ក្រុម Down Town អំពាវនាវ​រក​ការ​ឧបត្ថម្ភ​ចេញ​ទៅ​ប្រកួត AFF Futsal នៅ​ថៃ​

103

បាល់ទាត់៖ ក្រុម Down Town Sport ​កំពុង​ហ្វឹកហាត់ត្រៀម​ចូលរួម​ប្រកួត​កីឡា​ហ្វូ​ត​សាល​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍ AFF Futsal Championship 2019 នៅ​ប្រទេស​ថៃតំណាង​ប្រទេស​កម្ពុជានា​ខែ​មិថុនា​ខាងមុខ​។ ប៉ុន្តែ​ដោយសារ​ក្រុម​ជើងឯក​លី​គ​ហ្វូ​ត​សាល​កម្ពុជាឆ្នាំ​២០១៨ នេះមាន​បញ្ហា​ហិរញ្ញវត្ថុ ពួកគេ​បាន​អំពាវនាវ​ស្វែង​រក​ការ​ជួយ​ឧបត្ថម្ភ​ពី​សប្បុរសជន ដើម្បី​សម្រួល​ដល់​បេសកកម្ម​ប្រកួត​លើ​ឆាក​អន្តរជាតិ​លើកដំបូង។

គួរ​ដឹង​ថា ក្រុម Down Town Sport បាន​ទទួល​សិទ្ធិ​ចូលរួម​ប្រកួត​ពាន​ប្រចាំ​តំបន់​អាស៊ាន​នេះ ដោយសារ​ពួក​គេគឺជា​ជើងឯក​លី​គ​ហ្វូ​ត​សាល​កម្ពុជាឆ្នាំ​២០១៨។ ដូច្នេះ Down Town ត្រូវ​ចូលរួម​ប្រកួត​ពានរង្វាន់ AFF Futsal Championship 2019 នៅ​ប្រទេស​ថៃ ដោយមាន ៦​ក្រុម​ចូលរួមចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២៣ ខែ​មិថុនា​ខាងមុខ ក្នុង​នោះ​ក្រុម​តំណាង​កម្ពុជា​នេះស្ថិត​ក្នុង​ពូ​ល B ជាមួយ​ក្រុម Imperial របស់​មី​យ៉ាន់​ម៉ា និង​ក្រុម Melaka United របស់​ម៉ាឡេស៊ី។​ លោក ហ៊​ល សុភ័ក្ត្រ អ្នកចាត់ការ​ក្រុម Down Town Sport បាន​ឲ្យ​ដឹង​ថា ដើម្បី​ត្រៀម​បេសកកម្ម​នេះក្រុម​របស់​លោក​ត្រូវការ​ចំណាយ​ច្រើន អំឡុង​ពេល​ប្រមូលផ្ដុំ​ហ្វឹកហាត់ និង​ការចាយ​វាយ​ផ្សេងៗ។ ទន្ទឹម​ជាមួយគ្នា​ក៏​មាន​ការ​ផ្គត់ផ្គង់​ពី​ប្រធាន​ក្លឹប​ផង​ដែរ ប៉ុន្តែ​ដោយសារ​ការ​ចំណាយ​ច្រើនមិន​អាច​ទប់​ទល់​បាន ​ហេតុ​នេះ​ហើយ​ទើប​ក្លឹប​ស្វែងរក​ការ​ជួយ​ឧបត្ថម្ភ​បន្ថែម។

បើ​តាម​ការ​បញ្ជាក់​រប​ស់​លោក ហ៊​ល សុភ័ក្ត្រ ការ​ចេញទៅ​ប្រកួត​ពានរង្វាន់​ប្រចាំ​តំបន់​អាស៊ាន​នេះ ចំណាយ​គឺ​ប្រមាណ ២​ម៉ឺន​ដុល្លារ តែ​ខាង​ក្លឹប​របស់​លោក​មាន​លទ្ធភាព​ចំណាយ​បាន​ខ្លះ​ប៉ុណ្ណោះ មិន​អាច​រ៉ាប់រង​ទាំង​អស់​នោះ ព្រោះ​ក្រុម Down Town មិន​មាន​ចំណូល​អ្វី​ឡើយ។ ហេតុនេះ​លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា នឹង​មាន​សប្បុរសជន​ចូលរួម​ជាមួយ​បេសកកម្ម​នេះ ដើម្បី​ជំរុញ និង​លើក​ទឹក​ចិត្ត​ក្រុម​ចូល​រួម​ប្រកួត​ប្រជែង​តំណាង​ជាតិ​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត៕

អត្ថបទ៖ លី ឈុន​ឡា