មនុស្ស ៦នាក់​ស្លាប់​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​​នៅ​ក្បែរ​​សាលា​បណ្ឌិត​សភា​​យោធា​ក្នុង​ក្រុង​កាប៊ុល

150

អាហ្វហ្គានីស្ថាន៖ អាជ្ញាធរ​អាហ្វហ្គានីស្ថាន​​និយាយ​ថា ក្មាន់​​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ម្នាក់​​បាន​ផ្ដោត​គោល​ដៅ​ វាយប្រហារ​​ទៅ​លើ​សាលា​បណ្ឌិត​សភា​យោធា​ក្នុង​រដ្ឋ​ធានី​កាប៊ុល ​បាន​សម្លាប់​​មនុស្ស​យ៉ាង​ហោច​ណាស់ ៦នាក់។

ក្រ​សួង​មហាផ្ទៃ​បាន​និយាយ​ថា មនុស្ស ៦នាក់​​ផ្សេង​ទៀតបាន​រង​របួស ​ក្នុង​ការ​បំផ្ទុះ​​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។ ​​សេចក្ដីថ្លែងការណ៍​​របស់​ក្រសួង​នេះ​​ឲ្យ​ដឹង​ថា ទាហាន​ម្នាក់​បាន​សំគាល់​ឃើញ​មនុស្ស​គួរ​ឲ្យ​​សង្ស័យ​ម្នាក់ និង​​បាន​ដើរ​ទៅ​​ជិត​ជន​សង្ស័យ​នោះ ​​​ធ្វើ​​ឲ្យ​ជន​វាយប្រហារ​​បំផ្ទុះ​គ្រឿង​ផ្ទុះ​​របស់​ខ្លួន​ នៅ​ក្បែរ​សាលា​បណ្ឌិត​សភា​​យោធា​ម៉ាសាលហ្វាហ៊ីម។ ​លោក ហ្វឺឌូស ហ្វារ៉ាម៉ាស អ្នក​នាំ​ពាក្យ​​ស្នង​ការ​នគរបាល​​ក្រុង​កាប៊ុល​បាន​និយាយ​ថា នគរបាល​​កំពុង​ព្យាយាម​​​យក​ព័ត៌មាន​​​លម្អិត​​ថែម​ទៀត​ អំពី​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ភាគ​ខាង​លិច​ទីក្រុង​កាប៊ុល។

មិន​មាន​ក្រុម​ណា​មួយ​បាន​អះអាង​​ទទួល​ខុស​ត្រូវ​​ភ្លាម​ៗ​ ចំពោះ​ការ​វាយប្រហារ​​នេះ​ទេ ប៉ុន្តែ​​ក្រុម​បះបោរ​​មាន​គោល​ដៅ​​វាយប្រហារ​ ទៅ​លើ​​សាលា​បណ្ឌិត​សភា​​យោធា​នេះ​កាល​ពី​​ពេល​កន្លង​មក។ ​ទាំង​ក្រុម​តាលីបង់​ ទាំង​​ក្រុម​រដ្ឋ​អ៊ីស្លាម​​កំពុង​ធ្វើ​សកម្មភាព​​ក្នុង​ទីក្រុង​កាប៊ុល និង​បាន​បង្កើន​​ដំណាក់​កាល​​វាយប្រហារ​ទ្រង់​ទ្រាយ​ធំៗ ​​ក្នុង​​រដ្ឋ​ធានី​អាហ្វហ្គានីស្ថាន៕

អត្ថបទ៖ រិទ្ធី