សមត្ថកិច្ច​ចម្រុះ ​​ចុះ​ពិនិត្យ​ទីតាំង​ឃ្លាំង​ស្តុប​ទំនិញ នំ​ប្រភេទ កូនក្មេង ក្លែងបន្លំ​ម៉ាក ក្នុង​ក្រុង​សៀមរាប

169

សៀមរាប​៖ កម្លាំង​គណៈកម្មការ​ចម្រុះ មាន​នគរបាល​សេដ្ឋកិច្ច មកពី​ក្រសួង ,​មន្ត្រី​ទីចាត់ការ​អន្តរ​វិស័យ រដ្ឋបាល​សាលាខេត្ត​សៀមរាប កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច​ខេត្ត , មន្ត្រី​កម្ម​កុងត្រូល , មន្ត្រី​រ៉ែ និង ថាមពល រួមទាំង​កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ជ្រាវ ដឹកនាំ​សម្របសម្រួល ដោយ​លោក ថេ​ង សំណាង ព្រះ​រាជអាជ្ញា​រង អម​សាលាដំបូង​ខេត្តសៀមរាប កាលពី​ថ្ងៃទី​៣០ ខែ ឧសភា ឆ្នាំ ២០១៩​ បាន​ចុះ​អនុវត្ត ការត្រួតពិនិត្យ​ឃ្លាំង​ស្តុ​ប​ទំនិញ​មួយកន្លែង ស្ថិតនៅក្នុង​បុរី សៀង ណាំ ផ្ទះ​លេខ​១១៤ ផ្លូវ​លេខ​១២ ស្ថិតនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ដែលមាន​ម្ចាស់​ទីតាំង​ឈ្មោះ ផុ​ក ឆៃ ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ ជា​ជនជាតិខ្មែរ និង ប្រពន្ធ​ឈ្មោះ អ៊ឹង ជូ អាយុ ៣៨​ឆ្នាំ​។

ដោយមាន​ពាក្យបណ្តឹង​របស់​ម្ចាស់​ក្រុមហ៊ុន​ដើម ដែល​ផលិត​នំ​កូនក្មេង ផ្តាច់មុខ​នៅ​រាជធានី​ភ្នំពេញ ដែល​បាន​ត្រូវ​ចុះបញ្ជី​ការត្រឹមត្រូវ ទើប​កម្លាំងចម្រុះ បាន​ចុះ​ឆែកឆេរ រក​ទំនិញ ដែលជា​ប្រភេទ​នំ​កូនក្មេង ត្រូវបាន​ម្ចាស់​ទីតាំង​ខាងលើ បាន​លួច​ផលិត​ក្លែងបន្លំ​ម៉ាក​យកមក ធ្វើចរាចរ​នៅ​ខេត្តសៀមរាប​។​

ក្រោយពី​កិច្ច​ប្រតិបត្តិការ​ចុះ​ឆែកឆេរ និង រកឃើញ​វត្ថុតាង​រួចមក កម្លាំង​ជំនាញ​ក៏បាន​ចោទ​ពីបទ​ល្មើស កម្ម​សិទ្ធ​បញ្ញា ដែល​ក្រុមហ៊ុន បាន​ចុះបញ្ជី​ការត្រឹមត្រូវ ហើយ​ត្រូវបាន​នាំខ្លួន​ឈ្មោះ ផុ​ក ឆៃ ជា​ម្ចាស់​ទីតាំង​ឃ្លាំង​ស្តុ​ប​ទំនិញ​នោះ យកទៅ​សួរ​នាំនៅ​ស្នងការ​នគរបាល​ខេត្ត ព្រមទាំង​បិទ​ទីតាំង​ផ្ទះល្វែង​ទាំងពីរ​ខាងលើ​ជា​បណ្ដោះអាសន្ន​ផងដែរ​។ សូម​បញ្ជាក់ដែរថា ក្នុង​សកម្មភាព​ប្រតិបត្តិ​ការចុះ​ឆែកឆេរ នៅក្នុង​ទីតាំង ឃ្លាំង​ស្តុ​ប​ទំនិញ របស់​កម្លាំង​សមត្ថកិច្ច​នាឱកាស​នោះ បាន​រកឃើញ​នូវ​មុខទំនិញ នំ​កូនក្មេង​ក្លែងបន្លំ​ម៉ាក រួមទាំង​សំបក​ខ្ចប់​វិច ដែលមាន​បោះ​ស្លាក​យីហោ​រួច ព្រមទាំង​ម៉ាស៊ីន​អ៊ុត និង វាយ​កាលបរិច្ឆេទ​ទៀត​ផង​។

ក្នុងនោះដែរ​ កម្លាំង​សមត្ថកិច្ច ក៏បាន​រកឃើញ​នូវ​មុខទំនិញ​ធ្វើ​នំ ពាក់ កណ្តាល​នៃ​ការផលិត​ផងដែរ​។ ក្នុងនោះ​រកឃើញ ទី​១.​នំ​Stick Biscuit កញ្ចប់​ពណ៌​ក្រហម លឿង ចំនួន​៤​ពាន់​៤៨០ កញ្ចប់ ,​ទី​២.​សំបក​វេច​ខ្ចប់ Good Taste (​លឿង ខៀវ​) ចំនួន​០៨​គីឡូក្រាម ,​ទី​៣​សំបក​វេច​ខ្ចប់ Good Taste (​លឿង បៃតង​) ចំនួន​១៨​គីឡូក្រាម ,​ទី​៤.​នំ​សរសៃ​មឹក (​មិនទាន់​វេច​ខ្ចប់​) ១១​គីឡូក្រាម ,​ទី​៥. មី​សេះ​ក្រហម ៤៨​កេស ស្មើ​២​ពាន់​៤០០​កញ្ចប់​គ្មាន​ការ​បរិច្ឆេត ,​ទី​៦.​នំ​ពាក់កណ្តាល​ការផលិត ស្មើ ៥៧៨​គីឡូក្រាម ,​ទី​៧ សំបក​វេច​ខ្ចប់ Showka ពណ៌​លឿង ១៤​គីឡូក្រាម និង ទី​៨ នំកង​បំពង់​មឹក​រួច ដែល​មិនទាន់​វេច​ខ្ចប់ ចំនួន ២៣​ការុង​ធំ​៕​