មនុស្ស​ ​២០​នាក់​បាត់​បង់ជីវិត​ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ផ្សារ​ក្នុង​ទីក្រុង ​Quetta ប្រទេស​ប៉ា​គី​ស្ថាន

176

ប៉ា​គី​ស្ថាន៖ មនុស្ស​យ៉ាងហោចណាស់​ ២០​នាក់​បាន​បាត់​បង់ជីវិត ​និង​រាប់​សិប​នាក់​រង​របួស​នៅ​ពេល​មានការ​បំផ្ទុះគ្រាប់​បែក ​អះអាង​ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ​មូ​ស្ល៊ី​ម​និកាយ​ស៊ុន​នី បាន​ផ្ទុះ​នៅ​ក្នុង​ផ្សា​រលក់​ផ្លែឈើ​មួយ​នៅ​ក្នុង​ទីក្រុង​កេ​តា (Quett)​ ប្រទេស​ប៉ា​គី​ស្ថានកាលពី​ថ្ងៃ​សុក្រ​។

ស្នងការ​នគរបាល​រងក្រុងកេ​តា លោក រ៉ា​ហ្សា​ក ជី​ម៉ា បាន​ប្រាប់​សារព័ត៌មាន ​CNN ថា ការ​វាយ​ប្រហារ​នេះ​បាន​ប៉ះចំ​លើ​ស្រុក​ហា​ហ្សា​ហ្គា​ន​ជីរបស់​ទីក្រុង​មួយ​នេះ ​ដែល​ជា​សហគមន៍​ធំ​មួយ​ពី​ជនជាតិភាគតិច​មូ​ស្ល៊ី​មហា​ហ្សា​រ៉ា ស៊ី​យ៉ា។​ ជនជាតិភាគតិច​ហា​ហ្សា​រ៉ា​យ៉ាងហោចណាស់​ ៧​នាក់ស្ថិត​ក្នុង​ចំណោម​អ្នក​បាត់បង់​ជីវិត ​រួម​ជាមួយ​មន្ត្រី​សន្តិសុខ​ម្នាក់​។​ ក្នុង​សន្និសីទ​សារព័ត៌មានមួយ​លោក ហ្ស៊ី​អូ​ឡា ឡាន​ហ្គូ រដ្ឋមន្ត្រី​ក្រសួង​ទទួលបន្ទុក​កិច្ចការ​រដ្ឋាភិបាល ​សម្រាប់​ខេត្ត​បា​លូ​ជី​ស្ថាន​បាន​និយាយ​ថា នេះ​គឺជា​ការវាយប្រហារ​អត្តឃាត​ដែល​បាន​បញ្ជាក់​ថា​ មាន​មនុស្ស​ជាច្រើន​នាក់បាន​បាត់​បង់ជីវិត​ និង ​៤៨​នាក់​រង​របួស​។​ ក្រុម​ឡា​សកាអ៊ី​ចាង​វី ​(Lashkar-e-Jhangvi) ដែល​ត្រូវ​គេ​ស្គាល់​ថា​ ជា​ក្រុម​សកម្ម​ប្រយុទ្ធ​និកាយ​ស៊ុន​នី មាន​គោលដៅ​លើ​សហគមន៍ហា​ហ្សា​រ៉ាបាន​និយាយ​ថា ខ្លួន​បាន​បំផ្ទុះ​គ្រាប់បែក​នោះ​៕

អត្ថបទ៖ សុខ​មាន