២០២០ កម្ពុជា​នឹង​ដាក់​ឱ្យ​ដំណើរការ​ព្រលាន​សម្រាប់​យន្តហោះ​ឆ្លង​ទ្វីប​

1240

ភ្នំពេញ ​៖ នៅពេល​បច្ចុប្បន្ន គ្រប់​ព្រលានយន្តហោះ​អន្តរជាតិ​ទាំងអស់​នៅ​កម្ពុជា ​គឺ​សមត្ថភាព​ទទួល​ការ​ចុះចត​ប្រភេទ​យន្តហោះ​ខ្នាតតូច ​ពោលគឺ​ប្រភេទ​យន្តហោះ​ដែល​អាច​ហោះហើរ​បានតែ​នៅក្នុង​តំបន់​អាស៊ាន ​និង​បណ្តា​ប្រទេស​មួយ​ចំនួន​នៅក្នុង​តំបន់​អាស៊ី​តែប៉ុណ្ណោះ​ ។ ​បើតាម​មន្ត្រីជាន់ខ្ពស់​អាកាសចរ​ណ៍​ស៊ីវិល​អះអាងថា កម្ពុជា​ចាប់ពី​ឆ្នាំ​២០២០​ទៅ​ គឺ​មានតែ​ព្រលានយន្តហោះ​នៅ​ខេត្ត​ព្រះសីហនុ​ ​ដំបូង​គេ​ ដែល​អាច​នឹងទទួល​ប្រភេទ​យន្តហោះ​ហោះ​ឆ្លង​ទ្វីប​បាន​។

ឯកឧត្តម ជា អូន រដ្ឋលេខាធិការ​ប្រចាំការ នៃ​លេខាធិការដ្ឋាន​អាកាស​ស៊ីវិល ​បាន​ថ្លែងប្រាប់​BTV នៅ​ថ្ងៃទី​១៥ ខែឧសភា​ថា កម្ពុជា​ចាប់ពី​ឆ្នាំ​២០២០ តទៅ​នឹង​មាន​ប្រភេទ​យន្តហោះ​ខ្នាត​យក្ខ​ ហោះ​ឆ្លង​ទ្វីប ហើយ​អាច​ចុះចត​ដំបូង​គេ​នៅ​ព្រលាន​ខេត្ត​ព្រះសីហនុ ​ខណៈ​ព្រលាន​មួយ​នេះ​បច្ចុប្បន្ន​បាន​ និងកំពុង​ធ្វើ​ផ្លូវ​ចុះចត​យន្តហោះ​ដ៏​ធំ​មួយ​បន្ថែមទៀត​។

ឯកឧត្តម ជា អូន បញ្ជាក់ថា បច្ចុប្បន្ន​បើ​ប្រៀបធៀប​ជាមួយ​បណ្តា​ប្រទេស​ផ្សេងទៀត​ គឺ​កម្ពុ​ជា​មាន​ភ្ញៀវទេសចរ​បរទេស​មក​ទស្សនា​កម្ពុជា​នៅ​មានកម្រិត ​ជាពិសេស​ភ្ញៀវ​នៅ​ប៉ែក​ខាង​អឺរ៉ុប ​ទ្វីប​អា​មេ​រិក និង​ទ្វីប​អាហ្វ្រឹក​ ជាដើម ​ដែល​ចង់បាន​ការហោះហើរ​ត្រង់​មកកាន់​កម្ពុជា​ផ្ទាល់​តែម្ដង​ គឺ​មិន​ចង់​ចុះចត​នៅ ប្រទេស​មួយ​ចំនួន​មុន នឹង​មកដល់​កម្ពុជា​នោះទេ​។

ឯកឧត្តម ជា​អូន ថ្លែងថា ជារួម​នៅ​ឆ្នាំ​២០២០ ព្រលានយន្តហោះ​ខេត្ត​ព្រះសីហនុ នឹង​ចាប់​ផ្តើម​ទទួល​ប្រភេទ​យន្តហោះ​ដែល​ហោះ​ក្នុង​រយៈពេល​ចន្លោះ​ពី​១២​ទៅ​១៦​ម៉ោង​ ពោលគឺ​អាច​ហោះ​ដល់​ប្រទេស​បារាំង និង​សហរដ្ឋ​អា​មេ​រិក ​ ហើយ​នៅ​ឆ្នាំ​២០២៥ ​កម្ពុជា​នឹង​មាន​ព្រលាន​យន្តហោះ​ទី​២​ខ្នាត​4F​នេះដែរ ​គឺ​ចំណត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល ​និង​ខេត្តតាកែវ ។

ឯកឧត្តម បញ្ជាក់ថា ព្រលាន​ថ្មី​ទាំងពីរ​នេះ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ ​មាន​ទំហំ​ប្រហាក់ប្រហែល ​នឹង​អាកាសយានដ្ឋាន នៅ​ប្រទេស​ថៃ​ ម៉ាឡេស៊ី ​និង​ប្រទេស​សិង្ហ​បុរី​ ដែល​អាច​ប្រើប្រាស់​សម្រាប់​ឱ្យ​យន្តហោះ​ធុន​ធំ ​ដែល​ហោះហើរ​ផ្លូវ​ឆ្ងាយ​ហោះ​ចេញ ​ឬ​ចុះចត​បាន ៕​