កាណាដា​ចោទ​ប្រកាន់​មី​យ៉ាន់​ម៉ា​ពី​បទ​ប្រល័យ​ពូជសាសន៍​លើ​ជន​ជាតិ​ភាគ​តិច​រ៉ូ​ហ៊ីង​យ៉ា​ ​

916

​កាណាដា៖ ក្រុម​តំណាងរាស្ត្រ​កាណាដាបាន​បោះឆ្នោត​ជា​ឯកច្ឆ័ន្ធ ដើម្បី​ប្រកាស​ថា​វិធានការ​យោធា​សហភាព​មី​យ៉ាន់​ម៉ា មក​លើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ាគឺជា “​ការ​ប្រល័យពូជសាសន៍​”​។

​សភា​កាណាដា​បាន​ឯកភាព​ទៅលើ​ការ​រក​ឃើញ​ នៃ​បេសកកម្ម​ស្វែងរក​ការពិត​របស់​អង្គការ​សហប្រជាជាតិ​ នៅ​សហភាព​មី​យ៉ាន់​ម៉ា​ដែល​ពួកគេ​បាន​រក​ឃើញ​ថា ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ​ត្រូវ​បាន​ធ្វើ​មក​លើ​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ ហើយ​ទង្វើរ​ទាំងនេះត្រូវ​បាន​ដាក់ទណ្ឌកម្ម​ ដោយ​ក្រុម​មេបញ្ជាការ​យោធា​កំពូល​ៗ​ របស់​សហភាព​មី​យ៉ាន់​ម៉ា​។​ ក្រុម​តំណាង​រាស្ត្រ​កាណាដា​បាន​និយាយ​ថា ពួកគេ​ទទួល​ស្គាល់​ថា ឧក្រិដ្ឋកម្ម​ទាំង​អស់​នេះ​ប្រឆាំង​នឹង​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ាគឺ “​ការ​ប្រល័យ​ពូជសាសន៍​” ​ហើយ​ពួកគេ​បាន​ជំរុញ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ ​អង្គការសហប្រជាជាតិលើក​ករណី​មួយ​នេះ ​ទៅកាន់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ​(ICC) ខណៈ​ពេល​ដែល​ពួកគេ​អំពាវនាវ​ផង​ដែរ​ ឲ្យ​ក្រុម​ឧ​ត្ត​ម​សេនីយ៍​មី​យ៉ាន់​ម៉ា ត្រូវ​បាន​គេ​បើក​ការស៊ើបអង្កេត​ និង​ផ្ដន្ទាទោស​សម្រាប់ “​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​”​ របស់​ពួកគេ​។

​លោកស្រី ​គ្រី​ស្តៀ ​ហ្វ្រី​លែ​ន គឺជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កាណាដា​បាន​និយាយ​ថា “​លោកស្រី​ចង់​គូស​បញ្ជាក់​ពី​សោកនាដកម្ម និង​ឧក្រិដ្ឋកម្ម​អាក្រក់​បែប​ណា​លើ​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​”​។​ លោកស្រី​បន្ត​ថា ពួក​លោក​ស្រី​នឹង​ដឹកនាំ​កិច្ច​ខិតខំ​អន្តរជាតិ ដើម្បី​ស្វែងរក​យុត្តិធម៌ និង​ទំនួល​ខុសត្រូវ​សម្រាប់​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​៕
អត្ថបទ៖ សារ៉ាត់