រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​ចង់​ឲ្យ​ធនាគារ SMEs ​ដើរតួនាទី​សំខាន់ ជា​ធនាគារ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល

126

ភ្នំពេញ ៖ ​ រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ណែនាំ​ដល់​ក្រុមការងារ​ឲ្យ​យកចិត្តទុកដាក់ ​លើ​ការរៀបចំ​ផែនការ​អាជីវកម្ម​របស់​ធនាគារ​សហគ្រាស​ធុន​តូច ​និង​មធ្យម ​ដើម្បី​ធានា​ ឲ្យ​បាន​ថា ធនាគារ​នេះ​ នឹង​អាច​ដើរតួនាទី​ជា​ធនាគារ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​គាំទ្រ​ដល់​ការ​លើកកម្ពស់​ផលិតភាព​របស់ SMEs និង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ប្រកបដោយ​ប្រសិទ្ធភាព ។

កិច្ចប្រជុំ​ស្តីពី “​ដំណើរការ​នៃ​ការរៀបចំ​បង្កើត​ធនាគារ​សហគ្រាស​ធុន​តូច ​និង​មធ្យម កម្ពុជា​” ​ដែល​ដឹកនាំ​កិច្ចប្រជុំ​ ដោយ ​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ​ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី​២៧ ខែឧសភា​ ឆ្នាំ​២០១៩​ ក្នុងនោះ​អង្គប្រជុំ​បាន​ឯកភាព​ជា​គោលការណ៍​លើ​ផែនការ​អាជីវកម្ម ​និង​ផែនការ​ហិរញ្ញវត្ថុ​មាន​រយៈពេល​ ៣​ឆ្នាំ របស់​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា (​ធ​.​ស​.​ក​.), ការជ្រើសរើស​បេក្ខភាព​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់ (​ធ​.​ស​.​ក​.) និង​ការកំណត់​បេសកកម្ម​របស់​ធនាគារ​នេះ ក្នុង​ការ​ជំរុញ និង​គាំទ្រ​ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុន​តូច ​និង​មធ្យម ជាពិសេស​គាំទ្រ​ដល់ SMEs ដែល​បម្រើ​ដល់​ការនាំចេញ និង​បង្កើត​ខ្សែ​សង្វាក់​តម្លៃ ដែលជា​មូលដ្ឋានគ្រឹះ​នៃ​សេដ្ឋកិច្ចជាតិ ​និង​ការងារ​ចាំបាច់​មួយចំនួនទៀត ដែល​ជា​មូលដ្ឋាន​សម្រាប់​ការបង្កើត​ និង​ដំណើរការ​ធនាគារ​នេះ​។

ពាក់ព័ន្ធ​បញ្ហា​នេះ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ បាន​ផ្តល់​ការណែនាំ​ដល់​ក្រុមការងារ​សម្រាប់​ការងារ​បង្កើត​ ធ​.​ស​.​ក​. ឲ្យ​យកចិត្តទុកដាក់​ទី​ ១៖ ការរៀបចំ​ផែនការ​អាជីវកម្ម​រប​ស់ ធ​.​ស​.​ក​. ដើម្បី​ធានា​ឲ្យ​បាន​ថា ​ធនាគារ​នេះ នឹង​អាច​ដើរ​តួនាទី​ជា​ធនាគារ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ​ក្នុង​ការ​គាំទ្រ​ដល់​ការ​លើក​កម្ពស់​ផលិតភាព​របស់ SMEs និង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ប្រកបដោយ​ប្រសិទ្ធភាព​ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច ​ជាពិសេស គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ ​២០១៥២០២៥ និង​ទី​២៖ ​សិក្សា​អំពី​លទ្ធភាព​ឱ្យ​ធនាគារ ជំរុញ​ការអនុវត្ត​គោលនយោបាយ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ​សម្រាប់ SMEs ដែល​ស្ថិតក្នុង​វិស័យ​អាទិភាព ដូចជា ក​សិ​-​ឧស្សាហកម្ម វិស័យ​ផលិតកម្ម វិស័យ​ទេសចរណ៍ ​ជាដើម ក្នុងការ​អភិវឌ្ឍ SMEs​

សូម​រំលឹក​បញ្ជាក់ថា​ ៖ ក្រោម​ការ​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​របស់ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាល​បានសម្រេច​ផ្តល់​ថវិកា​ចំនួន ​១០០​លាន​ដុល្លារ​អាមេរិក សម្រាប់​ការ​បង្កើត ធ​.​ស​.​ក​. ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ SMEs សំដៅ​ចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព ​និង​បរិ​យា​ប័ន្ន​។ ​ជារួម​មកទល់ពេលនេះ ​ការសិក្សា​អំពី​សមិទ្ធិ​លទ្ធភាព ការ​បង្កើត​ក្របខ័ណ្ឌ​ច្បាប់ និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ ព្រមទាំង​ការរៀបចំ​ផែនការ​អាជីវកម្ម និង​រចនា​សម្ព័ន្ធ​ដឹកនាំ​របស់​ធនាគារ ដើម្បី​ឈាន​ដ៏​ការ​បង្កើត ធ​.​ស​.​ក​. ត្រូវ​បាន​និងកំពុង​រៀ​ប​ចំ​ស្ទើរតែ​បញ្ចប់​ទាំងស្រុង ដោយ​ធនាគារ​នេះ​ត្រូវ​បាន​រំពឹងថា​ នឹង​ចាប់​ដំណើរការ​នាពេល​ដ៏​ខ្លី​ខាងមុខ​៕