ឯកឧត្ដម វង សូត ជួប​សំណេះ​សំណាល​ជាមួយ​អត្ត​ព​លិ​ក​ជន​ពិការ​មុន​ចេញ​ទៅ​ឥណ្ឌូណេស៊ី​

139

ប៉ារ៉ាឡាំពិក៖ ​ដើម្បី​លើកទឹកចិត្ត និង​ផ្ដាំផ្ញើដល់​កីឡាករ-កីឡា​ការិនី​ជម្រើស​ជាតិ​ជនពិការ មុន​ចេញទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អាស៊ី​ប៉ា​រ៉ា​ហ្គេម​នៅ​​ឥណ្ឌូណេស៊ី ឯកឧត្ដម វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន​ និង​យុវនីតិសម្បទា និង​ជា​អនុប្រធាន​គណៈកម្មាធិកា​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា បាន​អនុញ្ញាត​ឲ្យអត្ត​ព​លិ​ក​ជន​ពិការ​ចូល​ជួប​សំណេះសំណាល កាលពី​ម្សិលមិញ​នេះនៅ​ឯទីស្ដីការ​ក្រសួង​តែ​ម្តង​។

​ក្នុង​ឧកាស​នោះ​ដែរ ឯកឧត្ដម វង់ សូត្រ បាន​លើក​ឡើង​ថា វិស័យ​កីឡា​នៅ​កម្ពុជាត្រូវ​បាន​រាជ​រដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់សម្ដេច​តេ​ជោ ហ៊ុន សែន បាននឹង​កំពុងយកចិត្តទុកដាក់ និង​លើ​កម្ពស់​យ៉ាង​ខ្លាំង រហូត​ធ្វើ​ឲ្យ​វិស័យ​កីឡា​នៅ​កម្ពុជារីកចម្រើន​គួរ​កត់​សម្គាល់ ហើយ​បាន​នាំ​យក​មេដាយ​ធំ​ៗ​ជាច្រើន ពី​ការប្រកួត​កម្រិត​អាស៊ីអាគ្នេយ៍ និង​ពិភពលោកមក​ជូន​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​នោះ​ក៏​មាន​វិស័យ​កីឡា​ជន​ពិការ​ផង​ដែរ​។ ការ​យក​ចិត្ត​ទុក​ដាក់ និង​ទទួលខុសត្រូវ​ខ្ពស់​ពី​ស​ម្តេច​តេ​ជោ ហ៊ុន សែន នេះ​ហើយបាន​លើកទឹកចិត្ត​ដល់​អត្ត​ព​លិ​ក គ្រូ​បង្វឹក​គ្រប់​ប្រភេទ​កីឡាខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ និង​ជំរុញ​ការ​ហ្វឹកហាត់​រហូត​ទទួល​បាន​ជោគជ័យ​។ ក្រោយ​ចប់​កម្ម​ពិធី ឯកឧត្ដម យី វាសនា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជាបាន​ឲ្យ​ដឹង​ថា ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជាបញ្ជូន​អត្ត​ព​លិ​ក​ទៅ​ចូលរួម​ ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ប៉ា​រ៉ា​ហ្គេមលើក​ទី​៣ នៅ​ប្រទេស​ឥណ្ឌូណេស៊ី ដំណើរការ​ប្រកួត​ផ្លូវការចាប់ពី​ថ្ងៃ​ទី​១ ខែ​តុលាបញ្ចប់​នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០១៨ ខណៈ​ដែរ​កម្ពុជាមាន​កីឡាករ-កីឡា​ការិនី​ចំនួន ​២៩​រូបបូក​រួម​ទាំង​ប្រតិភូ និង​គ្រូ​បង្វឹក​សរុប ​៤៥​នាក់ ក្នុង​នោះ​មាន​ប្រភេទ​កីឡា​ចំនួន​៦ ដូចជាកីឡាអត្តពលកម្ម​, ហែល​ទឹក​, បាល់បោះ​ជិះ​រទេះ​នារី​, បាញ់​ធ្នូ​, វាយ​កូនឃ្លី​លើ​តុ និង​កីឡា​ធែន​ពី​ន​ប៊ូ​លីង​។

​ឯកឧត្ដម​បន្ត​ទៀត​ថា បច្ចុប្បន្ន​អត្ត​ព​លិ​ក​ទាំង ​៦​ប្រភេទ​កីឡា​ដែល​ត្រៀម​ចូលរួម​នេះ កំពុងតែ​ហ្វឹកហាត់​យ៉ាង​ខ្លាំង​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក មជ្ឈមណ្ឌល​ជាតិនៃ​ជន​ពិការ​តេ​ជោ​សែន និង​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ទី​២​។ សម្រាប់​ការ​ហ្វឹក​ហាត់ និង​សំលៀកបំពាក់ សំបុត្រ​យន្តហោះ គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​កទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​។ សូម​បញ្ជាក់​ថា ដើម្បី​រួម​ចំណែក​លើកទឹកចិត្ត​ដល់​អត្ត​ព​លិ​ក​ជន​ពិការ ឯកឧត្ដម វង សូត្រ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន​ និង​យុវនីតិសម្បទា បាន​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​អត្ត​ព​លិ​ក​ចំនួន​ ១០​លាន​រៀលសម្រាប់​ត្រៀម​បង្ការ​គ្រោះថ្នាក់​មួយ​ចំនួន ដែល​អាច​កើត​ឡើងជា​ថា​ហេតុពេល​ហ្វឹក​ហាត់ និង​ពេល​ប្រកួត ប៉ុន្តែ​បើ​គ្មាន​អ្វី​កើត​ឡើង​នោះ​ទេ ថវិកា​នេះ​នឹង​ជូន​បងប្អូន​អត្ត​ព​លិ​ក​តាម​ការ​គ្រោង​ទុក​៕