របាយការណ៍​របស់​លោក​ Mueller៖ លោក Trump ខ្លាច​ថា ​ការ​ស៊ើប​អង្កេត​ពាក់​ព័ន្ធ​ជាមួយ​រុស្ស៊ី​នឹង​បញ្ចប់​តំណែង​ប្រធានាធិបតី​របស់​លោក

133
លោក Mueller និងលោក Trump

អាមេរិក៖ លោក Donald Trump បារម្ភ​ថា ​ការស៊ើបអង្កេត​ទៅលើ​ការ​ជ្រៀតជ្រែក ​របស់​ប្រទេស​រុស្ស៊ី​លើ​ការ​បោះឆ្នោត ​ដែល​ដឹកនាំ​ដោយ​លោក Robert Mueller រដ្ឋអាជ្ញា​ពិសេស​នោះ​នឹង​ប៉ះពាល់​ដល់​តំណែង​ប្រធានា​ធិបតី​របស់​លោក និង​ប៉ុនប៉ង​បណ្ដេញ​អ្នកស៊ើប​អង្កេត​ជាន់ខ្ពស់​រូប​នេះ​ចេញពី​តំណែង​ នេះ​បើ​យោង​តាម​របាយ​ការណ៍​ដែល​គេ​បាន​រង់ចាំ​ជា​យូរ​មក​ហើយ​របស់លោក Mueller ដែល​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

ភ្លាមៗ​បន្ទាប់ពី​ក្រសួងយុត្តិធម៌​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​ នូវ​របាយការណ៍​ជាង​ ៤០០​ទំព័រ​ក្នុង​ទម្រង់​កែ​សម្រួល​សេចក្ដី​លោក Trump បាន​ប្រកាស​ពី​ជ័យជម្នះ​នយោបាយ​មួយ​ ដោយ​និយាយ​ជាមួយ​ស្នាមញញឹម​ថា នេះ​ជា​ថ្ងៃ​រីករាយ​របស់​លោក​។​ លោក​ Trump បាន​សរសេរ​លើ​បណ្ដាញ​ទ្វី​ត​ធ័​រ​កាលពីមុន​នោះ​បន្តិច​ថា ហ្គេម​ចប់​ហើយ​។​ របាយការណ៍​ដែល​ត្រូវ​បាន​រង់ចាំ​យ៉ាង​អន្ទះសា​ នៅ​ក្នុង​រដ្ឋធានី​របស់​ស​ហ​រដ្ឋ​អាមេរិក និង​រំលង​ផុត​ទៅជា​ច្រើន​ខែមកនេះ​ បាន​គាំទ្រ​ដល់​ការ​អះអាង​ម្ដង​ហើយ​ម្ដងទៀត​របស់​លោក Trump ដែល​ថា លោក​មិន​បាន​​ឃុបឃិត​ ជាមួយ​ការ​ខំ​ប្រឹង​ប្រែង​របស់​ទីភ្នាក់ងារ​ចារកម្ម​រុស្ស៊ី​ ក្នុង​ការ​យកឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦ ដើម្បី​ហុច​ផល​មក​ឲ្យ​លោក​នោះ​ទេ​។​ លោក​បាន​សរសេរ​នៅ​លើ​បណ្ដាញ​ទ្វី​ត​ធ័​រ​ថា ដូចដែល​លោក​តែងតែ​និយាយ​រហូត​មក​អញ្ចឹង​ថា ​គ្មាន​ការ​ឃុប​ឃិត និង​គ្មាន​ការរារាំង​យុត្តិធម៌​៕

អត្ថបទ៖ សុខ​មាន