សម្ដេច​តេ​ជោ​​ជំរុញ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​កីឡា​នៅ​មូលដ្ឋាន​ និង​រក្សា​ទុក​ដី​ធ្លី​ទាំង​ឡាយ​បង្កើត​ទី​កន្លែង​សម្រាប់​លេង​កីឡា​

141

បាល់ទាត់៖ ក្នុង​ពិធី​ជួបជុំ​មហា​គ្រួសារ​កីឡា​លើក​ទី​៤​ នៅ​កោះ​ពេជ្រ​ម្សិលមិញ​ សម្ដេច​អគ្គមហា​សេនាបតី​តេ​ជោ​ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​ថ្លែង​ជំ​រុញ​ឲ្យ​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​នៅ​តាម​មូលដ្ឋាន ក៏ដូចជា​អាជ្ញា​នៅ​តាម​មូលដ្ឋាន​ជួយ​ជំរុញ​សកម្មភាព​កីឡា​នៅ​តាម​មូលដ្ឋាន ​និង​សាលារៀន​។​ សម្ដេច​តេ​ជោ​ក៏បាន​ស្នើ​ដោយ​ទទូច​ឲ្យ​គ្រប់​មូលដ្ឋាន​ និង​សាលា​ទាំង​អស់​ត្រូវ​រក្សា ​និង​លៃ​ដី​ទុក​បង្កើត​កន្លែង​លេង​កីឡា​សម្រាប់​កុមារ​ និង​យុវជន​។​

គួរ​បញ្ជាក់​ថា កម្មវិធី​ទទួលទាន​អាហារ​សាមគ្គី ជាមួយ​មហា​គ្រួសារ​កីឡា​កម្ពុជា​នេះបាន​ធ្វើ​ឡើង ក្រោម​ការ​ចង្អុល​បង្ហាញ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់ ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ទាំង​ទ្វេរ​ និង​ផ្ដល់​នូវ​ភាព​កក់ក្ដៅដើម្បី​លើក​ទឹក​ចិត្ត ក៏ដូចជា​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​កីឡា​ជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត ក្នុង​គោលដៅ​ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ​ការ​ប្រកួត​ស៊ី​ហ្គេម​នា​ឆ្នាំ​២០២៣៕