ប៊ែ​ល​ហ្ស៊ិ​កកោះ​ហៅ Vincent Kompany​ ចូល​ក្រុម​ជំរើស​ជាតិ​ម្តង​ទៀត​មុន​វគ្គ​ជំ​រុះ Euro 2020

203

បាល់ទាត់៖ ​ខ្សែ​ការពារ Vincent Kompany​ ដែល​ទើប​ប្រកាស​ចាក​ចេញ​ពី Manchester City ថ្មីៗ​នេះ​ ត្រូវ​បាន​កោះ​ហៅ​ចូល​ក្រុម​ជំរើស​ជាតិ​ប៊ែ​ល​ហ្ស៊ិ​ក​សារ​ជាថ្មី ​សំរាប់​ការប្រកួត​ជំ​រុះ Euro 2020 ដែល​ប៊ែ​ល​ហ្ស៊ិ​ក​នឹង​ត្រូវ​ជួប​ជាមួយ​កា​ហ្សា​ក់​ស្ថាន និង​ស្កុ​ត​ឡេ​ន​។

​​កីឡាករ​វ័យ 33​ឆ្នាំ​រូប​នេះ​បាន​ជួយ Manchester City លើក​ពាន3 ​ក្នុង​រដូវ​កាល​ដែល​ទើបតែ​បញ្ចប់​នេះ ហើយ​ក៏​បាន​ប្រកាស​ចាក​ចេញទៅ​កាន់​ក្លិប​ក្នុងស្រុក​កំណើត Anderlecht ជា​កីឡាករ​ផង និង​ជា​គ្រូ​បង្វឹក​ផង​។ ​Vincent Kompany​ មិន​បាន​លេង​ឲ្យ​ក្រុម​ជំរើស​ជាតិ​ប៊ែ​ល​ហ្ស៊ិ​ក​​តាំងពី​ខែ​វិច្ឆិកា​ឆ្នាំមុន​។ គ្រូ​បង្វឹក​ប៊ែ​ល​ហ្ស៊ិ​ក Roberto Martinez និយាយ​ថា ​Kompany ​មក​ពេល​នេះ​មិន​មែន​ជា​គ្រូ​បង្វឹក​ទេ គឺជា​កីឡាករ​ធម្មតា​ធ្វើ​យ៉ាង​ណា​ជួយ​ក្រុម​ឲ្យ​ទទួល​បាន​ជោគជ័យ ​ក្នុង​យុទ្ធនាការ​ជំ​រុះ Euro 2020 នេះ​។ ​​ក្រុម​បិសាច​ក្រហម​ប៊ែ​ល​ហ្ស៊ិ​ក​នឹង​ត្រូវ​ជួប ​ជាមួយ​កា​ហ្សា​ក់​ស្ថាន​នៅ​ថ្ងៃ​សៅរ៍​ទី​8 ខែ​ក្រោយ មុន​ពេល​បន្ត​ជួប​ស្កុ​ត​ឡេ​ន​បី​ថ្ងៃ​បន្ទាប់​ ខណៈ​ទាំងពីរ​ប្រកួត​ធ្វើ​នៅ​ទីក្រុង Brussels ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក​។

​​ក្រៅពី Kompany​ កីឡាករ​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​កោះហៅ​ មាន​ដូច​ជា​មិត្ត​រួម​ក្រុម​នៅ Man City, Kevin de Bruyne​, ខ្សែ​ប្រយុទ្ធ ManU, Romelu Lukaku​ និង​ខ្សែ​បំរើ Dortmund, Axel Witsel​ ជា​ដើម​ បន្ទាប់​ពី​អ្នក​ទាំង​3 ​សុទ្ធតែ​អវត្តមាន​ការប្រកួត​ជំ​រុះ​ 2​ប្រកួត​កន្លង​មក​ពេល​ជួប​រុស្ស៊ី និង​កោះ​ស៊ី​ព​៕

អត្ថបទ​៖​នាង សុភា​វុ​ធ