សម្ដេច​តេ​ជោ ហ៊ុន សែន អំពាវ​ឱ្យ​រួមគ្នា​ថែរក្សា​មរតក​ប្រាក់​រៀល

150

ភ្នំពេញ ៖ ​ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អំពាវនាវ​ដល់​ធនាគារ​ជាតិ ​និង​អ្នក​ពាក់ព័ន្ធ រួមគ្នា​ថែរក្សា​នូវ​មរតក​ប្រាក់រៀល ​និង​ប្រមែប្រមូល​នូវ​ប្រវត្តិ​សាវតា ​នានា​ពាក់ព័ន្ធ​រូបិយវត្ថុ​របស់​កម្ពុជា​។

សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពិធី​សម្ពោធ​សារមន្ទីរ​សេដ្ឋ កិច្ច និង​រូបិយវត្ថុ «​ព្រះ​ស្រី​ឦសាន​វរ្ម័ន​» ​ដែលជា​សារមន្ទីរ​បង្ហាញ​អំពី​សាវតា​សេដ្ឋកិច្ច ​និង​រូបិយវត្ថុ របស់​ខ្មែរ តាំងពី​សម័យកាល​ហ្វូណន ​បាន​បញ្ជាក់ថា​ ប្រាក់រៀល ​របស់​កម្ពុជា ​នាពេល​បច្ចុប្បន្ន បាន​មានកំណើត ​ជាថ្មី ​ចាប់ពី​ខែមីនា​ ឆ្នាំ​១៩៨០ ​ដែល​មកដល់ពេលនេះ​ មាន​អាយុ​៣៩​ឆ្នាំ​ហើយ​។ ក្រដាសប្រាក់​ចោល ​ត្រូវបាន​បំផ្លាញ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ​ដែល​កាលនោះ ​ការដោះដូរ​ទំនិញ​របស់​កម្ពុជា ​នៅក្រោយ ​របប​ប៉ុល ពត ដួលរលំ ​គឺ​យក​ទំនិញ ទៅ​ដោះដូរ​នឹង​ទំនិញ​។

សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានឱ្យដឹង​ដឹងថា ​ប៉ុន្តែ​មុន​ពេល​កិច្ច​ព្រមព្រៀង ​សន្តិភាព​ទីក្រុង​ប៉ារីស ​ត្រីភាគី ក៏បាន​ទាមទារ​ឱ្យ​លុបចោល​ប្រាក់​រៀល​ផងដែរ ​ដែល​បញ្ហា​នេះ ត្រូវ​ បាន​ជំទាស់ ​ដោយ​សម្តេច ​បានលើកឡើង​ថា​ វា​ជា​រឿង​សោកស្តាយ​បំផុត​ ដែល​ក្រុម​ត្រីភាគី​ នាពេលនោះ​ បាន​ទាមទារ ​ឱ្យ​លុបចោល​ប្រាក់រៀល​។

បច្ចុប្បន្ន កម្ពុជា អាច​បោះ​ក្រដាសប្រាក់​ដោយ​ខ្លួនឯង​ ជាមួយ​ នឹង​ម៉ាស៊ីន​ទំនើបៗ​។​ ប្រាក់រៀល ជា​ឆ្អឹងខ្នង ​សេដ្ឋកិច្ចជាតិ​ ដ៏​សំខាន់​ផងដែរ​៕