វិសាខា​ទម្លាយ​ចំណុច​ខ្លាំង​មួយ​របស់​បឹងកេត​មុន​ប៉ះ​គ្នា​ស្អែក​នេះ​

179

បាល់ទាត់៖ ជំនួប​រវាង​ក្រុម​វិសាខា និង​​បឹងកេត​នៅ​កីឡដ្ឋាន​វិសាខា​ស្អែក​នេះ បាន​នឹង​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ។ ទន្ទឹម​ជាមួយគ្នា​លោក ហុក សុ​ជីវ័ន គ្រូ​បង្វឹក​ក្រុម​វិសាខា ក៏បាន​បង្ហាញ​ពី​ការ​ត្រៀម​ខ្លួនក្នុងនាម​ជា​ម្ចាស់ផ្ទះ ក៏ដូចជា​ទម្លាយ​នូវ​ភាព​ខ្លាំង​មួយ​របស់​គូប្រជែង ដែល​ក្លឹប​ស្រុក​ខ្មែរ​ស្ទើរ​គ្មាន​ដូច​បឹងកេត​ទៀត​ផង។​

លោក ហុក សុ​ជីវ័ន បាន​បញ្ជាក់​ថា ថ្វី​ត្បិត​បឹងកេត​បាន​នាំ​យក​យុវជន​មួយ​ចំនួន មក​ជួយ​ក្រុម​ក្នុង​រដូវ​កាល​ថ្មី តែ​ភាគច្រើន​ពួកគេ​សម្បូរ​កីឡាករ​មាន​បទពិសោធន៍ ពិសេស​កីឡាករ​បរទេស ដែល​ត្រូវ​បាន​លោក​ចាត់ទុកជា​ក្រុម​មាន​កីឡាករ​បរទេស​កម្រិត​ខ្ពស់​ជាងគេ បើ​ធៀប​នឹង​ក្លឹប​ផ្សេងៗនៃ​លី​គ​កំពូល​កម្ពុជា។ ហេតុនេះ​លោក​រំពឹង​ថា ការប្រកួត​នេះមិន​មាន​ជា​ការ​ប្រកួត​ងាយស្រួល​នោះ​ទេ។​​ គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​ទាំងវិសាខា និង​បឹងកេត​កំពុង​កាន់ ​១៣​ពិន្ទុ​ក្នុង​ដៃ​ដូចគ្នា។ ដូច្នេះ​ការប្រកួត​ស្អែក​នេះគឺជា​ការប្រកួត​ដ៏​សំខាន់ ដែល​ក្រុម​ទាំងពីរត្រូវ​ប្រជែង ៣​ពិន្ទុ ដើម្បី​ដណ្ដើម​ចំណាត់ថ្នាក់​ល្អក្នុង​តារាង​ពិន្ទុ​លី​គ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​៧​។ ចំពោះ​ការប្រកួត​នឹង​ចាប់ផ្ដើម​នា​វេលា​ម៉ោង ៦​ល្ងាច ហើយក៏​មានការ​ផ្សាយ​ផ្ទា​ល់​ពី​ក្រុមការងារ​ទូរទស្សន៍ BTV-News ផង​ដែរ៕