នគរបាលជាតិ អន្តរជាតិ​ជំរុញ​បង្កើន​កិច្ចសហការ​បង្ក្រាប​ផលិតផល​ក្លែងក្លាយ​

64

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ និង​ស្ថាប័ន​នគរបាល​អន្តរជាតិ​ហៅ​កាត់​ថា នគរបាល Interpol ព្រឹក​ថ្ងៃទី​២៣ ខែមេសា​នេះ សហការ​បើក​វគ្គ​បណ្ដុះបណ្ដាល​ចែករំលែក​បទពិសោធន៍​ស្តីពី​បទល្មើស​ឱសថ និង​ផលិតផល​បង្ក​ការប៉ះពាល​សុខភាព​អ្នកប្រើប្រាស់ ដែល​ការ​បណ្តុះបណ្តាល​នេះ ត្រូវបាន​ប្រធាន​គណកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ចាត់ទុកថា ជាការ​ផ្លាស់ប្តូរ​ពិសោធន៍ និង​ការផ្តល់​ចំណេះដឹង​ឈាន​ទៅរក​ការ​បង្ក្រាប​ផលិតផល​ក្លែងក្លាយ​មាន​ប្រសិទ្ធភាព​។​

ឯកឧត្តម មៀ​ច សុផាន់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​និង​ជា​ប្រធាន​គណកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​ថ្លែងថា ការទប់ស្កាត់ និង​ការបង្ក្រាប​ឱសថ​ក្លែងក្លាយ ឱសថ​ក្រោម​គុណភាព និង​ផលិតផល​ក្លែងក្លាយ គឺ​យើង​មិន​អាចធ្វើ​តែម្នាក់ឯង​បាន​នោះទេ ពោលគឺ​ត្រូវមាន​កិច្ចសហការ​គ្នា​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ទើប​ការបង្ក្រាប​មាន​ប្រសិទ្ធភាព និង​អាច​ធនា​ការលើក​កំពស់​សុខភាព​នៃ​អ្នកប្រើប្រាស់​បាន​។​

ឯកឧត្តម មៀ​ច សុផាន់​ណា បន្តថា កន្លងមកនេះ ក្រុមការងារ​ជំនាញ ធ្លាប់​បង្ក្រាបបាន​នូវ​បទល្មើស​ផលិតផល​ក្លែងក្លាយ​ជាច្រើន​ករណី ប៉ុន្តែ​ ការស្រាវជ្រាវ ការស៊ើបអង្កេត និង​ការបង្ក្រាប​របស់​ក្រុម​សមត្ថកិច្ច​នៅមានកំរិត ដែល​បញ្ហា​នេះ តម្រូវអោយ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ បង្កើន​ការស្វែងរក​ដៃគូ​ជំនាញ​ជាតិ​អន្តរជាតិ​ផ្តល់​ការបណ្តុះបណ្តាល​ចែករំលែក​បទពិសោធន៍ និង​ចំណេះដឹង​ពី​ផលិតផល​ពិត ទើប​ធ្វើអោយ​ការបង្ក្រាប​ផលិតផល​ក្លែងក្លាយ និង​ផលិតផល​ក្រោម​គុណភាព មាន​ប្រសិទ្ធភាព​។​

ឯកឧត្តម បញ្ជាក់ថា នៅពេល​បច្ចុប្បន្ននេះ ក្រុមការងារ​ជំនាញ​អន្តរក្រសួង បាននិងកំពុង​ចុះ​ត្រួតពិនិត្យ​ជាប់​ប្រចាំ ស្វែងរក​ឱសថ​ក្លែងក្លាយ ឱសថ​ក្រោម​គុណភាព និង​ផលិតផល​ក្លែងក្លាយ​បង្ក​ការប៉ះពាល​សុខភាព​អ្នកប្រើប្រាស់ ដើម្បី​ធ្វើការ​តាមដាន ស្រាវជ្រាវ​រក​ប្រភព​ផលិតផល និង​ធ្វើការ​ទប់ស្កាត់ បង្ក្រាប​អោយទាន់​ពេលវេលា​។​

ឯកឧត្តម មៀ​ច សុផាន់​ណា បញ្ជាក់ថា នៅពេល​បច្ចុប្បន្ននេះ ក្រុម​សមត្ថកិច្ច​បាននិងកំពុង​ចងក្រង​សំណុំ​ឯកសារ​រឹប​អុស ដកហូត​ផលិតផល​ក្លែងក្លាយ​ជាច្រើន​តោន​បញ្ជូនទៅ​តុលាការ​ដោះស្រាយ ហើយ​បន្ទាប់ពី​មាន​សាលក្រម​ស្ថាពរ ផលិតផល​ក្លែងក្លាយ​ទាំងនោះ នឹងត្រូវ​ដុតបំផ្លាញ​ចូល​នៅពេល​ខាងមុខ​៕​