ផ្សារ​គីឡូ​៤​ ​បិទ​ផ្លូវ​​លក់ដូរ ​​ខណៈ​អាជ្ញាធរ​ខណ្ឌទួលគោក​ មិន​យកចិត្តទុកដាក់​ពី​ការរៀបចំ​សណ្តាប់ធ្នាប់​​ តាម​ដងផ្លូវ ​របស់​សាលា​ធានី​ភ្នំពេញ​

260

ភ្នំពេញ ​៖ អាជ្ញាធរ​ខណ្ឌទួលគោក ដែលមាន​លោក ឯក ឃុន​ឌឿ​ន ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌទួលគោក មិន​យកចិត្តទុកដាក់​ពី​សេចក្ដីណែនាំ​ស្តីពី ​ការរៀបចំ​សណ្តាប់​ធ្នាប់​តាម​ដងផ្លូវ​ និង​ការប្រើប្រាស់​ចិញ្ចើម​ផ្លូវ​សាធារណៈ​ទាំងអស់ ​ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​​នោះ​ឡើយ​។

ជាក់ស្ដែង​ នៅតាម​បណ្ដោយ​ផ្លូវ​លេខ​១៣៨​ មួយ​កំណត់​ចាប់ពី​ផ្លូវ​លេខ​២៥៣​ ដល់​ផ្លូវ​លេខ​២៥៧ (​ផ្សារលើ​ផ្លូវ ហៅថា​ផ្សារ​គីឡូ​៤) ​នៅ​មូលដ្ឋាន​សង្កាត់​ទឹកល្អក់​ទី​២ ​ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ ក្រុមអាជីវក បានដាក់​តាំង​លក់​ម្ហូប​ត្រី​សាច់ ​ផ្លែឈើ ​ស្បែកជើង ​សំលៀកបំពាក់ ​មួក​សុវត្ថិភាព -​ល​-​។​លើផ្លូវ​បិទ​ការ​ធ្វើ​ចរាចរណ៍​ដោយ​រថយន្ត​តែម្ដង​មិនមែន​ ១​ភាគ​៣​នៃ​ចិញ្ចើម​ផ្លូវ​ដូច​សេចក្ដីណែនាំ​របស់​សាលា​រាជធានី​ អនុញ្ញាត​នោះ​ឡើយ​។

សូមបញ្ជាក់​ផងដែរ​ពាក់ព័ន្ធ​បញ្ហា​នេះ​ ស្ថិតនៅ​ចំណុច ទី​៣ វិធានការ​នៃ​ការ​អនុវត្តន៍ កថាខណ្ឌ​(​ឃ​) ចំពោះ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខណ្ឌ​ទាំង​១២​ត្រូវ​អនុវត្តន៍​ ក្នុង​ឃ្លា​ទី​៧ ​នៃ​សេចក្ដីណែនាំ​ស្តីពី ការរៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ ​ និង​ការប្រើប្រាស់​ចិញ្ចើមផ្លូវ​សាធារណៈ​ទាំងអស់​ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ លេខ​០១៣/១៨ ​ស​ណន​ចុះ​ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ​២០១៨​។

សូមរម្លឹកថា ​កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៩​នេះ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​ ស្ដីពី ការរៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​និង​ការប្រើ​ប្រាស់​ចិញ្ចើមផ្លូវ​សាធារណៈ​ទាំងអស់​ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​អោយ​មាន​ប្រសិទ្ធភាព​។​ ក្នុង​កិច្ចប្រជុំ ឯកឧត្តម ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា ​ក្រោយពី​ដាក់​ចេញ​នូវ​សេចក្តី​ណែនាំ​លេខ 007/17 ស​ណន​ ចុះ​ថ្ងៃទី​៨ ខែសីហា​ឆ្នាំ​២០១៧ ស្ដីពី ការ​ដោះស្រាយ​ចរាចរ និង​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​នោះ​ផ្លូវ ​សំខាន់​ចំនួន ១១​ខ្សែ ដើម្បី​ធ្វើជា​គំរូ​សម្រាប់​អនុវត្ត​វិធាន​ការ​រួម​។ រដ្ឋបាល​រាជធានី​ភ្នំពេញ​កត់សម្គាល់​ឃើញថា​ មាន​ប្រជាពលរដ្ឋ អ្នកប្រើប្រាស់​ផ្លូវថ្នល់ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បាន​យល់ដឹង​អំពី​ព្រំដែន​នៃ​កម្មសិទ្ធិ​ និង​ជា​ប្រយោជន៍​សាធារណៈ​ដោយ​បាន​កែប្រែ​ទម្លាប់​និង​ឥរិយា បទ​នៃ​ការប្រើប្រាស់​ចិញ្ចើម​ផ្លូវ​សាធារណៈ ហើយ​បាន​ចូលរួម​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​ការ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ ​គឺ​បាន​ទ​ទួល​ការគាំទ្រ​ពី​មហាជន​ដ៏​ច្រើន​លើសលប់​៕