OCIC បោះ​ទុន​១៥០​លាន​ដុល្លារ​សាងសង់​ហេដ្ឋា​រចនា​ស​ម្ព័ន្ធ​លើ​ទីក្រុង​រណប​ថ្មី

222

ភ្នំពេញ ៖ ​ក្រុមហ៊ុន ​OCIC ​បាន​បោះ​ទុន​វិនិយោគ​រហូតដល់​១៥០​លាន​ដុល្លារ​អាមេរិក​ ដើម្បី​កសាង​ហេ​ដ្ឋា ​រចនា​ស​ម្ព័ន្ធ​ ក្នុង​ទីក្រុង​រណប​ជ្រោយចង្វារ ​ដែល​ក្រុមហ៊ុន​នេះ​គ្រោង​រៀបចំ​ជាទី​ក្រុង​ពាណិជ្ជកម្ម​ មាន​លក្ខណៈ​ជា​ស្មា​ត​ស៊ី​ធី​។

លោក ​ទូច សំណាង ​អគ្គនាយករង​ក្រុមហ៊ុន​ OCIC​ បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាល​ពីពេល​ថ្មីៗ​នេះ​ថា ក្រុមហ៊ុន​បាន​ចំណាយ​ប្រាក់​ច្រើន ​នៅក្នុង​គំរោង​ទីក្រុង​រណប​នេះ​ដូចជា ​ប្រ​ព័ន្ធ​ផ្លូវ​ដែល​មាន​ប្រវែង​ សរុប​៣០​គីឡូម៉ែត្រ លូ​៦០​គីឡូម៉ែត្រ ​និង​ហេដ្ឋា​រចនា​ស​ម្ព័ន្ធ​ដទៃទៀត​នៅ​ទីក្រុង​រណប​ជ្រោយ​ចង្វារ​សម្រេច​បាន​៧០​ភាគរយ​ហើយ​ ដោយ​ចំណាយ​ទុន​វិនិយោគ​ប្រមាណ​១៥០​លាន​ដុល្លារ​អាមេរិក​។​លោក​ បន្តថា ​ទុនវិនិយោគ​ក្នុង​ទឹកប្រាក់​១៥០​លាន​ដុល្លារ​នេះ ​មិនទាន់​រាប់បញ្ចូល​ការ​ចាក់​ខ្សាច់​បំពេញ​ផ្ទៃដី​ជាង​១០០​ហិកតា ​នៅក្នុង​ទីក្រុង​រណប​នេះ ​ដែល​យើង​គ្រោង​រៀបចំ​ទីក្រុង​នេះ ជា​តំបន់​ពាណិជ្ជកម្ម​ដូច​តំបន់​ស្ថិតនៅ​ស្រប​មហាវិថី​ព្រះមុនីវង្ស ​នាពេល​បច្ចុប្បន្ននេះ​”​។

លោក​ បន្តថា “​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​សាងសង់​ផ្ទះល្វែង​តម្លៃ​ចាប់ពី​១៥ ទៅ​២៥​ម៉ឺន​ដុល្លារ ​និង​អាគារ​ពាណិជ្ជកម្ម​កម្ពស់ ​១០​ទៅ​១២​ជាន់ ​និង​ការិយាល័យ​កណ្តាល​របស់ ​OCIC កំពស់​២០​ជាន់​នៅ​ទីក្រុង​រណប​នេះ​”​។ លោក ​បន្តថា “​ចំណែក​ដំណាក់កាល​បន្ទាប់​ទៀត ​យើង​នឹង​ធ្វើឡើង​បត់បែន​ស្របតាម​ការ​វិវិត្ត​នៃ​សេដ្ឋកិច្ច​សង្គម​កម្ពុជា​”​។

ទីក្រុង​រណប​ជ្រោយចង្វារ​ដំបូង​ឡើយ​មាន​ផ្ទៃដី​៣៨៧​ហិកតា ​ប៉ុន្តែ​ក្រោយពេល​កាត់​ជូន​ប្រជាពលរដ្ឋ និង​កាត់ចេញ​នូវ​ហេ​ដ្ឋា ​រចនា​ស​ម្ព័ន្ធ ​នានា ផ្ទៃដី​ទីក្រុង​រណប​នេះ​នៅ​សល់តែ​១៤០​ហិកតា​ប៉ុណ្ណោះ ក្នុង​នោះ​ផ្ទៃដី​១០​ភាគរយ​នឹង​ទុក​ជូន​ម្ចាស់​ដី​នៅ​តំបន់​នេះ ​ដែល​ពួកគេ​អាច​មក​ទទួល​យកបាន​គ្រប់ពេល​។​នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក​ទូច សំណាង​។

លោក ​ទូច សំណាង​ បាន​បន្តថា​ ទីក្រុង​រណប​ជ្រោយចង្វារ ទីក្រុង​នៃ​អនាគត​ជា​តំបន់​ដែល​ស្ថិត​នៅលើ​ទីតាំង​ដ៏​ល្អប្រសើរ​បំផុត​ ដោយសារ​តំបន់​នេះ​មាន​ទន្លេពី​អម​សងខាង​ ដែល​ផ្តល់​នូវ​លក្ខខណ្ឌ​អាកាសធាតុ​ដ៏​ល្អ​បំផុត ​ពិសេស​ការសាងសង់​ទីក្រុង​នៅ​ស្របតាម​មាត់ទន្លេ​ ឬ​ មាត់សមុទ្រ គឺជា​ជម្រើស​ទី​១​របស់​អ្នក​វិនិយោគ​នានា ​ដើម្បី​ទាក់ទាញ​អតិថិជន ​ក៏ដូចជា​អ្នកជំនួញ​អាច​ប្រកប​អាជីវកម្ម និង​រស់នៅ​ប្រកបដោយ​ភាព​សុខដុម​។

អគ្គនាយក​ក្រុមហ៊ុន​ Century21 Mekong​ លោក​ ច្រឹ​ក សុខ​នី​ម ​បាន​ថ្លែងថា​ តំបន់​ជ្រោយ​ចង្វារ ជា​តំបន់​ដ៏​ល្អ​ដោយសារ​វា​មាន​ទីតាំងនៅ​ជិត​តំបន់​ពាណិជ្ជកម្ម​កណ្តាល​ក្រុង ​ជាងគេ ជា​តំបន់​មាន​លក្ខខ័ណ្ឌ​អាកាសធាតុ​ល្អ ​និង​មាន​ការ​តភ្ជាប់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ យ៉ាង​ប្រសើរ ដែល​ងាយស្រួល​ចេញចូល​ និង​ងាយស្រួល​ធ្វើ​លំហូរ​ចរាចរណ៍​។​លោក​ បន្តថា ដោយសារ​តំបន់​នេះ​មាន​លក្ខ​ខណ្ឌ​អំណោយផល​បែបនេះ ​ទើប​គំរោង​អភិវឌ្ឍន៍​ទី​ក្រង​រណប​ថ្មីៗ ​និង​គំរោង​ខុន​ដូ ​អា​ផាត​ម៉ិ​ន​ជាច្រើន​បាន​និងកំពុង​ដុះដាល​នៅ​តំបន់​នេះ​។

លោក​ បន្តថា “​លោក​ជឿថា ​គំរោង​របស់ ​OCIC​ នឹង​ទទួល​បាន​ជោគជ័យ ដោយសារ​ក្រុមហ៊ុន​មាន​មូលដ្ឋាន​អតិថិជន​ស្រាប់ ​និង​មាន​កេរ្តិ៍ឈ្មោះ​ល្អ ដែល​ធ្វើ​ឲ្យ​គំរោង​អភិវឌ្ឍន៍​របស់​ពួកគេ​តែងតែ​ទទួលបាន​ជោគជ័យ​”៕