NOCC ពង្រីក​ទីតាំង​ចុះឈ្មោះ​រត់​ពាក់​កណ្ដាល​ម៉ា​រ៉ា​តុង​ភ្នំពេញ​កាន់​តែ​ច្រើន​

118

ម៉ា​រ៉ា​តុង៖ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) បាន​ធ្វើ​ការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​ជន​បរទេស​សូម​រួសរាន់​ចុះ​ឈ្មោះ​ចូលរួម​ ទិវា​រត់​ប្រណាំង​ភ្នំពេញ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិលើក​ទី​៩ ឲ្យ​បាន​ច្រើន​កុះករ ស្រប​ពេល NOCC រួម​ជាមួយ​ក្រុមហ៊ុន​ដៃ​ឧបសគ្គ បាន​រួម​គ្នា​ពង្រីក​ទីតាំង​ចុះឈ្មោះ​ជាច្រើន​កន្លែង ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចុះឈ្មោះ​ចូលរួម។​

ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ម្សិលមិញ​ថា​ ទីតាំង​ចុះឈ្មោះ​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​ភ្នំពេញ​ឆ្នាំនេះ រួម​មាននៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ទីស្នាក់ការ​ក្រុមហ៊ុន Cambdodia Events Organizer។ បន្ថែម​លើ​នេះ​ក្រុមហ៊ុន​ដៃគូ ក៏បាន​ចូលរួម​រៀបចំ​កន្លែង​ចុះឈ្មោះ​ដែរដូចជា​តាម​ស្តង់​ភេសជ្ជៈ Wurkz, ហាង​ស្បែក​ជើង​ស្កេត​ឈ័​រ ក៏​ដូច​ជា​ការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ទូរគមនាគមន៍​របស់​ក្រុមហ៊ុន Smart ជាដើម។ ​យ៉ាង​ណា​មិញ​រដ្ឋលេខាធិកា​រ​ក្រសួង​ទេសចរណ៍​ដដែលបាន​គូស​បញ្ជាក់​ថា ឆ្នាំនេះ​​ក៏​មិន​ខុស​ពី​ឆ្នាំមុន​ដែរអ្នក​ចុះ​ឈ្មោះ​នៅ​មាន​កម្រិត ត្រង់​ថា មុន​ថ្ងៃ​រត់ ១​ខែ ឬ ២​ខែពួកគាត់​មិនសូវ​រួសរាន់​ចុះឈ្មោះ​នោះ​ទេ សូម្បីតែ​បរទេស​ក្នុងស្រុក។ លុះ​ចូល​កៀក​ថ្ងៃ​រត់​ទើប​ពួកគេ​សម្រុក​មក​ចុះឈ្មោះ។ ហេតុនេះ​ឯកឧត្ដម​បាន​ស្នើ និង​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋទាំង​ជាតិ និង​អន្តរជាតិចុះឈ្មោះ​ឲ្យ​បាន​មុន ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ការរៀបចំ​របស់​គណៈកម្មការ។​

ឯកឧត្ដម​បន្ដ​ថា មក​ទល់​ពេល​នេះគណៈកម្មការ​បាន​ទទួល​អ្នក​ចុះឈ្មោះ​រួចរាល់​ជាង ២,០០០​នាក់​ហើយ ដែល​មកពី ២១​ប្រទេស ប៉ុន្តែ​ទម្រាំ​ដល់​ថ្ងៃ​រត់ឯកឧត្ដម​សង្ឃឹម​យ៉ាង​មុតមាំ​ថា អ្នក​រត់​ឆ្នាំនេះនឹង​កើត​ជាង ៥,០០០​នាក់ ឬ​ពី ១០% ទៅ ២០% បើ​ធៀប​នឹង​ឆ្នាំមុន។ ការ​អះ​អាង​បែបនេះដោយ​សារ​ប្រជាពលរដ្ឋ កំពុង​ចាប់ផ្ដើម​សម្រុក​មក​ចុះឈ្មោះ ហើយ​មាន​ក្រុមហ៊ុន និង​អង្គការ​មួយ​ចំនួនកំពុង​រៀបចំ​ឯកសារ ​ធ្វើការ​ចុះឈ្មោះ​ជា​ក្រុម​ជាដើម។​ គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​កីឡា និង​ទេសចរណ៍​នេះនឹង​រៀប​ចំ​នា​ថ្ងៃ​ទី​១៦ ខែ​មិថុនា​ខាងមុខក្នុង​គោលបំណង​សំខាន់ៗ ដូចជា​ដើម្បី​ចូល​រួម​អបអរសាទរព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក៏ដូចជា​ការ​ផ្សព្វផ្សាយ​អំពី​ការ​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម ក្រោម​ពាក្យ​ស្លោក “​យើង​នាំគ្នា​រត់​ឆ្ពោះ​ទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣” រត់​ដើម្បី​ទីក្រុង​ស្អាត និង​ស្វែងរក​មូលនិធិ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ជាដើម។ ចំពោះ​វិញ្ញាសា​ត្រូវ​រត់គឺ​មាន​រត់​ចម្ងាយ ២១​គីឡូម៉ែត្រ ១០​គីឡូម៉ែត្រ និង ៣​គីឡូម៉ែត្រ៕

អត្ថបទ៖ លី ឈុន​ឡា