មនុស្ស​រាប់​ពាន់​នាក់​តវ៉ា​នៅ​តាម​ព្រំដែន​​​ប្រទេស​អ៊ីស្រាអែល​ដើម្បី​រំលឹក​​ទិវា​ណាក់បា​

198

ហ្កាហ្សា៖ កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​​ពលរដ្ឋ​ប៉ាឡេស្ទីន​ជា​ច្រើន ​បាន​ធ្វើ​ពិធី​រំលឹក​​ខួប​លើក​ទី៧១ នៃ​ការ​ធ្វើ​បម្លាស់ទី​ដ៏​ធំ​របស់​ពួក​គេ​អំឡុង​ពេល​សង្គ្រាម​​ឆ្នាំ​១៩៤៨ នៅ​កន្លែង​បង្កើត​រដ្ឋ​អ៊ីស្រាអែល​ ដោយ​ធ្វើ​ការ​តវ៉ា​​នៅ​ពាស​ពេញ​​តំបន់​វេសបេង និង​តំបន់​ហ្កាហ្សា។

មនុស្ស​រាប់​​ពាន់​នាក់​បាន​​សម្រុក​ទៅ​កាន់​ព្រំដែន​ហ្កាហ្សា​​ជាប់​អ៊ីស្រាអែល ខណៈ​ដែល​ក្រុម​សកម្ម​ប្រយុទ្ធ​​ហាម៉ាស់​ដែល​គ្រប់​គ្រង​តំបន់​ហ្កាហ្សា បាន​ប្រកាស​ធ្វើ​កូដកម្ម​ជា​ទូទៅ​​ដោយ​បិទ​សាលារៀន​នានា​ និង​បិទ​ស្ថាប័ន​សាធារណ​ ដើម្បី​​អនុញ្ញាត​ឲ្យ​មាន​​ចំនួន​អ្នក​ចេញ​​មក​តវ៉ា​​ឲ្យ​បាន​ច្រើន។ រយៈ​​ពេល​មួយ​ឆ្នាំ​នេះ​ក្រុម​ហាម៉ាស់​បាន​បង្កើត​ការ​តវ៉ា ​ជា​រៀង​រាល់​ថ្ងៃ​​​សុក្រ​​នៅ​តាម​​របង​ខណ្ឌ​ចែក​​ដែន​ដី​​ហ្កាហ្សា និង​អ៊ីស្រាអែល​​ ដែល​ទាម​ទារ​ឲ្យ​បញ្ឈប់​ការ​បិទ​ព្រំដែន​​រវាង​អ៊ីស្រាអែល​ និង​​អេហ្ស៊ីប។ ​ពលរដ្ឋ​ប៉ាឡេស្ទីន​ជាង ៦០​នាក់​បាន​បាត់​បង់​ជីវិត​​នៅ​ពេល​ធ្វើ​បាតុកម្ម​​កាល​ពី​ឆ្នាំ​មុន ដែល​ស្រប​គ្នា​​នឹង​ការ​បើក​​ស្ថានទូត​អាមេរិក​ថ្មី ក្នុង​ដែន​​មាន​ជម្លោះ​​ហ៊្សេរុយសាឡឹម។ បេសកជន​ជន​ជាតិ​កាតា​ដែល​បាន​ជួយ​​សម្របសម្រួល ​ឲ្យ​មាន​បទ​ឈប់​បាញ់​​នេះបាន​ជំរុញ​ដល់​ក្រុម​ហាម៉ាស់ ​​ឲ្យ​ទប់​ស្កាត់​​ការ​តវ៉ា​​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ៕

អត្ថបទ៖ រិទ្ធី