ឯកឧត្តម តូច ចាន់នី លើកឡើងថា វិស័យ​អាណាចក្រ​និង​ពុទ្ធចក្រ​កំពុង​រីកចំរើន​ទន្ទឹមគ្នា​

97

ត្បូងឃ្មុំ៖ ឯកឧត្តម តូច ចាន់នី ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បាន​លើកឡើងថា សព្វថ្ងៃ​កម្ពុជា​មានការ​អភិវឌ្ឍ​ន៍​ទាំង​វិស័យ​អាណាចក្រ និង​ពុទ្ធចក្រ​ដើរ​ទន្ទឹមគ្នា ដែលជា​រឿង​ប្រសើរ​សម្រាប់​សង្គមជាតិ​។​

ការ​លើកឡើង​ដូចនេះ ធ្វើឡើង​នៅ​ចុង​សប្ដាហ៍​កន្លងទៅ ស្របពេល​ឯកឧត្តម តូច ចាន់នី ចូលរួម​ជា​អធិបតី​ក្នុងឱកាស ពិធី​បញ្ចុះបឋមសិលា​ក​សាង​កុដិ​១ ខ្នង ដែលជា​អំណោយ​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​លោកជំទាវ នៅ​វត្ត​ព្រះ​ពន្លា ស្ថិតនៅ​ភូមិ​បទ​ទន្លា ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។

ឯកឧត្ដម តូច ចាន់នី បាន​លើកឡើង ក្នុងឱកាស​នោះ​ថា អំណោយ​ជួយ​កសាង​កុដិ​១ ខ្នង របស់​សម្តេច​ពញា​ចក្រី ហេង សំរិន ពេលនេះ បាន​ជួយ​លើ​វិស័យ​ព្រះពុទ្ធសាសនា ឲ្យ​មាន​ភាពសំបូរ​សប្បាយ​ជាង​មុន និង​កាន់តែ​សម្រួល​ឲ្យ​វិស័យ​មួយ​នេះ កាន់តែ​រីកចម្រើន​ផងដែរ​។​

ឯកឧត្តម ​បានលើកឡើង​ថា វិស័យ​ពុទ្ធចក្រ មានកា​រីកចម្រើន​ជា​បន្តបន្ទាប់ រហូតមកដល់​បច្ចុប្បន្ន ដោយមាន​វត្ត​អារាម​គ្រប់​ទីកន្លែង នៅក្នុង​ប្រទេស​កម្ពុជា និង​ព្រះសង្ឃ​រាប់ម៉ឺន​អង្គ ដែលមាន​ប្រជា​ពុទ្ធបរិស័ទ គោរព​ប្រតិបត្តិ​យ៉ាងច្រើន​។ បច្ចុប្បន្ននេះ វិស័យ​អាណាចក្រ និង​ពុទ្ធចក្រ​គឺ​ត្រូវ​ដើរទៅ​ទន្ទឹមគ្នា មានការ​រីកចំរើន​ស្របគ្នា ខណៈ​សង្គមជាតិ​មាន​សុខសន្តិភាព ផ្ដល់​ភាពសុខសាន្ត​ជូន​ពលរដ្ឋ​គ្រប់រូប​។​

សមិទ្ធផល​នេះ បាន​សបញ្ជាក់​ឱ្យឃើញ​ពី​ការយកចិត្តទុកដាក់ និង​គិតគូរ​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​លើ​វិស័យ​អាណាចក្រ ក៏ដូចជា វិស័យ​ពុទ្ធសាសនា និង​ជា​សមិទ្ធផល​ថ្មី​មួយទៀត​របស់​វត្ត​ព្រះ​ពន្លា បាន​កើត​ចេញពី​សទ្ធា​ជ្រះថ្លា​របស់​ព្រះសង្ឃ ពុទ្ធបរិស័ទ ព្រមទាំង​សប្បុរសជន​គ្រប់ មជ្ឈដ្ឋាន ដើម្បី​ឧទ្ទិស​ជូន​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​៕