នាយឧត្តមសេនីយ៍នេត សាវឿន ថ្លែងថានគរបាលជាស្នូលធំបំផុតក្នុងការការពារសន្តិសុខសង្គមនិងសន្តិភាព

136

ព្រៃវែង ៖ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿនអគ្គស្នងការនគរបាលជាតិបានថ្លែងថា កងកម្លាំងនគរបាលជាតិគឺជាស្នូលធំបំផុតក្នុងការការពារសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈនិងសន្តិភាពនៃប្រទេសជាតិហើយនគរបាលទាំងអស់ត្រូវការពារឲ្យបានដាច់ខាត់ នូវសុខសន្តិភាពនិងការអភិវឌ្ឍដែលកំពុងមាន បច្ចុប្បន្ននេះ។

ថ្លែងនៅក្នុងកម្មវិធីសំណេះសំណាល និងសួរសុខទុក្ខដល់មន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរ បាលខេត្តព្រៃវែងនៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នា២០១៩នេះនៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែងឯកឧត្តមនាយឧត្តមសេនីយ៍បានលើកឡើងថា នគរបាលនៃព្រះរាជាណាចក្រកម្ពុជាបានបង្កើតឡើងអស់រយៈពេល៧៤ឆ្នាំមកហើយ ហើយកម្លាំងនគរបាលនេះគឺជាឆ្អឹងខ្នងធំបំផុតសម្រាប់ការពារសន្តិសុខជូនដល់ប្រជាពលរដ្ឋនិងសន្តិសុខទូទាំងប្រទេស។

ឯកឧត្តមនាយឧត្តមសេនីយ៍បានបញ្ជាក់ប្រាប់ដល់កងកម្លាំងនគរបាលខេត្តព្រៃវែងថា «នគរបាលគ្រប់រូបត្រូវប្តេជ្ញាចិត្តអ្វីខ្លះនៅពេលចំពោះមុខនេះ ដើម្បីរួមចំណែកថែរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការពារព្រះមហាក្សក្សត្រ ការពាររដ្ឋធម្មនុញ្ញ ជាពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ហើយប្រឆាំងដាច់ខាតមិនឲ្យមានបដិវត្តន៍ពណ៌កើតឡើងនៅលើទឹកដីកម្ពុជា និងត្រូវទប់ស្កាត់រាល់បុគ្គលណាដែលមានចេតនាញុះញ៉ុងឲ្យអសន្តិសុខក្នុងសង្គមជាតិជាដើមនោះ»។
ជាមួយគ្នានោះដែរឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត បានជម្រុញដល់នគរបាលខេត្តព្រៃវែងទាំងអស់ត្រូវបង្កើនសកម្មភាពបន្ថែមទៀតក្នុងការបំរើសេវាសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានខ្លាំងក្លាបន្ថែមទៀតប្រកបដោយការទទួលខុសត្រូវនិងតាមវិជ្ជាជីវៈបំផុត ខណៈការបំរើសេវាសាធារណៈនៅមានបងប្អូនប្រជាពលរដ្ឋថ្នាំងថ្នាក់នៅឡើយនោះ។

ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការ ក៏បានប្រាប់ដល់នគរបាលទាំងអស់ត្រូវត្រៀមខ្លួនការពារនូវសន្តិសុខជូនគណបក្សនយោបាយក្នុងឱកាសបោះឆ្នោតអសកល ជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ខាងមុខនេះផងដែរ ដោយកិច្ចការការពារនេះមិនត្រូវរើសអើងគណបក្សណានោះឡើយ។

ឯកឧត្តមនាយឧត្តមសេនីយ៍នេត សាវឿន ក៏បានថ្លែងកោតសរសើរចំពោះមន្រ្តីនគរបាលដែលបានខិតខំកិច្ចការការពារសន្តិសុខសណ្តាប់ធ្នាប់ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបុណ្យជាតិនិងកម្មវិធីផ្សេងៗនាពេលកន្លងមកប្រកបដោយការទទួលខុសត្រូវនិងល្អប្រសើរផងដែរ។ យ៉ាងណាក៏ដោយឯកឧត្តមនេត សាវឿន ក៏បានអំពាវនាវដល់នគរបាលទាំងអស់ ត្រូវពង្រឹងគុណភាពការងាររបស់ខ្លួនបន្ថែមទៀតផងដែរ ដើម្បីផលប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋដោយមិនត្រូវឲ្យពួកគាត់មានការអាក់អន់ចិត្តនោះឡើយ៕