ភ្នំពេញ៖ គណៈកម្មាធិការស្ថិរភាពហិរញ្ញវត្ថុធនាគារជាតិ នៃកម្ពុជាថា ភាពប្រែប្រួលនៅក្នុងទីផ្សារហិរញ្ញវត្ថុពិភពលោក មិនបានប៉ះពាល់ដល់លំហូរចូលមូលធន និងអត្រាប្តូរប្រាក់រៀលនៅកម្ពុជានោះឡើយ ស្របពេលដែលប្រទេសកម្ពុជាបានរក្សាទុនបម្រុងអន្តរជាតិ ក្នុងកម្រិតខ្ពស់គ្រប់គ្រាន់។
លោកជំនាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការស្ថិរភាពហិរញ្ញវត្ថុធនាគារជាតិនៃកម្ពុជា បានលើកឡើង នៅក្នុងពិធីផ្សព្វផ្សាយ ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០១៨ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ថា នៅឆ្នាំ២០១៨ កន្លងមកនេះ ស្ថិរភាពហិរញ្ញវត្ថុត្រូវបានគាំទ្រដោយស្ថានភាពល្អប្រសើរនៃសេដ្ឋកិច្ច ភាពគ្រប់គ្រាន់នៃទុនបម្រុងអន្តរជាតិ ព្រមទាំងភាពគ្រប់គ្រាន់នៃដើមទុន និងសន្ទនីយភាពក្នុងប្រព័ន្ធធនាគារ ក្នុងការទប់ទល់នឹងហានិភ័យជាយថាហេតុ។ ទោះយ៉ាងណា ភាពងាយរងគ្រោះដែលបណ្តាលមកពីកំណើនឥណទានលឿន ជាពិសេសឥណទានទៅកាន់វិស័យសំណង់ និងអចលនទ្រព្យ។
ជាក់ស្តែងកំណើនសេដ្ឋកិច្ចពិភពលោក បានបន្តគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសការនាំចេញ តែទោះបីជាតុល្យភាពពាណិជ្ជកម្មនៅតែមានឱនភាព ការនាំចូលភាគច្រើនមានទម្រង់ជាវត្ថុធាតុដើមសម្រាប់វិស័យសំណង់ និងកាត់ដេរ ដែលជាវិស័យចម្បងក្នុងការគាំទ្រសេដ្ឋកិច្ចកម្ពុជា។
ចំណែកវិស័យទេសចរណ៍វិញ បានរួមចំណែកយ៉ាងសំខាន់ទៅកាន់គណនីចរន្ត ដោយសារកំណើនចំនួនភ្ញៀវទេសចរបរទេស ក្នុងនោះភ្ញៀវទេសចរមកពីប្រទេសចិនមានប្រមាណ ១/៣ នៃចំនួនភ្ញៀវទេសចរសរុបផងដែរ។
លោកជំនាវ បន្តថា ចំពោះភាពប្រែប្រួលនៅក្នុងទីផ្សារហិរញ្ញវត្ថុពិភពលោក ក៏មិនបានប៉ះពាល់ដល់លំហូរចូលមូលធន និងអត្រាប្តូរប្រាក់រៀលនោះទេ ស្របពេលដែលប្រទេសកម្ពុជាបានរក្សាទុនបម្រុងអន្តរជាតិក្នុងកម្រិតខ្ពស់គ្រប់គ្រាន់។ ដោយឡែកការវិនិយោគផ្ទាល់បរទេស នៅបន្តមានភាពរឹងមាំ ដោយមានលំហូរចូលទៅក្នុងវិស័យហិរញ្ញវត្ថុ បន្ទាប់ពីមានការបង្កើនដើមទុនចុះបញ្ជីអប្បបរមា រួមជាមួយនឹងលំហូរចូលទៅកាន់វិស័យកម្មន្តសាល និងសំណង់។
តែគួរកត់សម្គាល់ផងដែរថា លំហូរវិនិយោគផ្ទាល់បរទេសសរុបប្រមាណជាង ៤០% មានប្រភពមកពីប្រទេសចិន។ ចំពោះអត្រាប្តូរប្រាក់រៀល ធៀបនឹងដុល្លារអាមេរិក បន្តមានស្ថិរភាព ដោយមិនមានសញ្ញានៃសម្ពាធមិនប្រក្រតីនោះទេ ក្នុងនោះស្ថិរភាពខាងក្រៅនៅបន្តស្ថិតក្នុងកម្រិតរឹងមាំ ដោយបរិមាណទុនបម្រុងអន្តរជាតិអាចធានាការនាំចូលទំនិញ និងសេវាបានប្រមាណ៥ខែ ដោយខ្ពស់ជាងកម្រិតអប្បបរមា ដែលគួរមាន ៣ខែ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។
សូមបញ្ជាក់ថា សម្រាប់ទស្សនវិស័យខាងមុខ ភាពមិនច្បាស់លាស់នៃស្ថានភាពវិស័យខាងក្រៅ អាចនឹងកើនឡើង ជាពិសេសទាក់ទងទៅ នឹងភាពតានតឹងពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិន ការបន្ថយល្បឿននៃកំណើនសេដ្ឋកិច្ចចិន និងការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប។
ប្រសិនបើកំណើនសេដ្ឋកិច្ចចិនថយចុះយ៉ាងគំហុក ទំនាក់ទំនងពាណិជ្ជកម្មនិងហិរញ្ញវត្ថុដ៏ជិតស្និទ្ធ របស់ប្រទេសកម្ពុជា ជាមួយប្រទេសចិន អាចនឹងធ្វើឱ្យកម្ពុជាប្រឈមនឹងកំណើនសេដ្ឋកិច្ចទាបជាងមុន និងការផ្តល់ហិរញ្ញប្បទានពីក្រៅប្រទេសកាន់តែរឹតត្បិត។ ស្របពេលជាមួយគ្នានេះ ការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប ក៏អាចប៉ះពាល់ដល់ការនាំចេញសម្លៀកបំពាក់ទៅកាន់តំបន់អឺរ៉ុបផងដែរ៕