សម្តេច​ ស ខេង ​ដឹង​នាំ​ក្រុមការងារ​រៀបចំ​ពិធី​សូត្រ មន្ត​បង្សុកូល​ និង​រាប់បាត្រ​ព្រះសង្ឃ ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី

99

ភ្នំពេញ ៖ ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ដឹកនាំ មន្ត្រី​រាជការ​ នៃ​ក្រសួងមហាផ្ទៃ​ នា​ព្រឹក​ថ្ងៃ​ពុធ ៦​កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១០​ខែមេសា ​ឆ្នាំ​២០១៩​នេះ បាន​រៀបចំ​ពិធីសូត្រមន្ត ​បង្សុកូល ចម្រើន​ព្រះបរិត្ត រាប់បាត្រ​ ប្រោះព្រំ​លើករាសី​បណ្ដេញ​ឧបទ្រព​ពី​ឆ្នាំ​ចាស់ ​នាំ​សិរី​សួស្ដី​ជូន​ដល់​ថ្នាក់ដឹកនាំ ​និង​មន្ត្រីក្រោមឱវាទ​ក្រសួង​មហាផ្ទៃ​ ក្នុង​ឱកាស​ផ្លាស់​ចូល​ឆ្នាំថ្មី ឆ្នាំកុរ​ ឯកស័ក ពុទ្ធសករាជ ២៥៦៣ គ​.​ស ២០១៩ ។

បន្ទាប់ពី​បញ្ចប់​ពិធី​សូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត ​នៅ​ទី​ស្ដី​ក្រសួងមហាផ្ទៃ​រួចហើយ ​សម្តេច​ក្រឡាហោម ស ខេង​ បាន​បន្ត​ដឹកនាំ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ នៃ​ក្រសួងមហាផ្ទៃ រាប់បាត្រ​ព្រះសង្ឃ​១០១ ​អង្គ នា​ឱកាស​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ​ហើយក៏​មាន​របាំ ត្រុដិ​រាំ​ដេញ​ឧបទ្រពចង្រៃ ​ក្នុង​ឆ្នាំ​ចាស់​ចេញ និង​ជាទី​បញ្ចប់​នៅ​កម្មវិធី​ក៏​មាន​របាំ​ជូនពរ​សម្តេច​ក្រឡាហោម​ ស ខេង និង​មន្ត្រីរាជការ​នៃ​ទីស្តីការ​ក្រសួងមហាផ្ទៃ​ផងដែរ​។

សូមបញ្ជាក់ថា​ នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​នេះ​ សម្តេច​ក្រឡាហោម ស ខេង​បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ដោយ​បញ្ចេញ​កម្លាំង​នគរបាល​ចរាចរណ៍ ​ដើម្បី​ដាក់​ត្រួតពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់ ចំពោះ​អ្នកបើកបរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ​នាពេល​ខាងមុខនេះ​។

ទន្ទឹម​ នឹង​ការ​ដាក់​កម្លាំង​ត្រួតពិនិត្យ​ដើម្បី​​កាត់បន្ថយ​ការគ្រោះថ្នាក់​ចរាចរណ៍ ដែល​តែងតែ​កើនឡើង​នៅ​ពេល​មានបុណ្យ​ទាន​ម្ដងៗ​នោះ សម្ដេច​ក្រឡាហោម ស ខេង ​បាន​សង្កត់ធ្ងន់​ដោយ​ហាម​ដាច់ខាត​ មិន​ឲ្យ​ជំរិត​ទារលុយ​ពី​ប្រជាពលរដ្ឋ​តាម​គ្រប់​រូបភាព​ទាំងអស់​នៅ​ពេល​អនុវត្ត​ច្បាប់​ចរាចរណ៍​នោះឡើយ​ និង​បញ្ជា​ឲ្យ​មេ​នគរបាល​ត្រូវ​ត្រួតពិនិត្យ​ករណីនេះ​ ដូចគ្នា​ផងដែរ​៕