អាជ្ញាធរ​ក្រុង​សៀមរាប ​ចាប់​ផ្តើម​ផ្តល់​ទឹក​ជូន​ពលរដ្ឋ​សង្កាត់​ទឹក​វិល​ ដែល​ខ្វះខាត​ទឹក​ប្រើប្រាស់

168

សៀមរាប ៖ ​ អាជ្ញាធរ​ក្រុង​សៀមរាប សហការ​ជាមួយ​រដ្ឋាករ​ទឹក​ស្វយ័ត​ខេត្តសៀមរាប បាន​ត​ប្រព័ន្ធ​ទឹក ​ចំនួន​ពីរ កន្លែង ក្នុង​សង្កាត់​ទឹក​វិល​ ដើម្បី​ជូន​ប្រជាពលរដ្ឋ​ ដែល​ជួបប្រទះ​គ្រោះ​ខ្វះ​ទឹក ​បាន​ប្រើប្រាស់​ដោយ​ឥត​គិត ថ្លៃ​។

លោកស្រី ជា ភឿ​យ សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ទឹក​វិល បាន​ឲ្យ​ដឹងថា ​ពលរដ្ឋ​ក្នុងភូមិ​ចំនួន​៥ ក្នុង​សង្កាត់​ទឹក​វិល​ បាន​ជួបប្រទះ​គ្រោះ​ខ្វះខាត​ទឹក​ប្រើប្រាស់ ​តាំងពី​អំឡុង​ខែកុម្ភៈ​មកម្ល៉េះ ​ក្នុងនោះ​ភូមិ ​សណ្តាន់ ភូមិ​ទឹក​វិល និង​ភូមិ​ព្រៃ​ថ្មី​ ពលរដ្ឋ​ខ្វះ​ទឹក​ប្រើ​មាន​ច្រើនជាងគេ គឺ​ប្រមាណ​ពី​៦០​ទៅ​៧០​ភាគរយ​។

លោកស្រី​ បាន​បន្តថា បន្ទាប់ពី​តាមដាន​សភាពការណ៍ នៃ​គ្រោះ​ខ្វះ​ទឹក​នេះ ​អាជ្ញាធរ​មូលដ្ឋា​ន​ភូមិ សង្កាត់ ក្រុង បាន​សហការ​ជាមួយ​រដ្ឋាករទឹក​ស្វយ័ត​ខេត្តសៀមរាប រៀបចំ​ភ្ជាប់​ក្បាល​រ៉ូ​ប៊ី​ណេ​ ទឹក​ចំនួន​ពីរ ទីតាំង ដើម្បី​ជូន​ប្រជាពលរដ្ឋ​បាន​ទឹក​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ​។ ​ទីតាំង​ទាំងពីរ​កន្លែង​នោះ ស្ថិតនៅ​ភូមិ ព្រៃ​ថ្មី ​ខាងត្បូង​អន្លង់​ទឹក​វិល ប្រមាណ​៥០​ម៉ែត្រ ​និង​ស្ថិត​នៅផ្ទះ​របស់​លោក​ស្រី​ផ្ទាល់​ ក្នុងភូមិ​ទឹក​វិល​។

លោកស្រី ជា ភឿ​យ បាន​បន្តថា ប្រសិនបើ​នៅក្នុង​ចុងខែ​មេសា​នេះ ​នៅតែ​មិនមាន​ភ្លៀង​ធ្លាក់ និង កម្តៅ​នៅតែ​ក្តៅ​ដូចនេះ​ទៀត អាជ្ញាធរ ​នឹង​ស្នើ​ដាក់​ក្បាល​រ៉ូ​ប៊ី​ណេ​បន្ថែម​ពីរ​កន្លែង​ទៀត​ ដើម្បី​ជួយ​សម្រួល​ ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​មក​យក​ទឹក​ទៅប្រើ​ប្រាស់​។

បើតាម​លោកស្រី ជា ភឿ​យ ក្រៅពី​ផ្តល់ជូន​ទឹក​ដោយ​ឥតគិតថ្លៃ​នេះ ​ខាង​រដ្ឋាករទឹក​ស្វយ័ត​ខេត្ត សៀមរាប ​ក៏បាន​ត​បណ្តាញ​ទឹកស្អាត​ចូលទៅ​តាម​ភូមិ​ទាំងនោះ​ផង​ដែរ​។ សង្កាត់​ទឹក​វិល ដែល​ស្ថិតនៅ​ភាគ ខាងលិច ​ក្រុង​សៀមរាប ​បើតាម​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា ​ចាប់​តាំងពី​រដ្ឋ​ករ​ទឹក​ស្វយ័ត​ខេត្តសៀមរាប ​ជីក ​អណ្តូង​ធំៗ​ នៅក្នុង​ភូមិ​ពួកគេ ​ឲ្យ​តែ​ដល់​រដូវប្រាំង​ អ្នកភូមិ​តែងតែ​ជួបប្រទះ​គ្រោះ​ខ្វះ​ទឹក ​ជាពិសេស​បួន​ឆ្នាំ ចុង​ក្រោយនេះ​តែម្តង​៕