ល្បី​ថា​ត្រលប់​ទៅ Chelsea វិញ Petr Cech ​បង្ហោះ​ពាក្យ​បក​ស្រាយ​លើ​បណ្ដាញ​សង្គម​

93

បាល់ទាត់៖ ​អ្នកចាំទី​ក្រុម​កាំភ្លើង​ធំ Arsenal, PetrCech​ ត្រូវ​បាន​សារព័ត៌មាន​ជាច្រើន​ចុះផ្សាយ និង​មាន​ពាក្យ​ចចាមអារ៉ាមថា នឹង​ត្រលប់​ទៅកាន់​ក្លិប​ចាស់​តោ​ខៀវ Chelsea វិញ​។

​​ជាមួយ​នឹង​រឿងរ៉ាវ​បែបនេះ ស្រប​ពេល Arsenal នឹង​ត្រូវ​ជួប Chelsea នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Europa League នៅ​ថ្ងៃ​ទី​29 ខែ​នេះ​ទៀត​នោះ កីឡាករ​សញ្ជាតិ​ឆេ​ក​រូប​នេះ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Twitter ថា មិន​ថា​ព័ត៌មាន​គេ​ចុះផ្សាយ​បែប​ណា​ទេ នៅ​ពេល​នេះ​អ្វី​ដែល​គេ​ផ្តោត​មួយ​មុខ​គត់​គឺ​ជួយ Arsenal អោយ​ឈ្នះ​ពាន Europa League ចំណែក​រឿង​អនាគត​នឹង​សំរេច​ក្រោយ​ចប់​វគ្គ​ផ្ដាច់ព្រ័ត្រ​។ កីឡាករ​វ័យ 37ឆ្នាំ​ដែល​ធ្លាប់​ឈ្នះ​ពាន Premier League បួន​លើក​ជាមួយ Chelsea រូប​នេះ​ធ្លាប់​បាន​ប្រកាសកាលពី​ប៉ុន្មាន​ខែ​មុន​ថា នឹង​ចូលនិវត្តន៍​ក្រោយ​ចប់​រដូវ​កាល​នេះ តែ​ក្រោយមក​បាន​លើក​ឡើង​ថា អ្វីៗ​នៅ​ចំហ​នៅឡើយ អ្វីៗ​អាច​ប្រែប្រួល​គ្រប់យ៉ាង​ទៅតាម​កាលៈទេសៈ ដូច្នេះ​ចាំ​មើល​ទាំង​អស់​គ្នា ពី​ព្រោះ​ថា​នៅផ្ទះ​អត់​មាន​ការងារ​ធ្វើ​មិន​ទម្លាប់​ឡើយ​។ បើ​តាម​ការ​ចុះ​ផ្សាយ​រប​ស់​សារ​ព័ត៌មាន​អង់គ្លេស​មួយ​ថា Petr Cech​ នឹង​ត្រលប់​ទៅ Chelsea ពិត​មែន​តែ​មិនមែន​ជា​កីឡាករ​ឡើយ គឺជា​នាយក​ផ្នែក​កីឡា​របស់​ក្លិប​។

​​ជុំវិញ​រឿង​នេះ​ដែរ​គ្រូ​បង្វឹក Arsenal លោក Unai Emery ថា​ មិន​មាន​ផល​ប៉ះពាល់​អ្វី​ឡើយ​សំរាប់​ទំរង់​លេង​របស់ Petr Cech​ ពីព្រោះ​អតីត​កីឡាករ​របស់ Chelsea រូប​នេះ​មានការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ជាមួយ​ក្រុម​។ ​​Arsenal ដែល​បានលេខ 5 នៅ Premier League កំពុង​ត្រូវការ​ឈ្នះ​ពាន UEFA Europa League អោយ​បាន​ដើម្បី​មានមុខ​នៅ UEFA Champions League រដូវ​កាល​ក្រោយ ខណៈ Chelsea មាន​កៅអី​ស្រាប់​ក្រោយ​បញ្ចប់​លេខ3 នៅ Premier League

អត្ថបទ​៖​នាង សុភា​វុ​ធ