ក្រុមហ៊ុន​ចិន​មួយ​នឹង​វិនិយោគ​កែច្នៃ​ កសិផល​ខ្មែរ​ក្នុង​ផ្ទៃដី​ជាង​២​ពាន់​ហិកតា​

175

ភ្នំពេញ ៖ ​ក្រុមហ៊ុន​ចិន​មួយ​គ្រោង​នឹង​រៀបចំ​ដី​ ជាង​២ពាន់​ហិកតា ដែល​មាន​ទីតាំង​ស្ថិតនៅ​ខេត្តកំពង់ធំ ​ដើម្បី ធ្វើ​ការ​ដាំដុះ​ និង​វេច​ខ្ចប់​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា​។

ឯកឧត្តម វេ​ង សាខុន ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ​បាន​ថ្លែង​ក្នុង​ជំនួប​និង​ក្រុមហ៊ុន​ចិន ​មួយ​កាលពី​ថ្ងៃទី ​១៦ ខែឧសភា ឆ្នាំ​២០១៩​នេះ​ថា​ ជំនួប​នោះ​គឺ​ផ្តោត ​សំខាន់​ទៅលើ​បំណង ​និង​ផែនការ​វិនិយោគ​របស់​ក្រុមហ៊ុន​ក្នុង​ការ​កែច្នៃ វេច​ខ្ចប់ ពិសេស ​ការបំពេញ​ខ្សែ​ច្រវាក់​ផលិតកម្ម​កសិកម្ម​ពី​ចំណុច​ផ្តើម​ រហូតដល់​ការនាំចេញ​តែម្តង​ ហើយ​អ្វីដែល​សំខាន់​នោះ ​ការធ្វើ​ពាណិជ្ជកម្ម​ និង​ទីផ្សារ​កសិផល​គឺ​តាមរយៈ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ ដែល​អាច​កាត់បន្ថយ​ពេលវេលា ការ​ចំណាយ និង​បង្កើន​ភាព​ទូលំទូលាយ​ជូន​គ្រប់ភាគី​ពាក់ព័ន្ធ​។

ឯកឧត្តម​ បាន​ថ្លែង​ទៀតថា​ ដើម្បីឱ្យ​ផែនការ​វិនិយោគ​របស់​ក្រុមហ៊ុន​ទទួល​បាន​ជោគជ័យ ក្រុមហ៊ុន​បាន​រៀបចំ​ដី​ជាង​២​ពាន់​ហិកតា នៅ​ខេត្តកំពង់ធំ​សម្រាប់ ធ្វើ​ការដាំដុះ កែច្នៃ និង​វេច​ខ្ចប់​ផលិតផល​កសិកម្ម ដូចជា​អង្ករ ស្វាយ​ ស្វាយចន្ទី​ជាដើម ហើយ​គម្រោង​នេះ​ក៏​ទទួល​បាន​ការ​សហការ​គាំទ្រ​ពី​ក្រសួងកសិកម្ម ​និង​កិច្ចការ​ជនបទ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

សម្រាប់ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ ក៏បាន​លើកឡើងថា​ ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ភាគី​ចិន​ក៏បាន​និង​បន្ត​ផ្តល់​ កិច្ចសហប្រតិបត្តិការ យ៉ាង​ល្អប្រសើរ​ជាមួយ​ភាគី​កម្ពុជា ដោយ​ភាគី​ចិន​បាន​ឯកភាព​បង្កើន​កូតា នាំចូល​អង្ករ​កម្ពុជា ​រហូតដល់​៤០០​ពាន់​តោន ​និង​ថ្មីៗ​នេះ បាន​អនុញ្ញាត​ឱ្យ​ចេកអំបូង​លឿង កម្ពុជា​ធ្វើការ​នាំចេញ​ឆ្ពោះ​ត្រង់​ទៅកាន់​ទីផ្សារ​ចិន។

កម្ពុជា​សង្ឃឹមថា ផលិតផល កសិកម្ម​មួយ​ចំនួនទៀត​ដូចជា​ស្វាយ ផ្លែ​មៀន ម្រេច ផ្លែ​ស្រកានាគ ផ្លែ​ដូង​និង​ទឹកមាត់ ត្រចៀកកាំ ដែល​ភាគី​ទាំងពីរ​កំពុង​ធ្វើការ​ចរចា​អំពី​លក្ខខណ្ឌ​តម្រូវ​ស្តីពី​អនាម័យ និង​ភូតគាម​អនាម័យ ​នឹង​អាចធ្វើ​ការនាំចេញ​ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។

ចំណែក លោក He Jianping ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន ជី​ប៊ី​អាយ ​អិន​ធើ​ណេ​សិ​នណល អិន​វេស​មិន ​បាន​ឲ្យ​ដឹងថា ​ក្រុមហ៊ុន​របស់​លោក​បាន​រៀបចំ​ដី​ជាង​២​ពាន់​ហិក​តា​ នៅ​ខេត្តកំពង់ធំ​សម្រាប់​ធ្វើ​ការដាំដុះ​ កែច្នៃ និង​វេច​ខ្ចប់​ផលិតផល​កសិកម្ម ដូចជា​អង្ករ ​ស្វាយ ស្វាយចន្ទី​ជាដើម​។

យោងតាម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​ បង្ហាញថា​ បច្ចុប្បន្ននេះ ​ចំនួន​នៃ​ការវិនិយោគ​ពី​ក្រុមហ៊ុន​ចិន​មក​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ក៏​បាន​ និងកំពុង​មាន​កា​រ​កើនឡើង​គួរឱ្យកត់សម្គាល់​ផងដែរ ​ហើយ​ដូច្នេះ​ក្រសួងកសិកម្ម ​សូម​គាំទ្រ ​និង​ស្វាគមន៍​ចំពោះ​បំណង ​និង​ផែនការ​វិនិយោគ​របស់​ក្រុមហ៊ុន​មក​លើ​វិស័យនេះ ​ដោយ​ត្រូវ​សំដៅ​លើ​ការកែច្នៃ វេច​ខ្ចប់​វត្ថុធាតុដើម​ដើម្បី​ផ្គត់ផ្គង់ ​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ​ផងដែរ ៕