កម្ពុជា​ នឹង​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិតជា​ទ្រង់ទ្រាយ​ធំ​ នៅក្នុង​អំឡុង​ ខែឧសភា​ ខាងមុខនេះ

196

កំពត ៖ ​ប្រសិនបើ​គ្មាន​ការប្រែប្រួល​ទេ​កងទ័ព​កម្ពុជា​ នឹងធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ទ្រង់ទ្រាយ​ធំ ដែល​មាន​ឈ្មោះថា​ «​ហនុមាន​មាស​ឆ្នាំ​២០១៩»​ នា​អំឡុង​ ខែឧសភា ឆ្នាំ​២០១៩​ ខាងមុខនេះ​ ​​សម យុទ្ធ​នេះ​ នឹង​ប្រើប្រាស់​អាវុធ​ធុន​ធ្ងន់​ BM21 ​និង​ប្រភេទ​អូស​សណ្តោង​រាប់​សិប​គ្រឿង​ផងដែរ​​។

យោង​តាម​មន្ត្រី​យោធា​នៃ​ក្រសួងការពារជាតិ​មួយរូប​​ ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ ​បាន​ថ្លែងប្រាប់​ទូរទស្សន៍​ប៊ី​ធី​វី ​នា​ព្រឹក​ថ្ងៃទី​៨ ​ខែមេសា ឆ្នាំ​២០១៩​នេះ​ថា ​កង​យោធពល​ខេមរភូមិន្ទ​នឹង​ធ្វើ​លំហាត់​សមយុទ្ធ​បាញ់​គ្រាប់​ពិត ​ដែលមាន​ឈ្មោះថា​«​ហនុមាន​មាស​ឆ្នាំ​២០១៩» ​ដែល​នឹង​ប្រព្រឹត្តទៅ​នា​ខែឧសភា ​ខាងមុខនេះ ​ដោយ​ប្រើប្រាស់​អាវុធ​ធុន​ធ្ងន់ ដូចជា BM21 និង​អាវុធ​ធុន​ធ្ងន់​ប្រភេទ​អូស​សណ្តោង​ ជាច្រើន​គ្រឿង​ទៀត​។

ប្រភព​ បាន​ឲ្យ​ដឹង​ទៀតថា​ សមយុទ្ធ​នេះ​ នឹងធ្វើ​ឡើង​នៅ​ទីតាំង​ភូមិ​ត្រពាំងវែង ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គិរី ខេត្តកំពត​ ដោយមាន​កម្លាំង​កងទ័ព​មកពី​កង​យោធពល​ខេមរភូមិន្ទ ​ហើយ​ធ្វើជា​ប្រធាន​គណៈកម្មការ​គឺ​ឧ​ត្ត​ម​សេនីយ៍ ឯក ម៉ៅ សុផាន់ ​មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​កងពលតូច​លេខ​៧០​។

លំហាត់នេះ​ គឺ​បាន​ធ្វើឡើង ជា​រៀងរាល់ឆ្នាំ ​ប៉ុន្តែ​សម្រាប់​ឆ្នាំនេះ​ គឺ​ក្រុមការងារ​បាន​ធ្វើ​ធំ​ជាង​មុន ដោយ​មាន​អាវុធ​ប្រភេទ BM21 រាប់សិប​គ្រឿង ​និង​អាវុធ​អូស​សណ្តោង​រាប់​សិប​គ្រឿង ​គឺ​មាន​ប្រភេទ​១៥២​មី​លី​ម៉ែត្រ​, ១២០​មី​លី​ម៉ែត្រ​, ​និង​១២២D30A​ជាដើម​។

ប្រភព​ដដែល​ បានបញ្ជាក់​ទៀតថា ​ការធ្វើ​សមយុទ្ធ​នេះ​គឺមាន​ គោលបំណង​ចង់​ត្រួតពិនិត្យ​អំពី​សមត្ថភាព​ការ​យល់ដឹង​អំពី​ជំនាញ​របស់​មេបញ្ជាការ​គ្រប់​ថ្នាក់ ​ហើយ​សមត្ថភាព​ការ​យល់ដឹង​ អំពី​កង​យោធពល​ខេមរភូមិន្ទ​យើង គ្រប់​បណ្តាល​អង្គភាព​ក្នុង​កិច្ច​ការងារ ​ការពារ​បូរណភាព​ទឹកដី​និង​ការ​បង្កើន​សមត្ថភាព​ បន្ថែមទៀត​ដល់​កងទ័ព​នៃ​កង​យោធពល​ខេមរភូមិន្ទ ផងដែរ​៕