ជួប​គ្នា​លើក​ដំបូង Azarenka ទម្លាក់​នាង Barty ចេញ​ពី​ការ​ប្រកួត Pan Pacific Open នៅ​វគ្គ​ ១៦​នាក់​ចុង​ក្រោយ​

119

​តេន្នីស៖ ​កីឡា​ការិនី Victoria Azarenka និង Ashleigh Barty បាន​ប្រឈមមុខ​ដាក់គ្នា​ជា​លើកដំបូង​ក្នុង​អាជីព ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​ម៉ិ​ញ​នេះ​នៅ​ក្នុង​ជុំ​ ១៦​នាក់​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ Pan Pacific Open ដែល​រៀបចំ​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​។

​​នៅ​ក្នុង​ការប្រកួត​សិត​ទី​១ នាង Azarenka បាន​នាំ​មុខ​មុន 4-3 ហ្គេម​មុន​បន្ត​វាយ​យក​ឈ្នះ 6-4 ដ៏​ល្អ​ទៅលើ​កីឡា​ការិនី Ashleigh Barty​។​ ​ហើយ​ការប្រកួត​បន្ត​ក្នុង​សិត​ទី​២ កីឡា​ការិនី​លេខ៧ ក្នុង​កម្មវិធី Ashleigh Barty ព្យាយាម​ជា​ខ្លាំង ប៉ុន្តែ​យ៉ាងណា​នាង​វាយ​ខូច​បាល់​ជាច្រើន​ដែល​បណ្ដាល​ឲ្យ Azarenak នាំមុខ 4-1 មុន​ពេល​ឈ្នះ​ផ្ដាច់ 6-2 ក្នុង​ការ​ប្រកួត ១៦​នាក់​ចុង​ក្រោយនេះ​។​ ​ដូច្នេះ​តាមរយៈ​ជ័យជំនះ​នេះ​នាង Azarenka បាន​ឡើង​ទៅ​វគ្គ​ ៨​នាក់​ចុងក្រោយ​ដែល​ត្រូវ​ជួប​អ្នកឈ្នះ​រវាង​នាង Caroline Wozniacki ដែល​ជា​ម្ចាស់​ការពារ​តំណែង​ជើងឯក ៣​សម័យ ឬក៏ Camila Giorgi​។​ ​គួរ​បញ្ជាក់​ដែរ​ថា ​នេះ​ជា​ការ​ឡើង​មក​កាន់​វគ្គ​ ៨​នាក់​ចុងក្រោយ​ជា​លើក​ទី៦ ​ហើយ​សម្រាប់​អតីត​លេខ​១​ ពិភពលោក Azarenka រូប​នេះ​នៅ​តូ​ក្យូ​នេះ​៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ