មនុស្ស​ ៦​នាក់​ស្លាប់​ និង​ជាង ​២០០​នាក់​រង​របួស​ក្នុង​ពេល​តវ៉ា​នៅ​ឥណ្ឌូនេស៊ី ក្រោយ​ប្រកាស​លទ្ធ​ផល​បោះ​ឆ្នោត​ផ្លូវ​ការ​

136

ឥណ្ឌូនេស៊ី៖ អ្នក​តវ៉ា​រាប់​រយ​នាក់បាន​ដើរ​តាម​ដង​ផ្លូវ​នានា​ នៃ​ទីក្រុង​ចា​កាតាកាលពី​ថ្ងៃ​អង្គារ ដោយ​ចោទ​ប្រកាន់​ថា​មាន​ការ​លួច​បន្លំ​លទ្ធផល​ បន្ទាប់ពី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​បាន​និយាយ​ថា ​ប្រធានាធិបតី​ឥណ្ឌូនេ​ស៊ី​លោក Joko Widodo បាន​ឈ្នះ​ការបោះឆ្នោត​អាណត្តិ​ទី​២។

ក្នុង​ពេល​តវ៉ា​កាលពី​រាត្រី​អង្គារនោះ ក៏បាន​បណ្ដាល​ឲ្យ​មនុស្ស​ ៦​នាក់​បាត់​បង់ជីវិត និង​ជាង ​២០០​នាក់​រង​របួស​ផង​ដែរ ក្រោយពេល​លទ្ធផល​ផ្លូវការ​ត្រូវ​បាន​ប្រកាស​។​ អ្នកនាំពាក្យ​នគរបាលនៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​បាន​និយាយ​ថា មនុស្ស​យ៉ាងហោចណាស់​ ២០នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ​បាន​បង្ក​កុប្បកម្ម​ត្រូវ​បាន​ចាប់ខ្លួន។​ ការ​រាប់​សន្លឹកឆ្នោត​ផ្លូវការ​ត្រូវ​បាន​បញ្ចប់​មុន​ពាក់កណ្ដាល​អធ្រាត្រ ហើយ​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​សាកល​ បាន​ប្រកាស​លទ្ធផល​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​។​ លោក Widodo​ បាន​ឈ្នះ​សំឡេងឆ្នោត 55.5%​ នៃ​ការ​បោះឆ្នោត​កាលពី​ថ្ងៃ​ទី​១៧ ​ខែ​មេសា លើ​គូ​ប្រជែង​អ្នក​ជាតិនិយម​របស់​លោក ​គឺ​អតីត​ឧត្ដមសេនីយ៍លោក​ Prabowo Subianto ដែល​ទទួល​ទទួល​បាន​សំឡេងឆ្នោត 45.5%

លោក ​Subianto ក៏បាន​ចាញ់​លោក Widodo នៅ​ក្នុង​ការបោះឆ្នោត​កាលពី​ឆ្នាំ២០១៤ ផង​ដែរ និង​បាន​ប្ដេជ្ញា​ប្រឆាំង​នឹង​លទ្ធ​ផល​ក្នុង​តុលាការ​កំពូល​របស់​ប្រទេស​នេះ។​ លទ្ធផល​ការបោះឆ្នោតផ្លូវការ​ស្ទើរ​តែ​ដូចគ្នា ​ទៅ​នឹង​លទ្ធផល​បឋមនៃ​ការ​គណនា​ភ្លាមៗ ដែល​យក​គំរូ​តាមទម្រង់ TPS នៅ​ថ្ងៃ​បោះឆ្នោត៕

អត្ថបទ៖ សុខ​មាន