ការ​ផ្គត់ផ្គង់​ទឹកស្អាត​ក្នុង​រាជធានី​ភ្នំពេញ​មាន​ភាព​ប្រសើរ​ជា​ប្រក្រតី​វិញ​ហើយ​ក្នុង​រដូវវស្សា​នេះ​

132

ភ្នំពេញ៖ សម្រាប់​ការ​ចាប់ផ្ដើម​រដូវវស្សា​ឆ្នាំ​២០១៩ ​បាន​ធ្វើអោយ​ការ​ផ្គត់ផ្គង់​ទឹកស្អាត​ក្នុង​រាជធានី​ភ្នំពេញ​មាន​ភាពប្រសើរ​ជា​ប្រក្រតី​វិញ​ហើយ ដោយ​ប្រភពទឹក​មានការ​កើនឡើង​ស្របពេល​តម្រូវការ​ប្រើប្រាស់​របស់​ពលរដ្ឋ​មានការ​ថយចុះ និង​ធ្វើអោយ​សម្ពាធ​ទឹក​ខ្លាំង​ផងដែរ​។​

ពលរដ្ឋ​រស់​នៅក្នុង​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ បាន​លើកឡើងថា មួយ​រយៈ​ចុងក្រោយ​ចាប់ផ្ដើម​ពី​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​មកនេះ ការ​ផ្គត់ផ្គង់​ទឹកស្អាត​មក​ទីតាំង​មូលដ្ឋាន​របស់ខ្លួន​វិល​មក​ភាព​ប្រសើរ​ជា​ប្រក្រតី​វិញ​ហើយ ដោយ​ពុំ​មានការ​ដាច់ ហើយ​សម្ពាធ​ទឹក​ក៏​ចេញ​ខ្លាំង​ជាង​មុន ដែល​ធ្វើ​អោយ​ការប្រើប្រាស់​ប្រចាំ​និង​ការរស់នៅ​ប្រចាំថ្ងៃ​មាន​ភាពងាយស្រួល ពុំ​ដូច​មួយរយៈ​មុន​នោះទេ​។​

ភាពប្រសើរ​នៃ​ការផ្គត់ផ្គង់​ទឹកស្អាត​នេះ ក៏មាន​ការបញ្ជាក់​ពី រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ផងដែរ ។​

លោក ម៉ា ណូ​រ៉ា​វីន អគ្គនាយករង រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បញ្ជាក់ថា ការផ្គត់ផ្គង់​ទឹក​ក្នុង​ខែឧសភា​នេះ មាន​ភាពប្រសើរ​ជាង​ការផ្គត់ផ្គង់​ទឹក​ក្នុង​ខែមេសា​កន្លងទៅ ដោយសារ​ភ្លៀង​ធ្លាក់​ជា​កត្តា​សំខាន់​មួយ បំពេញ​ដល់​ប្រភពទឹក និង​កាត់បន្ថយ​តម្រូវការ​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​។​

សព្វថ្ងៃ​រោងចក្រ​ផលិត​ទឹក​ចំនួន ៣​ក្នុង​រាជធានី​ភ្នំពេញ កំពុង​បំពេញការងារ​យ៉ាង​មមាញឹក ដោយមាន​សមត្ថភាព​ផលិត​ផ្គ​ត​ផ្គង់​ប្រមាណ ៥៦៣ ០០០​ម៉ែត្រ​គីប ក្នុង​មួយថ្ងៃ​ដោយ តម្រូវការ​ជាក់ស្ដែង​ស្ថិតក្នុង​រង្វង់​៧០០ ០០០​ម៉ែត្រ​គីប​ក្នុង​មួយថ្ងៃ​។ នៅ​ចុងឆ្នាំ ២០១៩​នេះ រោងចក្រ​ផលិត​ទឹកស្អាត​មួយទៀត នៅ​ខណ្ឌចំការមន ក៏​នឹងដាក់​ដំណើរការ​ផងដែរ បន្ទាប់ពី​ធ្វើការ​សាងសង់​ជាថ្មី​អស់​មួយរយៈ​មកនេះ​។ សម្រាប់​រោងចក្រ​ផលិត​ទឹកស្អាត​ចំការមន​ដែល​នឹង​ផ្ដើម​ដំណើរការ​ជាថ្មី​ចុងឆ្នាំ ២០១៩​នេះ មានលទ្ធភាព​ផ្គត់ផ្គង់​ទឹក​ក្នុង​រង្វង់ ៥៣០០០ ម៉ែត្រ​គីប​ក្នុង​មួយថ្ងៃ​។​

សូមបញ្ជាក់ថា រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បានផ្ដល់​សេវាកម្ម​របស់ខ្លួន ប្រមាណ ៨៥%​នៃ​ប្រជាជន​រស់នៅក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ក្នុង​ឆ្នាំ​២០១៩​នេះ​។ រីឯ​ការពង្រីក​បណ្ដាញ​ត​ភ្ជាប់​ប្រព័ន្ធ​ទឹកស្អាត ជូន​ពលរដ្ឋ​សម្រេចបាន​ប្រមាណ ២២ ០០០​បណ្ដាញ​ជា​រៀងរាល់ឆ្នាំ​៕​