PSG ខក​ខាន​លើក​ពាន​លើក​ទី​3 ​ក្រោយ​ចាញ់​នៅផ្ទះ Nantes 3-2

292

បាល់ទាត់៖ ក្រុម​អ្នក​មាននៅ​បារាំង Paris Saint Germain​ បាន​ខក​ឱកាស​លើក​ពាន​ក្រប​ខណ្ឌ​លី​គ​កំពូល​បារាំង Ligue 1 ជា​លើក​ទី3 ​ក្រោយ​ចាញ់​នៅផ្ទះ Nantes 3-2 យប់​ម៉ិ​ញ​។ ​ក្រុម​របស់​លោក Thomas Tuchel ​បាន​ខក​ឱកាស​លើក​ពាន​តាំងពី​ស្មើ​ជាមួយ Strasbourg 2-2 និង​ចាញ់ Lille 5-1 មុន​ពេល​មក​ចាញ់ Nantes 3-2 ទៀត​។

​​មួយ​ជើង​របស់ Dani Alves ​ពី​ចម្ងាយ​បាន​ជួយ PSG នាំមុខ​មុន​នៅ​នាទី​ទី​19 លើ​ម្ចាស់ផ្ទះ Nantes​។​ ​តែ Diego Carlos តាម​ស្មើ​វិញ​នៅ​ណា​ទី​ទី22 មុន​ពេល​ដែល Majeed Waris​ ស៊ុត​នាំមុខ​អោយ Nantes នាំមុខលើក​ដំបូង​មុន​ចប់​វគ្គ​ទី​មួយ​។ ​Diego Carlos ដដែល​រក​បាន​គ្រាប់​ទី2 ​របស់​ខ្លួន​ក្រោយ​សំរាក​វគ្គ​ទី​មួយ រហូតដល់ PSG តាម​បាន​មួយ​គ្រាប់​វិញ​ចុង​ម៉ោង​នាទី​ទី89 ដោយ Metehan Guclu​។ ​បរាជ័យ​នេះ​ធ្វើ​អោយ Paris Saint Germain ​បន្ត​នាំមុខ​ដាច់​ក្រុម​លេខ​ពីរ Lille 17ពិន្ទុ ខណៈ​នៅសល់ 6ប្រកួតទៀត​ចប់​រដូវ​កាល​។

​​PSG នៅតែ​អាច​លើក​ពាន​ដដែល​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​នេះ ​ប្រសិន​ពួកគេ​យកឈ្នះ Monaco​។ ​ថែម​ពី​នេះ PSG ក៏​នឹង​អាច​លើក​ពាន​2 ក្នុង​មួយ​រដូវ​កាល​ដែរ​ ប្រសិន​ឈ្នះ Rennes វគ្គ​ផ្ដាច់ព្រ័ត្រ Coupe de France ថ្ងៃ​ទី​27 ខែ​មេសា​សប្ដាហ៍​ក្រោយ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ