Diego Costa ជាប់​ពិន័យ 8ប្រកួត​ក្រោយ​ជេរប្រមាថ​អាជ្ញា​កណ្ដាល​

152

បាល់ទាត់៖ ​ខ្សែប្រយុទ្ធ Atletico Madrid,Diego Costa ត្រូវ​បាន​អាជ្ញាធរ​បាល់ទាត់​អេ​ស្ប៉ា​ញ​សំរេច​ដាក់​ពិន័យ 8ប្រកួត មាន​ន័យ​ថា​កីឡាករ​អេ​ស្ប៉ា​ញ​រូប​នេះ ​នឹង​ត្រូវ​សម្រាក​រហូត​ចប់​រដូវ​កាល​នេះ​។ ​ការ​សំរេច​ដាក់​ពិន័យ​កីឡាករ​វ័យ 30ឆ្នាំ​រូប​នេះ បន្ទាប់ពី​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ បាន​ជេរប្រមាថ​ម្ដាយ​អាជ្ញា​កណ្ដាល Jesus Gil Manzano​ ពេល​ទទួល​បាន​កាត​ក្រហម​នាទី​ទី28 អំឡុង​ការប្រកួត​ដែល​ចាញ់ Barcelona 2-0 នៅ La Liga​កាលពី​ថ្ងៃ​សៅរ៍​។

​​របាយ​ការ​របស់​លោក Manzano​ បញ្ជាក់​ថា Costa បាន​ជេរប្រមាថ​លោក ខណៈ​សាមីខ្លួន​បដិសេធ​។​ ​​8ប្រកួត​ដែល​ដាក់​ពិន័យ​នេះ​រួមមាន 4ប្រកួត​ដោយ​ការ​ជេរ​ប្រមាថ​អាជ្ញា​កណ្ដាល និង 4ប្រកួត​ទៀត​ដោយ​ការប៉ះពាល់​អាជ្ញា​កណ្ដាល​ដោយ​កំហឹង​។ ​Atletico Madrid កំពុង​ឈរ​លេខ​ពីរ​ក្នុង​តារាង La Liga​ មាន 62ពិន្ទុ​តាម​ពីក្រោយ Barcelona 11ពិន្ទុ​។ ​នៅសល់ 7ប្រកួត​ទៀត​ចប់​រដូវ​កាល​មានន័យថា Diego Costa នឹង​មិន​បាន​លេង​ទៀត​ឡើយ​នៅ​ពេល Atletico Madrid ជួប Celta Vigo, Eibar, Valencia, Valladolid, Espanyol, Sevilla​និង Levante

អត្ថបទ​៖​នាង សុភា​វុ​ធ