អង្គការ​FAO គ្រោង​ផ្តល់​ជំនួយ​ជាង​១​លាន​ដុល្លារ​សម្រាប់​ការធ្វើ​អង្កេត​កសិកម្ម ​នៅ​ឆ្នាំ ២០១៩

165

ភ្នំពេញ ៖ ​ អង្គការ​ស្បៀងអាហារ និង​កសិកម្ម​អង្គការសហប្រជាជាតិ​ហៅ​កាត់​ថា​ FAO ​បាន​សន្យា​ផ្ដល់​ជំនួយ​ថវិកា​ ចំនួន​១,០៤៩,៨៦៧ ដុល្លារ​​អាមេរិក ​សម្រាប់​គម្រោង​អនុវត្ត​អង្កេត​កសិកម្ម​និង​ការ​អង្កេត​ចន្លោះ​ជំរឿន​កសិកម្ម​នៅ​កម្ពុជា​ឆ្នាំ​២០១៩​។​

លោក អេ​ឡិច​ហ្ស៊ែ​ន​ឌរ ហ៊ុន ( Alexandre Huynh ) ប្រធាន​អង្គការ​FAO​ ប្រចាំ​កម្ពុជា ​បានលើកឡើង​ក្នុង​ជំនួប​ជាមួយ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ ឆាយ ថន ​រដ្ឋមន្ត្រី​ក្រសួងផែន​កា​រ​កាលពី​ថ្ងៃទី​១៨ ​កញ្ញា​កន្លងមក​ថា​ អង្គការ​នឹង​ផ្ដល់​ជំនួយ​ថវិកា ​ចំនួន​១,០៤៩,៨៦៧ ដុល្លារ ​​អាមេរិក ក្នុង​កិច្ច​សហប្រតិបត្តិការ​រ​វាង​ក្រសួងផែនការ និង​អង្គការ​ FAO លើ​កិច្ចព្រមព្រៀង​ស្តីពី​គម្រោង​អនុវត្ត​អង្កេត​កសិកម្ម ​និង​ការអង្កេត​ចន្លោះ​ជំរឿន​កសិកម្ម​នៅ​កម្ពុជា​ឆ្នាំ​២០១៩​ខាងមុខ​។

លោក​ បន្ថែមថា ក្រៅ​ផ្តល់​ជំនួយ​ថវិកា​និង​ជំនួយ​បច្ចេកទេស អង្គការ​FAO ​នឹង​ខិតខំ​ព្យាយាម ស្វែងរក​ដៃគូ​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ដទៃទៀត ​ដើម្បី​ជួយ​ដល់​ក្រសួងផែនការ​ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​កិច្ច​អភិវឌ្ឍន៍​ប្រទេសជាតិ​របស់ខ្លួន​ឲ្យ​រីកចម្រើន​ថែមទៀត​។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ឆាយ ថន ក៏បាន​សាទរ​និង​ស្វាគមន៍ ​ក្នុងនាម​ក្រសួងផែន​ការ​ ក៏​ដូចជា​រាជ​រដ្ឋាភិបាល​កម្ពុជា ​ចំពោះ​ការផ្តល់​ការ​គាំទ្រ​ពី​សំណាក់ អង្គការ​ FAO ​ដែល​បាន​គាំទ្រ​ដល់​គម្រោង​អនុវត្ត​ជំរឿន​កសិកម្ម ​និង​ការអង្កេត​ចន្លោះ​ជំរឿន​កសិកម្ម​នៅ​កម្ពុជា​ឆ្នាំ​២០១៩​នេះ​។

គម្រោង​អនុវត្ត​អង្កេត​ចន្លោះ​ជំរឿន​កសិកម្ម​កម្ពុជា​ឆ្នាំ​២០១៩ គ្រោង​ចំណាយ​ថវិកា​សរុប​ចំនួន​ជាង​១,៣​លាន​ដុល្លា​រ​ អាមេរិក​ ក្នុងនោះ​អង្គការ​FAO​ ចូលរួម​ថវិកា​ចំនួន​ជាង​១​លាន​ដុល្លារ​អាមេរិក និង​ថវិកា​ របស់​រដ្ឋាភិបាល​កម្ពុ​ជាជាង​២​សែន​ ដុល្លារ​អាមេរិក​ សម្រាប់​ជំហ៊ាន​ដំបូង​នេះ​។

ការអនុវត្ត​គម្រោង​អង្កេត​កសិកម្ម​ខាងលើ ​ធ្វើឡើង​ដើម្បី​ទទួល​បាន​លទ្ធផល​ទិន្នន័យ​អង្កេត​កសិកម្ម​មាន​ប្រសិទ្ធភាព​ ប្រកបដោយ​គុណភាព​ខ្ពស់ ​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​រៀបចំ​គោលនយោបាយ​អភិវឌ្ឍន៍​ជាតិ ​គាំទ្រ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​៕