដើម​។​ប្រជាពលរដ្ឋ​ទាំង ៣ ប្រភេទ នេះ ត្រូវ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​នៅតាម​ឃុំ សង្កាត់ ដែល​សា​ម៉ី​ខ្លួន​កំពុង​រស់នៅ ឬ​ស្នាក់អាស្រ័យ​។​

ឯកឧត្តម បន្ថែមថា ការ​ស្រង់ និង​លុបឈ្មោះ​អ្នកបោះឆ្នោត​មាន​ចំនួន​៩ ម៉ឺន ៥ ពាន់​នាក់​ជាង ហើយ​ការ​លប់​ចេញពី​បញ្ជី​នេះ ដោយ​ផ្អែកទៅលើ​ស្ថានភាព ៣ រួមមាន អ្នក​ដែល​ទទួលមរណភាព អ្នក​ដែល​ត្រូវ​ដកសិទ្ធិ​បោះឆ្នោត​ជា​បណ្តោះអាសន្ន និង​អ្នក​ដែល​បាន​ផ្លាស់​លំនៅដ្ឋាន ឬ​ទី​សំណាក់​ចេញទៅ​ឃុំ សង្កាត់ ផ្សេង​ដោយមាន​ឯកសារ​ជា​សំអាង ត្រឹមត្រូវ និង​ច្បាស់លាស​ដើម្បី​លប់​ចេញពី​បញ្ជី​បោះឆ្នោត​។

ឯកឧត្តម ស៊ិ​ក ប៊ុន​ហុក ប្រធាន គ​.​ជ​.​ប បានអោយដឹងថា តួនាទី​របស់ គ​.​ជ​.​ប ធ្វើយ៉ាងណា ត្រូវ​ធានា អោយបាន​នូវ​អ្នក​ដែលមាន​ឈ្មោះ​បោះឆ្នោត​នៅក្នុង​បញ្ជី​ជាដាច់ខាត ទោះ​ទៅ​បោះឆ្នោត ឬ​មិន​ទៅ​បោះឆ្នោត​នោះ​គឺជា​សិទ្ធិ​របស់​ពលរដ្ឋ ដែល​បាន​សម្តែង​ឆន្ទៈ​ក្នុង​ការគាំទ្រ​គណបក្ស​ដែល​ខ្លួន​ពេញចិត្ត​៕