ការប្រកាស​បិទ​រដូវ​នេសាទ​ចាប់ពី​ខែក្រោយ​នេះ មិន​ប៉ះពាល់​ទេ​ដល់​នេសាទ​លក្ខណៈ​គ្រួសារ​

157

ភ្នំពេញ៖ គិត​ចាប់ពី​ថ្ងៃទី​០១ ខែមិថុនា ដល់​ថ្ងៃទី​៣០ ខែកញ្ញា ដែន​នេសាទ​ទឹកសាប ស្ថិតនៅ​ខាងជើង​ខ្សែស្រប​ទន្លេចតុមុខ នឹងត្រូវ​បាន​បិទ​ដែលមាន​ខេត្ត​ទាំងអស់​ជុំវិញ​បឹង​ទន្លេសាប និង​ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនគិរី មណ្ឌលគិរី ព្រះវិហារ ប៉ៃលិន ឧ​ត្ត​រ​មានជ័យ រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល (​ផ្នែក​ខាងជើង​ចតុមុខ​)​។ នេះ​យោង​សេចក្តីជូនដំណឹងរ​បស់​រដ្ឋបាល​ជលផល​។​

ឯកឧត្តម អេង ជា​សាន ប្រធាន​រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ប្រាប់​ទូរទស្សន៍​ព័ត​មាន ប៊ី​ធី​វី នៅ​រសៀល​ថ្ងៃទី​១៦ ឧសភា ឆ្នាំ​២០១៩​នេះ​ថា នៅពេល​ជិត​ដល់​រដូវ​បិទ​នេសាទ ជា​រៀងរាល់ឆ្នាំ រដ្ឋបាល​ជលផល​តែងតែ​ជូនដំណឹង​មុន​។ ឯកឧត្តម​បញ្ជាក់ថា ជាមួយនឹង​សេចក្តីជូនដំណឹង​នេះ គឺ​មិន​ប៉ះពាល់​ទេ​ទៅដល់​អ្នកនេសាទ​ជា​លក្ខណៈ​គ្រួសារ ពោលគឺ​ហាម​តែ​របរ​សិប្បកម្ម​តែប៉ុណ្ណោះ​។​

បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ជលផល ស្តីពី​រដូវ​បិទ​នេសាទ ឆ្នាំ​២០១៩ បាន​បង្ហាញ​ថា ដោយឡែក ចាប់ពី​ថ្ងៃទី​១ ខែកក្កដា ដល់​ថ្ងៃទី​៣១ ខែតុលា ក៏​នឹងត្រូវ​បិទ​ដូចគ្នា ចាប់ពី​ដែន​នេសាទ​ទឹកសាប​ដែល​ស្ថិតនៅ​ខាងត្បូង​ខ្សែស្រប​ទន្លេចតុមុខ ដែលមាន​រាជធានី​ភ្នំពេញ (​ផ្នែក​ខាងត្បូង​ចតុមុខ​) ខេត្តកណ្តាល ព្រៃវែង តាកែវ កំពង់ស្ពឺ និង​ស្វាយរៀង​។

ក្នុង​រដូវ​កាល​បិទ​នេសាទ​នេះ អ្នកនេសាទ​អនុញ្ញាតឱ្យ​ប្រើតែ​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ ប៉ុន្តែ​ចំពោះ​ឧបករណ៍ ដូចជា អួន ម៉ាញ់ ចៃរ៉ា ជន សាប នាម ឈ្នក់ មិន​អនុញ្ញាតឱ្យ​ប្រើប្រាស់​ឡើយ​។ ចំណែក ឧបករណ៍​មង​ត្រូវបាន​អនុញ្ញាតឱ្យ​ប្រើតែ​ប្រវែង​១០០​ម៉ែត្រ​។

ទន្ទឹមនេះ រដ្ឋបាល​ជលផល​ក៏បាន​អំពាវនាវ​ដល់​អ្នកនេសាទ​ទាំងអស់​ត្រូវ​អនុវត្តតាម​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែលមាន​ចំនួន ៧​ចំណុច​ឱ្យបាន​ខ្ជាប់ខ្ជួន និង​ជួយ​ការពារ​នូវ​តំបន់​អភិរក្ស​ជលផល​ឲ្យ​បាន​គង់វង្ស​ដើម្បី​រក្សាទុក​ពូជ​ត្រី សម្រាប់​ប្រជាជន​ខ្មែរ​ក្នុង​ជំនាន់​នេះ និង​នៅ​ជំនាន់​ក្រោយៗ​ទៀត​៕