ពលរដ្ឋ​បង្ហាញ​ការ​គោរព​ស្រលាញ់ ​ចំពោះ​ព្រះមហាក្សត្រ ​ក្នុង​ឱកាស​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម

92

ភ្នំពេញ ៖ ​ប្រជាពលរដ្ឋ​កម្ពុជា បាន​បង្ហាញ​នូវ​ការគោរព​ស្រលាញ់​ចំពោះ ​ព្រះករុណា​ ព្រះបរមនាថ នរោត្តម​សីហមុនី ​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ក្នុងឱកាស​ចម្រើន​ជន្ម​ឈាន​ចូល ៦៧ ព្រះវស្សា ​ដែល​ក៏​ជា​ថ្ងៃ​ឈប់សម្រាក​ពី​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ពេញ​ផ្ទៃ​ប្រទេស​ផងដែរ​។

ក្នុងឱកាស​ឈប់សម្រាក​រយៈពេល ៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី ១៣ រហូតដល់​ថ្ងៃទី ១៥​ខែឧសភា ​ឆ្នាំ ២០១៩ ជា​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម ​ព្រះបរមនាថ ​នរោត្តម​សីហមុនី ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រជាពលរដ្ឋ​កម្ពុជា ​បាន​បង្ហាញ​ការគោរព​ស្រលាញ់ ​និង​ថ្វាយព្រះពរ​ដល់​ព្រះអង្គ សម្រាប់​ការឈាន​ចូល ៦៧ ព្រះវស្សា​។ ​ជាក់ស្ដែង​ជាការ​អបអរសាទរ​សម្រាប់​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម ក៏មាន​ការ​តុបតែង ​តាំង​ព្រះឆាយលក្ខ​ព្រះមហាក្សត្រ​ នៅមុខ​ព្រះបរមរាជវាំង និង​នៅតាម​ទី​សាធ​រណៈ​ផងដែរ ។

ជុំវិញ ​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​ នៅតាម​បណ្ដាញ​សង្គម​ FACEBOOK ក៏​មានការ​ផុលផុស​ ដោយមាន​ការសរសេរ​សារ ​អបអរ​ព្រះអង្គ​ជាច្រើន​ ពី​ប្រជាពលរដ្ឋ ​ក៏ដូចជា​ថ្នាក់ដឹកនាំ​។ សម្រាប់​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម ព្រះមហាក្សត្រ ​បានផ្ដល់​ឱកាស​អោយ​ប្រជាពលរដ្ឋ​កម្ពុជា មាន​ភាព​រីករាយ​ជាខ្លាំង ​ដោយ​ពួកគាត់​បាន​ធ្វើ​ដំណើរ​ទៅកាន់​ទី​កម្សាន្ត​នានា ​ក្នុងប្រទេស​កម្ពុជា ។​

សម្រាប់​មុខ​ព្រះបរមរាជវាំង ជាក់ស្ដែង​នៅពេល​ល្ងាច​ក៏មាន​ប្រជាពលរដ្ឋ​មក​កំសាន្ត​ជាច្រើន​ជា​លក្ខណៈ​គ្រួសារ ដោយ​ពួកគេ​បង្ហាញ​ទឹកមុខ​សប្បាយរីករាយ និង​នាំគ្នា​ថតរូប​ទុកជា​អនុ​ស្សារី​យ៍​។​ឈ្លាត​ឱកាស​នេះ តាម​បណ្ដា​ហាង​មួយចំនួន​ក៏បាន​ធ្វើការ​បញ្ចុះតម្លៃ​សម្រាប់​ព្រះរាជ​ពិធី​ច​ម្រើ​ព្រះ​ជន្ន​ផងដែរ​។ គួរ​បញ្ជាក់ថា ព្រះបរមនាថ នរោត្តម​សីហមុនី ទ្រង់​ប្រសូត​នៅ​ថ្ងៃទី ១៤​ខែឧសភា ឆ្នាំ​១៩៥៣​៕