សម្តេច​តេ​ជោ ​រំលឹក​ដល់​អ្នកសារព័ត៌មាន​ទាំងអស់​ គប្បី​គោរព​វិជ្ជាជីវៈ​ និង​មិន​ត្រូវ​ផ្សាយ​ព័ត៌មាន​មិន​ពិត

132

ភ្នំពេញ ៖ ​​​ប្រមុខ​រាជ​រដ្ឋាភិបាល​ បាន​ក្រើនរំលឹក​ដល់​អ្នកសារព័ត៌មាន​ទាំងអស់​គប្បី​ត្រូវ​ស្មោះត្រង់ គោរព​ នូវ​វិជ្ជាជីវៈ​ក្លាហាន​ ហ៊ាន​និយាយ​ការពិត ​រិះគន់​ក្នុង​ន័យ​ស្ថាបនា ​និង​ត្រូវ​ធ្វើជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​តភាពសង្គម​ ពិតប្រាកដ​ដើម្បី​ជួយ​កសាង​យុត្តិធម៌​សង្គម រក្សាសុខ​សន្តិភាព​ និង​អភិវឌ្ឍ​ប្រទេសជាតិ​កាន់តែ​ប្រសើរ​ ខណៈ​សេរីភាព​នៃ​កា​រ​បញ្ចេញ​មតិ​នៅ​កម្ពុជា​កាន់តែ​រីក​ចំរើន​នោះ​។

ក្នុង​ថ្ងៃ​អបអរសាទរ​ទិវា​សេរីភាព​សារព័ត៌មាន​សាកលលោក ៣​ឧសភា ​លើក​ទី​២៦​នេះ​ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​ បាន​ផ្ញើសារលិខិត​អបអរសាទរ​ដោយ​សម្តេច ​បាន​លើកឡើងថា ​ការបើក​ទូលាយ​នូវ​សេរីភាព​សារព័ត៌​មាន នៅ​កម្ពុជា​ បានធ្វើ​ឲ្យ​វិស័យ​ព័ត៌មាន​មានការ​រីកចម្រើន​លូតលាស់​យ៉ាង​ឆាប់​រហ័ស​ទាំង​សារព័ត៌មាន​បោះពុម្ពផ្សាយ ​សារព័ត៌មាន​អេ​ឡិ​ក​ត្រូ​និក ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​អន​ឡាញ​ ដែល​មាន​និន្នាការ​ផ្សេងៗ​គ្នា​ស្របតាម​ស្ថានភាព​នយោបាយ ​និង​ការ​វិវឌ្ឍ​នៃ​បច្ចេកវិជ្ជា​ទំនើប​នាពេល​បច្ចុប្បន្ន​ដែល​អាច​ផ្សព្វផ្សាយ ​និង​ចែករំលែក​ព័ត៌មាន​ទូទាំង​សកលលោក​បាន​យ៉ាង​ឆាប់រហ័ស​។

ក្នុង​សារលិខិត​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី ​បាន​លើកឡើង​ទៀតថា ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​សារព័ត៌មាន​ត្រូវ​បាន​គេ​ចាត់ទុកជា​អំណាច​ទី​៤ ​ដែល​បាន​ចូលរួមចំណែក​យ៉ាង​ខ្លាំង​សម្រាប់​ពង្រឹង​ប្រជាធិបតេយ្យ ​ការគោរព​សិទ្ធិមនុស្ស ​និង​ពង្រឹង​យុត្តិធម៌​សង្គម​ផងដែរ​។

យ៉ាងណាក្តី​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ក្រើនរំលឹក​ដល់​អ្នកព័ត៌មាន​ថា​ ដើម្បីឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រកបដោយ​សក្តានុពល​ក្នុង​ការ​គាំទ្រ​សន្តិភាព និង​ប្រជាធិបតេយ្យ ​គឺ​ទាមទារ​ឱ្យ​អ្នកសារព័ត៌មាន​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​សមត្ថភាព ​និង​មាន​ភាព​ស្មោះត្រង់​ក្នុង​វិជ្ជាជីវៈ និង​ហ៊ាន​និយាយ​នូវ​ព័ត៌មាន​ពិត​។

សម្តេច​តេ​ជោ ​បានបញ្ជាក់​បន្ថែមថា​«​ខ្ញុំ​សូម​បញ្ជាក់​ជាថ្មី​ម្តងទៀត ក្នុង​គោលដៅ​គាំពារ និង​លើកស្ទួយ​សេរីភាព​សារព័ត៌មាន​ និង​ផ្តល់​តួនាទី​ឲ្យ​អ្នកសារព័ត៌មាន​ចូលរួមចំណែក​កាន់តែ សកម្ម​ថែមទៀត ក្នុង​ការ​អនុវត្ត​កំណែទម្រង់​ស៊ីជម្រៅ​អភិបាលកិច្ច​ល្អ តាម​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​ និង​ដំណាក់កាល​ទី​៤​និង​ដើម្បី​រក្សាសុខ​សន្តិភាព ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា រាជរដ្ឋាភិបាល​បាន​គោរព​យ៉ាង​ហ្មត់ចត់​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និង​ច្បាប់​ស្តីពី​របប​សារព័ត៌មាន ដែល​ធានាបាន​នូវ​សេរីភាព​នៃ​ការផ្សាយ ព័ត៌មាន​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​ជាមុន សិទ្ធិ​រក្សា​ការសម្ងាត់​ស្តីពី​ប្រភ​ពព័ត៌មាន​របស់ខ្លួន​ សេរីភាព​នៃ​កា​រ​បញ្ចេញ​​មតិ​ដោយ​គ្មាន​ទទួលទោស​ព្រហ្មទណ្ឌ ​និង​អនុញ្ញាត​ឲ្យ​ជនបរទេស​ធ្វើជា​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញថា ​កម្ពុជា​ជា​ប្រទេស​ដែល​មាន​សេរី ​ភាព​ខាង​សារព័ត៌មាន​ជាង​ប្រទេស ដែល​កាន់​របប​ប្រជាធិបតេយ្យ​មួយ​ចំនួន​នៅក្នុង​តំបន់​អាស៊ាន​ទៀតផង​»​

ជាមួយគ្នា​នោះដែរ សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី​ក៏បាន​អំពាវនាវ​ដល់​អ្នកសារព័ត៌មាន​ជាតិ ​និង​អ្នក​សារព័ត៌មាន​បរទេស​ទាំងអស់ ដែល​កំពុង​បំពេញការងារ​នៅ​កម្ពុជា ​និង​បំពេញការងារ​នៅ​បរទេស​ក្តី ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ​ ជៀសវាង​ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​តែមួយ​ជ្រុង ​ដោយ​មិនបាន​ផ្ទៀងផ្ទាត់​ព័ត៌មាន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ហើយ​ត្រូវធ្វើ​ការ​ឆ្លុះបញ្ចាំង​សភាពការណ៍​ទាំងមូល ​ដោយ​ពុំបាន​គិតគូរ​អំពី​ក្រឹត្យក្រម​ក្បួនខ្នាត​នៃ​ការ​សរសេរ​ព័ត៌មាន ឬ​ការផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ​ដើម្បី​បំប៉ោង​សភាពការណ៍ ​និង​បន្ទុះ​បង្អាប់ ញុះញង់​អុជអាល​ឲ្យ​មានការ​ស្អប់ខ្ពើម ​ប្រកាន់​ពូជសាសន៍ ពណ៌​សម្បុរ​ ភេទ ជំនឿ​សាសនា ​និន្នាការ​នយោបាយ ឬ ស្ថានភាព​ដទៃទៀត ​ដែល​ធ្វើ​ឲ្យ​មាន​អរិភាព​ដល់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ​បង្ក​ឲ្យ​មានការ​បែកបាក់​សាមគ្គីភាព​ផ្ទៃក្នុង ឬ​បង្ក​ឲ្យ​មាន​ទំនាស់​ជាមួយ​បរទេស​ដែល​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ប្រទេសជាតិ ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

ក្នុងឱកាស​នេះដែរ​ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ទទូច​ឱ្យ​អ្នកសារព័ត៌មាន​ត្រូវ​បន្ត​ខិតខំ​អភិវឌ្ឍ​ន៍ ​ខ្លួន​ឲ្យ​មាន​សមត្ថភាព​ក្នុង​ការវិភាគ​សភាពការណ៍​ទាំង​ព្រឹត្តិការណ៍​ជាតិ ​និង​អន្តរជាតិ​ឲ្យ​បាន​ស៊ីជម្រៅ​ខណៈ​បច្ចុប្បន្ន​ព័ត៌មាន​ត្រូវ​បាន​ក្លាយទៅជា​ចំណីអាហារ​ដែល​គេ​ចង់ដឹង ​និង​ចង់​ស្វែងយល់​អំពី​សភាពការណ៍​វិវឌ្ឍន៍​​នៅ​លើ​សកលលោក​ទាំង​បញ្ហា​នយោបាយ ​សេដ្ឋកិច្ច ​សង្គម និង​បញ្ហា​ដទៃទៀត​ ដែល​ពាក់ព័ន្ធ​ និង​ការរស់នៅ​និង​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគេ​នោះ​៕