ជើង​ខ្លាំង ស្រួ​ង ភា​វី បន្ត​យកឈ្នះ​កូ​ឡុំ​ប៊ី​ឡើង​វគ្គ ១/២​ផ្ដាច់ព្រ័ត្រ​ជើងឯក​ពិភពលោក

14673

ស្នូកឃ័រ៖ កីឡា​ការិនី​ស្នូកឃ័រ និង​ប៊ីយ៉ា​ជម្រើស​ជាតិ​កម្ពុជា ស្រួ​ង ភា​វី បាន​ឡើង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ នៃ​ការប្រកួត​កីឡា​ប៊ីយ៉ា​ជ្រើសរើស​ជើងឯក​ពិភពលោក 3-Cushion-World Championship Ladies នៅ​ប្រទេស​ទួ​រ​គី​ហើយ ក្រោយ​លត់​កីឡា​ការិនី​កូ​ឡុំ​ប៊ី Claudia LALINDE ក្នុង​វគ្គ ៨​នាក់​ចុងក្រោយដោយ​ពិន្ទុ ៣០-១៦ កាលពី​យប់មិញ។

ពី​មួយ​​វគ្គ​ទៅ​មួយ​វគ្គ​ កីឡា​ការិនី​សម្រស់​មិន​ចាញ់​តារា​របស់​កម្ពុជា​រូប​នេះ ធ្វើ​បាន​យ៉ាង​ល្អ​ជាក់ស្ដែង​កាលពី​ម្សិលមិញ មុន​ដណ្ដើម​បាន​កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នាង​បាន​បំបាក់​កីឡា​ការិនី​ដា​ណឺ​ម៉ាក Jeanette Jensen ជាមួយ​ពិន្ទុ ២៥-៧ នៅ​ក្នុង​ការប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល​A ដែល​ធ្វើ​ឲ្យ ភា​វី រក្សា​កំណត់ត្រា​ឈ្នះ ៣​ប្រកួត​ជាប់​គ្នា។ ប៉ុន្តែ​អ្វី​ដែល​កាន់តែ​អស្ចារ្យ​ គឺ​អតីត​ជើងឯក​រង​ពិភពលោកឆ្នាំ​២០១៥ ស្រួ​ង ភា​វី បាន​យកឈ្នះ​កីឡា​ការិនី​កូ​ឡុំ​ប៊ី Claudia LALINDE រហូតដល់​ទៅ ៣០-១៦​ពិន្ទុ​ឯណោះ​ក្នុង​វគ្គ ៨​នាក់​ចុងក្រោយ ដែល​ធ្វើ​ឲ្យ​នាងបាន​បន្ដ​ដំណើរ​ទៅ​វគ្គ​បន្ត ហើយ​កាន់តែ​ឈាន​ទៅ​សម្រេច​គោលដៅ​ខ្លួន​ចង់បាន គឺ​ការ​ដណ្ដើម​មេដាយ​ជូន​ជាតិ និង​ការ​លើក​ទង់ជាតិ​កម្ពុជា បង្ហាញ​លើ​ឆាក​អន្តរជាតិ​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ។

​ចំពោះ​ដៃគូ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​របស់ ស្រួ​ង ភា​វី គឺ​កីឡា​ការិនី​ជប៉ុន Orie HIDA ដែល​ទើបបាន​ជួប​គ្នា​ក្នុង​ពូ​ល​ A កាលពី​ថ្ងៃ​អង្គា​រ៍ ហើយ ភា​វី បាន​យកឈ្នះ​ទាំង​ប្រផិតប្រផើយ​បំផុត​ជាមួយ​ពិន្ទុ ២៥-២៤។ ប៉ុន្តែ​បើ​សិន ភា​វី អាច​បន្ត​ភាព​ខ្លាំងទម្លាក់​កីឡា​ការិនី​ជើង​ខ្លាំង​ជប៉ុន​រូប​នេះ ​នឹង​បន្ត​ដំណើរ​ទៅ​ជួប​កីឡា​ការិនី​ម្ចាស់ផ្ទះ​ទួរគី ឬ ហូ​ឡង់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ព្រោះ​ពួកគេក៏​ជួប​គ្នា​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ល្ងាច​នេះ​ដែរ។​ គួរ​បញ្ជាក់​ថា នេះ​គឺជា​លើក​ទី​១ ដែល ស្រួ​ង ភា​វី បាន​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក ក្នុងនាម​កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា ក្រោយ​កម្ពុជា​បង្កើត​ឲ្យ​មាន​សហព័ន្ធ​កីឡា​ឃ្នូ​ក​ឃ័​រ និង​ប៊ីយ៉ា​ផ្លូវការ។ ភា​វី បាន​សម្ដែង​នូវ​ការ​សប្បាយ​ចិត្ត និង​ពេញចិត្ត​ជា​ខ្លាំង ក្រោយ​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ ក្នុងនាម​តំណាង​ជាតិ​មួយ ហើយ​នាង​បាន​តាំងចិត្ត​មុន​ប្រកួត​ថា នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ដណ្ដើម​មេដាយ​ជូន​ជាតិ ពិសេស​គឺ​លើក​ទង់ជាតិ​កម្ពុជា​បង្ហា​ញ​លើ​ឆាក​អន្តរជាតិ​តែម្ដង៕
​អត្ថបទ៖ លី ឈុន​ឡា