ពលរដ្ឋ​ស្នាក់លើ​ទួល​សុវត្ថិភាព​មួយ​ចំនួន​បាន​វិល​ទៅផ្ទះ​វិញ​ ខណៈ​ទឹកទន្លេ​ស្រក

78

កំពង់ចាម ​៖ ​ទឹកទន្លេ​មេគង្គ​កំពង់ចាម ​អស់​ពេល​ប្រមាណ​ពីរ​ខែ​មកហើយ​ បាន​បង្ក​ការ​ជន់​លិច​ភូមិ​ស្ថាន​ប្រជា​ពលរដ្ឋ​ នៅក្នុង​ស្រុក​ក្រុង​ស្ទើរ​ទាំងអស់​នៅក្នុង​ខេត្ត​នេះ ​ធ្វើឱ្យប៉ះពាល់​ជីវភាព​រស់នៅ​និង​អាយុជីវិត​មនុស្ស សត្វ និង បំផ្លាញ​ផលដំណាំ​កសិកម្ម​រាប់ពាន់​ហិកតា​ ផងដែរ ​តែ​មកដល់ពេលនេះ ឥទ្ធិពល​ទឹកជំនន់​បាន​ស្រាកស្រាន្ត ​បន្តិច​វិញ​ហើយ​។

ប្រជាពលរដ្ឋ​មួយ​ចំនួនធំ​ក្នុងចំណោម​ជាង​មួយ​ពាន់​គ្រួសារ ​ដែល​បាន​នឹង​កំពុង​ស្នាក់នៅ​បណ្ដោះ អាសន្ន​លើ​ទីទួល​សុវត្ថិភាព ​ចំនួន​១៥​កន្លែង ​ទូទាំង​ខេត្តកំពង់ចាម ​បាន​វិលត្រឡប់​ទៅផ្ទះ​សំបែង​វិញ​ហើយ ​​ខណៈដែល​ទឹកទន្លេ​មេគង្គ​បាន​ស្រក​ចុះ​វិញ​។ ​ការ​ស្រក​ចុះ​ទឹកទន្លេ​នេះ ​ក៏បាន​បន្ធូរបន្ថយ​ការ​រង​គ្រោះ​របស់ ​ប្រជាពលរដ្ឋ​ជិត​ពីរម៉ឺន​គ្រួសារ​ផងដែរ​ ក្នុងចំណោម​ជាង​បី​ម៉ឺន​គ្រួសារ ​ដែល​បាន​នឹង​កំពុង​រងគ្រោះ​ដោយ​ សារ​ទឹកជំនន់​ឆ្នាំនេះ​។

ប្រជាពលរដ្ឋ​ដែល​បាន​វិលត្រឡប់​ទៅផ្ទះ​សំបែង​វិញ ​មានការ​សប្បាយចិត្ត ​ព្រោះថា​ ការរស់នៅ​លើ​ទី ទួល​សុវត្ថិភាព ​មិន​មាន​ភាព​ងាយស្រួល​នោះទេ ​គឺ​ប្រឈម​នឹង​បញ្ហា​ច្រើនយ៉ាង​ ពិសេស ​បញ្ហា​ជីវភាព ​និង សុខភាព​ ខណៈដែល​ប្រជាពលរដ្ឋ​មិនទាន់​អាច​វិលត្រឡប់​ទៅកាន់​ផ្ទះសំបែង​វិញ​នោះ បាន​បន់ស្រន់​សុំឱ្យ ​ទឹក​ឆាប់​ស្រក ​នឹង​អាច​បាន​ត្រឡប់​ទៅផ្ទះ​វិញ​ប្រកប​របរ​រក​ទទួលទាន​ ដើម្បី​ចិញ្ចឹម​ជីវភាព​គ្រួសារ ​ព្រោះ កាលណា​ទឹក​លិច​អូស​បន្លាយពេល​យូរ ​នឹងធ្វើ​ឱ្យ​ពួកគេ​ប្រឈម​ខ្លាំង​នឹង​បញ្ហា​ជីវភាព​។

ក្នុង​គ្រា​រស់​នៅ​លើ​ទីទួល​សុវត្ថិភាព ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងអស់ ត្រូវ​បាន​យកចិត្តទុកដាក់​ជួយ ទំនុកបម្រុង​ពី​សំណាក់​អាជ្ញាធរខេត្ត ​កាកបាទក្រហម ​និង​សប្បុរសជន​នានា ​ដើម្បី​សម្រួលការ​លំបាក​មួយ រយៈ ដែល​បង្កឡើង​ដោយ​គ្រោះធម្មជាតិ​។

របាយការណ៍​គ្រោះមហន្តរាយ​ ខេត្តកំពង់ចាម ​បាន​ឲ្យ​ដឹងថា​ ខេត្តកំពង់ចាម​ ជា​ខេត្ត​មួយ​ ដែល​បាន រងគ្រោះ​ដោយសារ​ទឹកជំនន់​ទន្លេ​មេគង្គ​ធ្ងន់ធ្ងរ ​បណ្ដាល​ឱ្យ​ប៉ះពាល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ជាង​បី​ម៉ឺន ​គ្រួសារ ក្នុងស្រុក​ក្រុង​ចំនួន​៩ ​លើ​១០​ស្រុក​ក្រុង ​បង្ក​គ្រោះថ្នាក់​បាត់បង់​អាយុជីវិត​មនុស្ស​ក្មេង​ចាស់ ចំនួន ២៦​នាក់ ​ស្រែចម្ការ ​និង​ហេ​ដ្ឋា​សាធារណៈ​មួយ​ចំនួន​ផងដែរ​។

មកដល់​ថ្ងៃទី​១៩ ខែកញ្ញា នេះ ទឹកទន្លេ​មេគង្គ​កំពង់ចាម បាន​ស្រក​ចុះមក​នៅ​ត្រឹម​កម្ពស់​១៤​ម៉ែត្រ ៣៦​សង់ទីម៉ែត្រ ក្រោម​កម្រិត​ប្រកាស​អាសន្ន ​តែ​ទោះជា​យ៉ាង​នេះ​ក្ដី​មិនទាន់​មាន​ការរំពឹង​ពី​មន្ត្រី​ឧតុនិយម ថា ទឹកនឹង​មានការ​ប្រែប្រួល​យ៉ាងណា​ទៀត​នោះទេ​ គឺ​អាស្រ័យ​លើ​កត្តា​អាកាសធាតុ​៕