កីឡា​ប៉េតង់​កម្ពុជា​បរាជ័យ​ក្នុង​ការ​ការពារ​មេដាយ​មាស​ពិភព​លោក​នៅ​អេ​ស្ប៉ា​ញ​

141

ប៉េតង់៖ ក្រុម​កីឡាករ​-​កីឡា​ការិនីនៃ​កីឡា​ប៉េតង់​ជម្រើស​ជាតិ​កម្ពុជា បាន​បញ្ចប់​បេសកកម្ម​របស់​ខ្លួន ក្នុង​ការ​ប្រកួត​ជើងឯក​ពិភពលោកនៅ​ប្រទេស​អេ​ស្ប៉ា​ញ​ហើយ ដោយ​ធ្លាក់​គ្រប់​វិញ្ញាសាសូម្បី​វីរ​កីឡា​ការិនី អ៊ុក ស្រីមុំ ក៏​មិន​អាច​ការពារ​មេដាយ​មាស​ពិភពលោក ដែល​ខំ​ដណ្ដើម​បាន​កាលពី​ឆ្នាំ​២០១៧ នៅ​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក​បាន​ដែរ។

បើ​តាម​ការ​បញ្ជា​ក់​រប​ស់​កីឡាករ សុខ ចាន់​មាន ដែល​ជា​អត្ត​ព​លិ​ក​ម្នាក់នៃ​បេសកកម្ម​នេះ បាន​បញ្ជាក់​ពី​ប្រទេស​អេ​ស្ប៉ា​ញ​ថា ចំពោះ​វិញ្ញាសា​បុរស ១​នាក់ទល់ ១​នាក់ ក៏ដូចជា​វិញ្ញាសា​វាយ​គូ​បុរស និង​នារីកម្ពុជា​សុទ្ធតែ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ។ រីឯ​វិញ្ញាសា​ចម្រុះ​បុរស​-​នារីកម្ពុជា​បាន​ធ្លាក់​ត្រឹម​វគ្គ ១៦​ក្រុម​ចុងក្រោយ បន្ទាប់ពី​ចាញ់​ក្រុម​កីឡា​ប៉េតង់​ស៊ុយ​អ៊ែត ១៣១១។​ ចំណែក​កីឡា​ការិនី អ៊ុក ស្រីមុំ ក្នុង​នាម​ជា​អ្នកការពារ​មេដាយ​មាស​ លើ​វិញ្ញាសា​នារី ១​នាក់ទល់ ១​នាក់ដែល​ធ្លាប់​ដណ្ដើម​បាន​កាលពី​ឆ្នាំ​២០១៧ នៅ​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក​បាន​ធ្លាក់​ត្រឹម​វគ្គ ១/៤ ផ្ដាច់ព្រ័ត្រ បន្ទាប់ពី​ប្រកួត​ចាញ់​កីឡា​ការិនី​ថៃ​ដោយ​លទ្ធផល ១៣៥​ពិន្ទុ។

នេះ​គឺជា​លទ្ធផល​អវិជ្ជមាន​មួយ​សម្រាប់​ប្រភេទ​កីឡា​ប៉េតង់​កម្ពុជា ព្រោះ​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​កីឡា​ប៉េតង់​កម្ពុជា​ ច្រើន​ដណ្ដើម​បាន​មេដាយ​ជា​បន្ដ​បន្ទាប់​ ពី​ការប្រកួត​ជ្រើសរើស​ជើងឯក​ពិភពលោក តែ​បែរជា​មិន​អាច​ឈ្នះ​​សូម្បីតែ​មេដាយ​សំរឹទ្ធ ១​គ្រឿង​ទៅវិញ។​ គួរ​ដឹង​ថា បេសកកម្ម​នេះកីឡាករ​-​កីឡា​ការិនី​ត្រូវ​បាន​បញ្ជូន​ទៅ​ចូល​រួម ​ប្រកួត​ជើងឯក​ពិភពលោក​នៅ​អេ​ស្ប៉ា​ញ សុទ្ធតែ​សម្រាំង​យក​កីឡាករ​-​កីឡា​ការិនី និង​ធ្លាប់​ឈ្នះ​មេដាយ​មាស​ពិភពលោក តួយ៉ាង​ដូចជា​វីរ​កីឡា​ការិនី កែ ឡេង ឈ្នះ​មេដាយ​មាស ៣​ជំនាន់ ខណៈ​កីឡាករ សុខ ចាន់​មាន និង អ៊ុក ស្រីមុំ ធ្លាប់​ឈ្នះ​មេដាយ​មាស​ម្ដងម្នាក់​ដូចគ្នា៕

អត្ថបទ៖ លី ឈុន​ឡា