សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយសមាជិក​រដ្ឋសភា​សហ​ព័ន្ធ​អាល្លឺម៉ង់​

110

​ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍ ១១​កើត ខែភទ្របទ ឆ្នាំ​ច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៨ នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោក Markkus Benjamin Koob សមាជិក​រដ្ឋសភា​សហ​ព័ន្ធ​អាល្លឺម៉ង់ ដែល​ជំនួប​នេះ​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​។​

​លោក Markkus Benjamin Koob បាន​អបអរសាទរ និង​បាន​ពាំនាំ​នូវ​ការ​អបអរសាទរ​អំពីលោកជំទាវ​អធិការបតី Angela Markel ជូន​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​ត្រូវ​បាន​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី ​នៅ​ក្នុង​ការបោះឆ្នោត​កន្លង​មកនេះ​។ នេះ​ជា​លើកទីមួយ​ហើយ​ ដែល​លោក​បាន​មក​កាន់​ប្រទេស​កម្ពុជាដ៏​ស្រស់​ស្អាត និង​បាន​ឃើញ​ពី​ការ​រីក​ចម្រើន​យ៉ាង​ច្រើន​។ លោក​មានការ​ពេញចិត្ត​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ​ដែល​បាន​កាត់បន្ថយ​ភាព​ក្រីក្រ​បាន​យ៉ាង​ច្រើន រួម​ទាំង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​សម្ដេច​តេ​ជោ ក្នុង​ការ​ផ្ដល់​នូវ​កិច្ច​គាំពារ​សង្គម​ដល់​កម្មករ-កម្មការិនី​តាម​រោងចក្រ ជាពិសេស​កម្មការិនី​មាន​ផ្ទៃពោះ​។​ ទន្ទឹម​នឹង​នេះ​ដែរលោក​បាន​សំដែង​នូវ​ការ​អបអរសាទរ​ និង​រីករាយ​ដែល​មាន​ក្រុមហ៊ុន ​និង​រោងចក្រ​ធំ​ៗ​មក​វិនិយោគ​នៅ​កម្ពុជា​លើ​ទីផ្សារ​វាយនភណ្ឌ​ ដែល​មាន​គុណភាព​នាំ​ចេញទៅ​ទីផ្សារ​អឺរ៉ុប​។

លោក​ក៏បាន​បញ្ជាក់​សារជាថ្មី​ថា អាល្លឺម៉ង់​រីករាយ​បន្ត​គាំទ្រ​ហើយ​ត្រៀមខ្លួន​ជាស្រេច ​ក្នុង​ការ​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​ដែល​ឈរ​លើ​ទំនាក់ទំនង​ដែល​មាន​ស្រាប់ និង​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់ និង​កិច្ច​សហប្រតិបត្តិការ​ដ​ទៃ​ទៀត​ ដែល​ប្រទេស​ទាំង២ ​អាច​ធ្វើ​ទៅ​បាន​។​ ជា​ការ​ឆ្លើយតប​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ បាន​សំដែង​នូវ​អំណរគុណ​ជូន​ចំពោះ​លោកជំទាវ​អធិការបតីអាល្លឺម៉ង់ ដែល​បាន​ផ្ញើ​សារ​អបអរសាទរ​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​ផង និង​ការ​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ របស់​សម្ដេច​តេ​ជោ​ផង​ដែរ​។ សម្ដេច​តេ​ជោបាន​មាន​ប្រសាសន៍​ថា ​លក្ខខ័ណ្ឌ​ការងារ​ល្អ​ប្រសើរ​របស់​កម្មករ-​កម្មការិនី គឺជា​អាទិភាព​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​។ សម្ដេច​តេ​ជោ​បាន​ជម្រាប​ផង​ដែរ​ អំពី​ការ​អញ្ជើញ​ចុះទៅ​ជួប​ប្រធាន​ក្រុមហ៊ុន អ្នកគ្រប់គ្រង​ក្រុមហ៊ុន និង​ជាពិសេស​គឺ​កម្មករ​-កម្មការិនី​ចំនួន ៨​ម៉ឺន​នាក់​រួច​មក​ហើយ ហើយ​តាមរយៈ​ជំនួប​នេះ​គឺ​ដើម្បី​ជំរុញ​ការអនុវត្ត​កិច្ច​គាំពារ​សង្គម​ និង​លក្ខខ័ណ្ឌ​ការងារ​នៅ​តាម​រោងចក្រ​នីមួយៗឲ្យ​កាន់តែ​ប្រសើរ​ឡើង ដូចជា​រោងចក្រ​ត្រូវ​មាន​ទីកន្លែង​ និង​ផ្ដល់​អាហារ​ថ្ងៃត្រង់​ដល់​កម្មករ និង​មាន​គិលានដ្ឋាន និង​កន្លែង​បំបៅ​ដោះ​កូន និង​ផ្ដល់​លទ្ធភាព​ឲ្យមាន​ការពិនិត្យ​សុខភាព​ស្ត្រី​មាន​ផ្ទៃពោះ​។

ចំពោះ​ស្ត្រី​ក្រោយ​សម្រាលកូន​រួចហើយ គឺ​នឹង​ទទួល​បាន​បាន​ទទួល​ថវិកា ១០០ដុល្លារសម្រាប់​កូន​ម្នាក់ ហើយ​ទទួល​បាន​ប្រាក់ខែ​១២០% ព្រមទាំង​បាន​ឈប់សម្រាក​ ៣​ខែ​ទៀត​ផង​។ ចំពោះ​ប្រាក់ខែ​កម្មករ​ប្រចាំ​ឆ្នាំ​ក៏​ត្រូវ​ឡើងជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ​។​ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក៏បាន​ជម្រាប​ជូន​ផង​ដែរ​ថា ​ក្នុង​អាណត្តិ​នៃ​រាជរដ្ឋាភិបាល​ថ្មី​នេះ គឺ​នឹង​បន្ត​ខិតខំ​ធ្វើ​យ៉ាង​ណា​ដើម្បី​រក្សា​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច និង​ស្ថិរភាព​នយោបាយ​សង្គម​។ កម្ពុជា និង​អាល្លឺម៉ង់​នឹង​ខិតខំ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយគ្នា ឲ្យ​កាន់តែ​ល្អ​រឹងមាំ​ថែមទៀត​ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​ជាច្រើន ​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង២​៕