លោក ត្រាំ ស្វាគមន៍​ប្រមុខ​​អង្គការ​ណាតូ​ចំ​ពេល​​​មាន​ភាព​តាន​តឹង​សាកល​កើន​ឡើង​

128

អាមេរិក៖ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ បាន​ជួប​ជាមួយ​អគ្គលេខាធិការ​អង្គការ​​ណាតូ​លោក ចេន ស្តូថេនប៊ឺក ខណៈ​ដែល​​ភាព​តាន​តឹង​​ត្រូវ​បាន​សាក​ល្បង​​ឃើញ​ នៅ​ក្នុង​​សម្ព័ន្ធ​មិត្ត​លោក​ខាង​លិច​។

កិច្ច​ប្រជុំ​​នៅ​សេតវិមាន​​កាល​ពី​ថ្ងៃ​អង្គារ បាន​ធ្វើ​ឡើង​មុនពេល​ការ​ជួប​ប្រជុំ​​គ្នា ​នៃ​រដ្ឋ​មន្ត្រី​ការបរទេស​អង្គការ​ណាតូ ដែល​ធ្វើ​ការ​​ប្រារព្ធ​ខួប​លើក​ទី៧០ របស់​អង្គការ​នេះ។ លោក ត្រាំ និង​អង្គការ​ណាតូ​​បាន​មាន​ទំនាក់ទំនង​ប្រេះ​ស្រាំ​ជាមួយ​គ្នា។ លោក​ប្រធានាធិបតី​​បាន​អនុវត្ត​គោល​នយោបាយ​គិត​អាមេរិក​​ជា​ធំ និង​បាន​ស្នើ​ថា លោក​អាច​នឹង​មាន​​បំណង​ដក​អាមេរិក​​ចេញ​ពី​អង្គការ​​ណា​តូ ប្រសិន​បើ​​ប្រទេស​ជា​សមាជិក​នានា​​ មិន​បង្កើន​ការ​ចំណាយ​​ផ្នែក​ការពារ​​ជាតិ​​របស់​ពួក​គេ​ទេ​នោះ។ ​មេដឹកនាំ​​ទាំង​២ បាន​លើក​ឡើង​អំពី​ការ​បែង​ចែក​​បន្ទុក​ហិរញ្ញវត្ថុ ​នៅ​ក្នុង​ឱកាស​​ថត​រូប​រួម​គ្នា​​នៅ​ការិយាល័យ​ប្រធានាធិបតី​​ ក្នុង​សេតវិមាន​​នៅ​ចំពោះ​មុខ​អ្នក​ព័ត៌មាន​។ ​បំណង​ប្រាថ្នា​​របស់​លោក ត្រាំ ក្នុង​ការ​ស្តារ​ទំនាក់ទំនង​កាន់​តែ​ប្រសើរ​ឡើង​​​ជាមួយ​រុស្ស៊ី ក៏​បាន​ធ្វើ​ឲ្យ​មាន​​ការ​ភ្ញាក់​ផ្អើល​​ដល់​ប្រជាជាតិ​នានា ​​ដែល​មើល​ទៅ​​ក្រុង​មូស្គូ​​ថាជា​ការ​គំរាម​កំហែង​នោះ៕

អត្ថបទ៖ រិទ្ធី