សម្ដេច​នាយករដ្ឋមន្ត្រី​ស្ដីទី ជំរុញ​កងកម្លាំង​ទាំង​បី ​ឱ្យ​ចុះជួយ​ធ្វើ​ផ្ទះ​ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់

179

បាត់ដំបង ៖ ​ខណៈ​បញ្ហា​ខ្យល់​កន្ត្រាក់ ​បានកើត​ឡើងជា​ញឹកញាប់​ស្ទើរ​ទូទាំង​ប្រទេស ​នៅ​ដើមឆ្នាំ​២០១៩​ នេះ សម្ដេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្ដីទី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​ជំរុញ​ដល់​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ចុះ​ជួសជុល​កែ​លម្អ​ធ្វើ​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ ​ដែល​បាន​រងគ្រោះ​ដោយសារ​បញ្ហា​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់ ។

ក្នុង​ពិធី​សំណេះសំណាល និង​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ចំនួន ​២៧៩​គ្រួសារ ​នៅ​ស្រុក​ថ្មគោល ខេត្តបាត់ដំបង ​នា​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៩​ សម្ដេច​ក្រឡាហោម បាន​មាន​ប្រសាសន៍ថា សម្រាប់​ផ្ទះ​ប្រជាពលរដ្ឋ ​ដែល​មាន​អាទិភាព​ត្រូវ​នាំគ្នា​ទៅ​ជួយ​ធ្វើ​ដំបូង ​គឺ​ផ្ទះ​បាន​ដួល​រលំ​ទាំងស្រុង​ដោយ​ត្រូវ​ចែក​ភូមិសាស្ត្រ​គ្នា​ធ្វើ ព្រោះនេះ ​ជា​ទម្លាប់​ ជា​ប្រពៃណី​ អាកប្បកិរិយា​ទឹកចិត្ត​របស់​យើង​ពី​ដើម​មក គឺ​តែងតែ​ជួយ​គ្នា​យ៉ាង​ដូច្នេះ ។

សម្ដេច ស ខេង បាន​បញ្ជាក់ថា ការជួយ​សង្គ្រោះ​នេះ គឺជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​កងកម្លាំង ​និង​មន្ត្រីរាជការ អាជ្ញាធរ​គ្រប់​ដាប់​ថ្នាក់ វា​ខុស​ពី​ការសន្យា​ខ្យល់​របស់​ជន​មួយ​ចំនួន ដែល​មិន​ជួយ​ប្រជាពលរដ្ឋ​សោះ បានតែ​ស្រែក​ពី​ខាងក្រៅ​ថា​ខ្លួន​ស្នេហា​ជាតិ ​ស្រឡាញ់​ពលរដ្ឋ សន្យា​ធ្វើ​យ៉ាង​នេះ​យ៉ាងនោះ ​ប៉ុន្តែ​ធាតុពិត​មានតែ​អ្នក​នៅក្នុង​ស្រុក​ជា​អ្នក​អភិវឌ្ឍន៍ ​ជួយ​ពលរដ្ឋ​បាន​ទាន់ពេល​ ហើយ​នៅ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន​ក្នុងប្រទេស ។

ជាមួយគ្នានេះ​សម្ដេច​ក្រឡាហោម ក៏បាន​សន្យាថា ​នឹង​បន្ត​ជួយសង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​បញ្ហា​គ្រោះធម្មជាតិ​នានា ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា មិន​ទុកចោល​ពលរដ្ឋ​ណា​ម្នាក់​នោះទេ ​ហើយ​សម្ដេច​ក៏បាន​អំពាវនាវ​ដល់​សប្បុរស​ជន​នានា​ ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ​ក្នុង​ការ​ជួយ​ពលរដ្ឋ​កំពុង​ជួប​បញ្ហា​នេះ​ផងដែរ ។

សូមបញ្ជាក់ថា អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ ដោយសារ​ខ្យល់​កន្ត្រាក់ ​នៅក្នុង​ស្រុក​ថ្មគោល ​ទាំង​២៧៩​គ្រួសារ​នោះ​រួមមាន ស័ង្កសី ២០​សន្លឹក ​ចែក​ដល់​២៨​គ្រួសារ​ និង​១០​សន្លឹក ចែក​ដល់​២៥១​គ្រួសារ​, ថវិកា​២០០ ០០០​រៀល​, អង្ករ​២៥​គីឡូក្រាម​, មី​១​កេស ​និង​ទឹក​សុទ្ធ​១​កេស ។

គួរ​បញ្ជាក់ថា នៅ​ថ្ងៃទី​២១ និង​២២ ខែមេសា ឆ្នាំ​២០១៩ ខ្យល់ព្យុះ​កន្ត្រាក់ ​បាន​ប៉ះពាល់​ផ្ទះ​ប្រជា​ពលរដ្ឋនៅក្នុង​ស្រុក​ចំនួន​១០ ស្មើនឹង​៨៧៦​ខ្នង ក្នុង​នោះ​ស្រុក​ថ្មគោល​ច្រើនជាងគេ​ និង​បង្ក​ឲ្យ​មាន​ពលរដ្ឋ​រងរបួស​ផងដែរ ​ហើយ​សម្រាប់​ថ្ងៃទី​២៤ ​ខែមេសា ​ក៏មាន​ខ្យល់​កន្ត្រាក់​ចំនួន​៤​ស្រុក​ទៀត ដោយ​ប៉ះពាល់​ផ្ទះ​ពលរដ្ឋ​ចំនួន ១០១​ខ្នង ៕