១៦ឧសភា ក្រសួងមហាផ្ទៃនឹងប្រារព្ធ​ពិធី​អបអរសាទ​ខួប​អនុស្សាវរីយ៍​នៃថ្ងៃបង្កើត​កម្លាំង​នគរបាល​ជាតិ​លើកទី៧៤

135

ភ្នំពេញ ៖ ​នៅសល់តែបីថ្ងៃទៀត ប៉ុណ្ណោះក្រសួងមហាផ្ទៃ ​នឹង​ប្រារព្ធ​ពិធី​អបអរសាទរខួប​អនុស្សាវរីយ៍​ នៃ ថ្ងៃបង្កើតកងកម្លាំងនគរបាលកម្ពុជា លើកទី៧៤ (១៦ឧសភា ១៩៤៥១៦ឧសភា២០១៩) ដោយកម្មវិធីនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តី និង ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ​និងវត្តមានមន្រ្តី​នគរបាល​គ្រប់​ជាន់​ថ្នាក់ផងដែរ។

១៦ ឧសភា ជាទិវានៃការចងចាំជាប្រវត្តិសាស្ត្រ របស់អង្គប្រតិបត្តិច្បាប់ ដែលបានចាប់ បដិសន្ធិ​ក្រោមស្នា​ព្រះហស្ត​របស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម ​សហនុ ព្រះមហាវីរ​ក្សត្រ ព្រះបរមរតនកោដ្ឋ​ នៃព្រះរាជា​ណា​ចក្រកម្ពុជា។

មន្ត្រីនគរបាលជាតិ រួមទាំងថ្នាក់ដឹកនាំ ​ពីជំនាន់មុន ​និងជំនាន់បច្ចុប្បន្ន បានចូលរួមពលិកម្ម​គ្រប់បែប​យ៉ាង​ ក្នុងបុព្វហេតុរក្សាសន្តិសុខ​ សណ្ដាប់ធ្នាប់សាធារណៈ ​និងសុវត្ថិភាពសង្គម រួមសហការ​គ្នា​ទប់ស្កាត់​បានរាល់ការ​ប៉ុនប៉ង​ធ្វើបដិវត្តន៍ពណ៌ការពារសុវត្ថិភាព ​សណ្ដាប់ធ្នាប់នៃសកម្មភាព បាតុកម្មកូដកម្ម ​ហើយបាន​បញ្ចៀស​នូវសកម្មភាពភេរវកម្ម​ ទប់ស្កាត់​ឧក្រិដ្ឋ​កម្មឆ្លងដែន ការពារ​ពិធីបុណ្យជាតិអន្តរជាតិ បានជាច្រើនករណីប្រកបដោយសុវត្ថិភាព​ ជូនបងប្អូនជនរួមជាតិ និងថ្នាក់​ដឹកនាំជាតិ ការពារ រាជរដ្ឋាភិបាលស្របច្បាប់ ​ការពារបាវនាជាតិ ជាតិ​ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ ​និង គណៈប្រតិភូអន្តរជាតិផងដែរ ​ជាមួយគ្នានេះកងនគរបាលជាតិ បាន​ត្រៀម​ខ្លួនរួចជាស្រេចក្នុងការទប់ស្កាត់ ​រាល់ការប៉ុនប៉ងបំផ្លាញលទ្ធផល ការបោះឆ្នោតនិតិកាលទី៦ នាចុង ខែកក្កដាឆ្នាំ២០១៨ ខាងមុខនេះ ​របស់ក្រុមចលនាខុសច្បាប់ផងដែរ។

ទាក់ទង នឹងខួបអនុស្សាវរីយ៍នៃថ្ងៃបង្កើនកងកម្លាំងនគរបាលនេះ ​កាលពីឆ្នាំ២០១៨ កន្លងទៅត្រូវ​នឹងថ្ងៃខួប​អនុស្សាវរីយ៍ នៃការបង្កើតនគរបាលលើកទី៧៣ ​សម្តេចតេជោ ​ហ៊ុន សែន នាយរដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើរសារលិខិតជូនដល់បងប្អូនជាកងកម្លាំងនគរបាលថា កង​កម្លាំង​នគរបាល បានសហការជាមួយកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ​ជម្នះ​បានគ្រប់​ឧបសគ្គ ព្រមទាំងបង្កើតបានស្នាដៃធំធេងក្នុងការរក្សាបាននូវសន្តិសុខ ​និងសន្តិភាព រក្សាស្ថិរភាព និងប្រក្រតីភាពស្ថាប័ន កំពូលរបស់រដ្ឋ តាមរយៈការវាយ​ឲ្យបរាជ័យនូវឧបាយកលពិសពុលរបស់ពួកអមិត្ត ​ដែលបានឃុបឃិតជាមួយបរទេស ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ​តាមបែបផែនបដិវត្តន៍ពណ៌ ​ដណ្តើមយកអំណាច ផ្ទុយ​ពីគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។

ក្នុងសារលិខិតនោះសម្តេច បានលើកឡើងទៀតថា ប៉ូលីសក៏បានធ្វើជាបង្អែកដ៏រឹងមាំ នៅក្នុង​គោលនយោបាយ«ភូមិឃុំ មានសុវត្ថិភាព» ការពារប្រកបដោយជោគជ័យ នូវ​យុទ្ធនាការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំសង្កាត់​ អាណត្តិទី៤ និងការបោះឆ្នោតជ្រើសតាំង​សមាជិក​ព្រឹទ្ធសភាអាណត្តិទី៤។

ជាងនេះទៅទៀតសម្តេចតេជោ ហ៊ុន សែន តាមរយៈលិខិតរបស់សម្តេច ​បានលើកសរសើរផងដែរ ពីគុណ​សម្បត្តិរបស់នគរបាលជាតិ ​ដូចជា​ការគ្រប់គ្រងជនបរទេស ការពង្រឹង​នៃ​ការ​អនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ ​ដោយជន​អន្តោប្រវេសន៍​ខុស​ច្បាប់រាប់ម៉ឺននាក់ មក​ពីរាប់​សិបសញ្ជាតិ ​ត្រូវបានចាប់បញ្ជូនទៅប្រទេសដើមវិញ ​ចាប់តាំងពីឆ្នាំ២០១៤មក។

សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃមិនបានប្រារព្ធ​ពិធី អបអរសាទរនៃថ្ងៃបង្កើតកងកម្លាំង​ចំនួនពីរឆ្នាំមក​ហើយ​ដោយ​ឆ្នាំ២០១៩នេះ នឹងប្រព្រឹត្តធំជាងលើកមុនដោយមានការតាំង​ពិព័រណ៍ នូវរូប​ថត​អនុស្សាវរីយ៍ជាច្រើន ​នៃ​សកម្មភាពរបស់នគរបាលគ្រប់រាជធានី-​ខេត្ត និង នាយកដ្ឋាននាន​​ដែល​ចំណុះ​ឲ្យក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិផងដែរ៕