អ្នក​ស្លាប់​ និង​របួស​ដោយសារ​រន្ទះបាញ់​ និង​ខ្យល់​កន្ត្រាក់​ក្នុង​ខែឧសភា​នេះ​ មាន​ជាង​៧០​នាក់

185

ភ្នំពេញ ៖ ​លោក កែវ វី ជា​អ្នកនាំពាក្យ ​និង​ជាទី​ប្រឹក្សា​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ថ្លែង​ឲ្យ​ដឹងថា​ គិត​មកដល់​ថ្ងៃទី​២១ ​ខែឧសភា ឆ្នាំ​២០១៩​នេះ​ មាន​អ្នក​ស្លាប់​ និង​រង​របួស​ធ្ងន់​ស្រាល ជាង​៧០​នាក់​ ដោយសារតែ​រន្ទះបាញ់ ​និង​ខ្យល់​កន្ត្រាក់​ នៅ​ទូទាំងប្រទេស​​។

ថ្លែងប្រាប់​ទូរទស្សន៍​ប៊ី​ធី​វី​ តាមរយៈ​សា​អេ​ឡិច​ត្រូ​និ​ច (​តេ​លេ​ក្រាម​)​ នា​រសៀល​ថ្ងៃទី​២១​ ខែ ឧសភា ឆ្នាំ​២០១៩​នេះ​ លោក កែវ វី​ បាន​លើកឡើងថា​ ចាប់ពី​ថ្ងៃទី​១ ​ ដល់​ថ្ងៃទី​២១​ខែ ​ឧសភា​នេះ ​ខ្យល់​កន្ត្រាក់​ បាន​កើត​ឡើង​ចំនួន​៧៦​លើក​នៅ​ទូទាំង​ប្រទេស​ ​​បណ្តាល​ឲ្យ​ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ​រលំ ​និង​ខូច​ធ្ងន់ធ្ងរ​៣១៤​ខ្នង .​ផ្ទះ​របើក​ដំបូល​ និង​ខូច​មធ្យម ៣១៣១​ខ្នង​.​របើក​ដំបូល​សាលារៀន​និង​ទីចាត់ការ ១៧​អគារ , ដួល​រលំ​អគារ​សាលារៀន​ចាស់ ១ ខ្នង , ​របើក​ដំបូល​អគារ​រដ្ឋបាល ​៦ កន្លែង , របើក​ដំបូល​រោង​ម៉ា​ស៊ីន​កិនស្រូវ​៥​កន្លែង​ និង​ ខូច​ដំបូល​ព្រះវិហារ​ និង​សាលាឆាន់​៤​ខ្នង​ ហើយ​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១​នាក់​ និង​របួស ២៩​នាក់​។

ដោយឡែក​សម្រាប់​ជនរងគ្រោះ​ ដោយសារ​រន្ទះបាញ់​វិញ​គឺ​មាន​រហូតដល់​៤៥​នាក់ ​ក្នុងនោះ​មាន​ស្លាប់​២៣​នាក់​ និង​របួស​២២​នាក់​ , ​ងាប់​គោក្របី​២០​ក្បាល ​និង​ខូចខាត​ផ្ទះ​៤ ខ្នង​។

បើ​តាម​អ្នកនាំពាក្យ​រូបនេះ ​បាន​ឲ្យ​ដឹងថា ​តួលេខ​រងគ្រោះ​នេះ​គឺ​បាន​កើន​ឡើង​ច្រើនជាង ឆ្នាំ​កន្លងទៅ​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​។​ យ៉ាងណាក៏ដោយ​លោក ​កែវ វី​ នៅតែ​បន្ត​អំពាវ​ នាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ទាក់ទង ​និង​ករណី​ខាងលើនេះ ​ខណៈ​បញ្ហា​នេះ​បាន​កើត​ឡើង​ខ្លាំង​ ស្របពេល​នៅ​តំបន់​មួយ​ចំនួន​ នៃ​ប្រទេស​កម្ពុ​ជា ​មាន​ខ្យល់​កន្ត្រាក់​ និង​រន្ទះបាញ់​ខុសពី​ធម្មតា​នោះ​៕